
ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា បានកំពុងតែស្វែងរកនូវវិធីសាស្ត្រថ្មី នៅក្នុងការផលិតស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 7 អោយមានរូបរាងកាន់តែស្តើងស្លីមជាងមុន ដោយមិនបាត់បង់នូវការប្រើប្រាស់នូវមុខងារ S Pen នោះទេ។ ខណៈដែលរឿងនេះក៏ធ្លាប់បានកើតឡើងនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីម៉ូដែលពិសេស Galaxy Z Fold Special Edition ម្តងរួចមកហើយ។ តាមពិតទៅក្រុមហ៊ុន Samsung មានគោលដៅក្នុងការសម្រេចបាននូវការដាក់ប៊ិចនៅលើស្មាតហ្វូនអេក្រង់បត់បានយូរមកហើយ។
ថ្មីៗនេះ តាមការបញ្ជាក់ចេញពីប្រភពជាច្រើន បានអោយដឹងថា ក្រុមហ៊ុន Samsung Electronics កំពុងតែពិចារណាក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា Pen Input Technology ដែលមិនចាំបាច់អោយមាននូវ Digitizer ទៀតនោះទេ សម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួនម៉ូដែល Galaxy Z Fold 7 ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2025 ខាងមុខនេះ។ ការបោះជំហាននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Samsung ក្នុងការផលិតស្មាតហ្វូនបត់បានដែលមានកម្រាស់ស្តើងជាងមុនសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនបត់បានរបស់ខ្លួន។

រូមជំរាបថា សម្រាប់ Digitizer នេះ គឺធ្លាប់បានប្រើប្រាស់នូវបច្ចេកវិទ្យា Electromagnetic resonance (EMR) Technology គិតចាប់តាំងពីវត្តមានរបស់ស្មាតហ្វូន Galaxy Z Fold 3 មកម្លេះ។ យ៉ាងណាមិញ បច្ចេកវិទ្យានេះ បានធ្វើអោយស្មាតហ្វូនអេក្រង់បត់បាននេះ កាន់តែមានកម្រាស់ក្រាស់ជាងមុនសម្រាប់ដាក់ប៊ិចផងដែរ។ ដើម្បីដោះស្រាយទៅលើបញ្ហានេះ ក្រុមហ៊ុន Samsung បានពិនិត្យមើលទៅលើបច្ចេកវិទ្យាថ្មី ដែលមានភាពស្រដៀងគ្នាទៅនឹងវិធីសាស្រ្ត Active Electrostatic (AES) របស់ក្រុមហ៊ុន Apple វិញ។ ខុសប្លែកពី EMR សម្រាប់បច្ចេកវិទ្យា AES គឺនឹងធ្វើការផ្លាស់ប្តូរទៅលើបច្ចេកវិទ្យាដែលថាមពលថ្មតូច និងផ្នែកអេឡុចត្រីនិចនេះ ដោយបង្កើតបានជា Electric input។ វាធ្វើអោយកម្រាស់ទៅប៊ិចក្រាស់ជាងមុន និងទាមទារនូវការសាកថ្មផងដែរ។

នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងតែគិតឡើងវិញទៅលើបច្ចេកវិទ្យា Pen Technology សម្រាប់ស្មាតហ្វូនបត់បាន ប៉ុន្តែចំពោះស្មាតហ្វូនស៊េរីថ្មី Galaxy S25 Ultra គឺប្រហែលជាមិនមានការផ្លាស់ប្តូរស្រដៀងគ្នានេះទេ ទៅលើបច្ចេកវិទ្យាថ្មីនេះ។ ស្មាតហ្វូន S25 Ultra នឹងមានភ្ជាប់ជាមួយនឹង Built-in S Pen ជាមួយនឹង digitizer technology ដូចម៉ូដែលមុនៗអញ្ចឹងដែរ។ បច្ចេកវិទ្យាថ្មីនេះ នឹងអាចមានវត្តមាននៅលើស្មាតហ្វូនបត់បាន Fold 7 នៅក្នុងឆ្នាំ 2025 ខាងមុខនេះផងដែរ៕
