
បន្ទាបពីការដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Z Fold 7 និង Z Flip 7 រួចមកនៅថ្ងៃនេះ ក្រុមហ៊ុនម៉ាកយីហោប្រណិត Caviar បានបង្ហាញនូវ Collection ថ្មីរបស់ស្មាតហ្វូនថ្មីនេះហើយ។ សម្រាប់ Collection នេះគឺមានការឌីស្សាញជា មួយរូប “Cosmic Cabubu” ដោយបំពាក់នូវមាស 24k Gold បំណែកអាចម៍ផ្កាយ ពេជ្រធម្មជាតិ និងភាពស្មុគស្មាញនៃការលម្អិតទៅលើស្មាតហ្វូនបត់បានចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung នេះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ គឺមានចាប់ពី $8,910 និងដល់ទៅ $10,340 ដែលធ្វើអោយស្មាតហ្វូននេះ ក្លាយជា collection ថ្មីបំផុតដែលក្រុមហ៊ុន Caviar បានបង្កើតឡើងនៅក្នុងចំណោមស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung។
សម្រាប់ collection នេះគឺមានការជម្រុញចេញពី Cabubu ដែលជាតួអង្គដ៏ពេញនិយមដែលបង្កើតឡើងដោយវិចិត្រករដ៏ល្បីរបស់ហុងកុង Kasing Lung។ សូមជំរាបថា តុក្កតា Labubu ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើពិភពលោកសម្រាប់ឆ្នាំ 2025 នេះដោយសារតែការបង្ហាញវត្តមាននៅលើបណ្តាញសង្គមដោយតារាល្បីៗដូចជា Rihanna និង Dua Lipa ។ ក្រុមហ៊ុន Caviar បានដាក់តួអង្គនេះចូលទៅក្នុង version របស់ខ្លួនដែលមានឈ្មោះហៅថា Cabubu។ ក្រុមហ៊ុននេះ ក៏មានការឌីស្សាញស្មាតហ្វូននេះ ជាទម្រង់ភពផ្សេងគ្នាគឺភព Venus និង Mars ដែលបង្ហាញអំពីភាពស្រស់ស្អាតខ្លាំងមែនទែន។

ស្មាតហ្វូន Samsung Galaxy Z Fold 7 “Labubu on Mars” នេះមានតួខ្លួនទីតាញ៉ូមជាមួយនឹងការប្រើប្រាស់នូវ PVD coating របស់ប្រទេសស្វីស។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានបង្ហាញនូវ Zimomo 3D ដែលមានប្រើប្រាស់នូវ 24K Gold ដែលទំហំ 256GB គឺមានតម្លៃចាប់ពី $10,340 ។ សម្រាប់ស្មាតហ្វូន Galaxy Z Flip 7 “Cabubu on Venus” វិញប្រើប្រាស់នូវទីតាញ៉ូមពណ៌ខ្មៅ និងពណ៌មាស។ វាក៏មានការឌីស្សាញជាមួយនឹងពេជ្រចំនួន ១៣ គ្រាប់ អាចម៍ផ្កាយ រួមជាមួយនឹងវត្ថុធាតុដើមកម្ររធ្វើដោយដៃថែមទៀត។ សម្រាប់ version នេះមានតម្លៃចាប់ពី $8,910 សម្រាប់ទំហំ 256GB ។

ស្មាតហ្វូន Galaxy Z Fold 7 មានអេក្រង់ទំហំ 8-អ៊ីង AMOLED display, Snapdragon 8 Elite for Galaxy និងកាមេរ៉ាគោលទំហំ 200MP។ ស្មាតហ្វូន Z Flip 7 មានអេក្រង់ទំហំ 6.9-អ៊ីង AMOLED screen, Exynos 2500 និងកាមេរ៉ា 50MP ជាមួយនឹង Galaxy AI ផងដែរ។ ក្រុមហ៊ុន Caviar បញ្ជាក់ថា ស្មាតហ្វូននីមួយៗគឺជាប្រភេទ Limited Edition ដែលមានចំនួនផលិតត្រឹមតែ 8 គ្រឿងប៉ុណ្នោះ៕
