
Galaxy Z Fold 7 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា គឺនឹងមានការពង្រឹងសមត្ថភាពទៅលើកាមេរ៉ាកាន់តែខ្លាំង និយាយទៅអាចនឹងដូចគ្នាទៅនឹងកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Ultra ដែលទើបនឹងដាក់លក់កាលពីពេលថ្មីៗនេះដែរ។យោងតាម GalaxyClub បាននិយាយថា Galaxy Z Fold 7 គឺនឹងមានការបំពាក់នូវកាមេរ៉ាគោលដែលមានទំហំធំដល់ទៅ 200-Megapixel ប៉ុនគ្នាជាមួយនិងកាមេរ៉ារបស់ Galaxy S25 Ultra អញ្ចឹង។
ការដាក់នូវសិនស័រថ្មីនេះ ត្រូវបានគេនិយាយថា គឺក្រុមហ៊ុននេះមានគោលដៅចង់អោយស្មាតហ្វូនអេក្រង់បត់បានថ្មីនេះមានសមត្ថភាពខ្ពស់ជាងមុន ដោយអាចថតូបភាព និងវីដេអូ បានច្បាស់ និងមានគុណភាពខ្ពស់ជាងជំនាន់មុន ជាពិសេសគឺទៅលើការផលិតរូបភាពបែប low-light។ ក្រៅពីការបង្កើនទំហំសិនស័រទំហំ 200-Megapixel ទៅលើកាមេរ៉ាគោលនេះ ក្រុមហ៊ុននេះ ក៏មានការពង្រឹងបន្ថែមទៅលើកាមេរ៉ាក្រោមអេក្រង់របស់ស្មាតហ្វូននេះផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា មានសិនស័រធំជាង 4MP ដែលមានស្រាប់ឬយ៉ាងណានោះទេ។

ក្រៅពីកាមេរ៉ាគោល ក្រុមហ៊ុននេះ មិនមានការអាប់ដែតផ្សេងនោះទេ ដោយកាមេរ៉ា ultrawide camera នឹងមានទំហំ 12MP resolution ហើយនិង telephoto lens នឹងមានទំហំ 10MP ដូចអ្វីដែលយើងឃើញចាប់ពី Z Fold 4 មកចឹង។ កាមេរ៉ាមុខលើអេក្រង់ខាងក្រៅក៏នៅតែទំហំ 10MP ដូចគ្នា។ សូមជំរាបថា មុននេះ មានការបញ្ជាក់ថា នៅលើ Z Flip 7 ក៏នឹងមានការពង្រីកនូវសិនស័រ ក៏ដូចជាប្រព័ន្ធជំនួយរូបភាពផងដែរ។ Galaxy Z Fold 7 នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅខែកក្កដាជាមួយនិងសិស្សប្អូន Galaxy Z Flip 7។ ខណៈដែលរបាយការណ៌ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ “tri-fold” នៅមិនច្បាស់ថា នឹងបង្ហាញខ្លួនពេលណានោះទេ។
