
Samsung Electronics ទើបតែបានប្រកាសចេញកំពូលស្មាតហ្វូន Galaxy S25 Series ថ្មីៗនេះ ជាមួយការប្រើប្រាស់បន្ទះឈីប Snapdragon 8 Elit For Galaxy ទាំងបីម៉ូដែលតែម្តង នោះក៏ដោយសារតែ Samsung មានបញ្ហាទៅលើការផលិតបន្ទះឈីប Exynos 2500 របស់ខ្លួន ដែលមានគម្រោងក្នុងការប្រើប្រាស់នៅលើ Galaxy S25 និង S25 Plus សម្រាប់ទីផ្សារនានានៅលើពិភពលោក។
ហើយបើតាមរបាយការណ៍កន្លងមកបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងប្រើបន្ទះឈីប Exynos 2500 សម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 7 និង Z Flip 7។
យ៉ាងណាមិញបើតាមការបង្ហោះនៅលើគណនីឈ្មោះថា @PandaFlashPro បានបញ្ជាក់ថា Galaxy Z Fold 7 នឹងប្រើបន្ទះឈីប Snapdragon 8 Elite សម្រាប់ទីផ្សារទាំងអស់នៅលើពិភពលោក។ ដូចនេះ គឺមានន័យថា បន្ទះឈីប Exynos 2500 របស់ Samsung គឺមិនទាន់អាចដោះសា្រយរាល់បញ្ហាសម្រាប់ការផលិតបាននៅឡើយទេ ហើយបន្ទះឈីបនេះ ក៏មិនទាន់អាចប្រើបានសម្រាប់ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីដែលនឹងមកដល់នៅត្រីមាសទីពីរឆ្នាំនេះនៅឡើយទេ។

ជាមួយគ្នានេះ គណនីដដែលក៏បានបង្ហើបទៀតថា Samsung Galaxy Z Fold 7 ក៏នឹងគាំទ្រនូវបច្ចេកវិទ្យាអេក្រង់ ProScaler Display Techដែលប្រើនៅលើ Galaxy S25 Ultra។ បច្ចេកវិទ្យានេះ គឺអនុញ្ញាតិឲ្យអេក្រង់ធ្វើការពង្រីកកម្រិត resolution រាល់មាតិកាកម្សាន្តនៅលើទូរស័ព្ទឲ្យមានគុណភាពច្បាស់សម្រាប់ការទស្សនា។

ទោះជាយ៉ាងណាសម្រាប់កម្រិតពន្លឺអេក្រង់វិញ អាចនឹងរក្សានៅត្រឹម 2,600 peak brightness ដូចអេក្រង់ Galaxy Z Fold 6 បច្ចុប្បន្ននេះដដែល។ ទាក់ទិននឹងទំហំរ៉េម និងម៉េមូរីផ្ទុកក្នុងម៉ាស៊ីនរបស់ Galaxy Z Fold 7 វិញ ត្រូវបានគេដឹងថា អាចនឹងមានជម្រើសដូចគ្នានឹង Galaxy Z Fold 6 បច្ចុប្បន្ននេះផងដែរ គឺរ៉េមទំហំ 12GB ជាមួយម៉េមូរីទំហំចាប់ពី 256GB, 512GB ដល់ 1TB។ សម្រាប់ប្រព័ន្ធកាមេរ៉ាដែលនឹងប្រើនៅលើ Galaxy Z Fold 7 ត្រូវបានគេដឹងផងដែរថា អាចនឹងដូចគ្នានឹងកាមេរ៉ាដែលប្រើនៅលើបងប្អូនគ្រួសារ Galaxy S25 Series ផងដែរ៕
