
ថ្មីៗនេះជឿជាក់ថាគ្រប់គ្នាប្រាកដជាបានឃើញនូវការឌីស្សាញរូបរាងថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ក្រុមហ៊ុន Samsung ហើយស្របពេលជាមួយគ្នានេះដែរថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយអំពីវត្តមាននិងការបែកធ្លាយនៅលើអ៊ីនធឺណិតរបស់ស្មាតហ្វូន Galaxy Z Fold ជំនាន់ថ្មីផងដែរ។ប្រសិនបើរបាយការណ៍នេះក្លាយជាការពិតនោះស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 8 អាចនឹងក្លាយជាម៉ូដែលមួយមានសមត្ថភាពខ្លាំងក្លាបំផុតសម្រាប់អ្នកប្រើប្រាស់គ្រប់ៗគ្នា។
សូមជំរាបថាស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 ដែលទើបតែប្រកាសនៅលើទីផ្សារនាពេលថ្មីៗនេះត្រូវបានគេមើលឃើញថាគឺជាស្មាតហ្វូនបត់បានដ៏ខ្លាំងក្លាប៉ុន្តែនៅមានចំណុចខ្វះខាតទៅលើ 2 ផ្នែកគឺកាមេរ៉ានិងទំហំថាមពលថ្ម។របាយការណ៍ថ្មីមួយចេញពី DealSite បានអះអាងថាស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 8 នេះអាចនឹងមានថាមពលថ្មទំហំ 5,000mAh ដែលធំជាងស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 មានថ្មទំហំត្រឹមតែ 4,400mAh។
បន្ថែមពីនេះក៏នូវមានពាក្យចចាមអារ៉ាមថ្មីមួយទៀតថាស្មាតហ្វូនបត់អេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 8 នេះអាចនឹងបំពាក់នូវបច្ចេកវិទ្យា Laser-Drilling Metal Plate Technology។សម្រាប់បច្ចេកទេសភាពច្នៃប្រឌិតថ្មីនេះគឺអាចលុបបំបាត់ទៅលើស្នាមផ្នត់នៃអេក្រង់ OLED Display បត់បានរបស់ស្មាតហ្វូននេះ។អ្វីដែលគួរអោយចាប់អារម្មណ៍នោះបច្ចេកវិទ្យានេះនឹងប្រើប្រាស់នៅលើស្មាតហ្វូនបត់បាននេះដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះ។
ចំណុចពិសេសមួយទៀតនោះក្រុមហ៊ុន Samsung អាចនឹងនាំយកស្មាតហ្វូន Z Fold នេះជាមួយនឹងប៊ិក Stylus ផងដែរ។បន្ទាប់ពីការបង្ហាញនូវ S Pen អាចប្រើប្រាស់បាននៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 3 កាលពីឆ្នាំ 2021 នោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះបានដកចេញពីស្មាតហ្វូន Galaxy Z Fold 7 វិញដើម្បីអោយស្មាតហ្វូននេះមានកម្រាស់ស្តើងជាងមុន។យ៉ាងណាមិញសម្រាប់អ្នកដែលស្រឡាញ់ស្មាតហ្វូន S Pen អាចនឹងរីករាយជាមួយនឹងវត្តមានស្មាតហ្វូនបត់បាន Galaxy Z Fold 8 នេះ។

ប្រភពជាច្រើននៅក្នុងឧស្សាហកម្មនេះបានអះអាងថាក្រុមហ៊ុន Samsung ដឹងថាក្រុមហ៊ុន Apple អាចនឹងបញ្ចេញនូវស្មាតហ្វូនបត់បាននៅឆ្នាំក្រោយនេះដូចនេះហើយក្រុមហ៊ុន Samsung អាចនឹងពង្រឹងកាន់តែខ្លាំងក្លាទៅលើស្មាតហ្វូនបត់បាន Galaxy Z Fold 8 ដែលនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 នៅឆ្នាំក្រោយនេះ៕
