
ក្រោយពីមានការចែកចាយព័ត៌មានជាច្រើនរបស់ Galaxy S25 Edge ដែលជាស្មាតហ្វូនកម្រ៉ាស់ស្តើងរបស់ក្រុមហ៊ុន Samsung មួយរយៈមក នៅថ្ងៃនេះ ស្មាតហ្វូនបត់បានជំនាន់ទី 7 របស់ក្រុមហ៊ុន Samsung បាននឹងកំពុងតែក្លាយជាប្រធានបទថ្មីហើយសម្រាប់ហ្វេនៗ។ នៅពេលនេះស្មាតហ្វូននេះ ត្រូវគេរំពឹងថា អាចនឹងមានបង្ហាញខ្លួននៅខែកក្កដា ឬខែសីហាខាងមុខនេះផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏គ្រោងនឹងបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ Android 15 នោះ One UI 8 ដែលខ្លួនកំពុងអភិវឌ្ឍដូចគ្នា។ សម្រាប់ Software ថ្មីនេះ ក៏នឹងមានប្រើប្រាស់នៅលើស្មាតហ្វូនបត់បានជាច្រើននាពេលខាងមុខនេះផងដែរ។
យោងតាមការទម្លាយព័ត៌មានថ្មីនៅពេលនេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានដែលមានទម្រង់ដូចសៀវភៅ (book-style foldable) នេះ គឺមានការបង្ហាញខ្លួននៅលើ GeekBench ហើយ ដោយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ Android 16។ គួរបញ្ជាក់ផងដែរ បើមើលទៅលើស្មាតហ្វូនអេក្រង់បត់ាបាន Galaxy Z Fold 6 និង Z Fold 5 បង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 14 និង Android 13 ប៉ុណ្ណោះ។ សម្រាប់វត្តមាននៅលើបញ្ជីតេស្តនេះ បញ្ជាក់ថា ស្មាតហ្វូនបត់បាននេះ គឺមានលេខកូដ SM-F966U ដែលនេះ គឺជាស្មាតហ្វូន Galaxy Z Fold 7 ដែលធ្លាប់បានបង្ហាញខ្លួននៅលើ GeekBench នេះ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Tarun Vats។

នៅក្នុងបញ្ជីខាងលើនេះ បានបន្តទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 16 ជាមួយនឹង One UI 8.0។ បើគិតត្រឹមថ្ងៃនេះ អាចនឹងសល់ពេលត្រឹមតែ 2 ខែទៀតប៉ុណ្ណោះ គឺនៅក្នុងរដូវក្តៅខាងមុខនេះដែលក្រុមហ៊ុន Samsung នឹងបង្ហាញចេញនូវស្មាតហ្វូននេះ។ សូមជំរាបថា បើយោងតាមការបែកធ្លាយកាលពីពេលមុននេះ បានអោយដឹងថា ស្បែក One UI ជំនាន់ថ្មីនេះ អាចនឹងមានការទ្រទ្រង់ទៅលើ lock screen widget, multitasking និង external display management ជាមួយនឹង Samsung DeX ផងដែរ។

ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 នេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm ជាមួយនឹងកូដ “sun” motherboard ដែលនេះ អាចជាបន្ទះឈីប Snapdragon 8 Elite ។ សម្រាប់លក្ខណៈសម្បត្តិនៃអេក្រង់ និងកាមេរ៉ារបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ៕
