ស្វែងរកពួកយើង:

Galaxy Z TriFold ស្មាតហ្វូនអេក្រង់បត់ 3 តង់ដំបូងរបស់ Samsung ត្រូវបានដាក់បង្ហាញ!

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2025 11:45 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីមានការបែកធ្លាយ ហើយនិងពាក្យចចាមអារ៉ាមជាច្រើនអស់រយៈពេលជាច្រើនឆ្នាំរួចមក នៅទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានត្រៀមខ្លួននៅក្នុងការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ខ្លួនជាផ្លូវការណ៌ហើយ។ បើមើលទៅលើស្មាតហ្វូនបត់បាន Galaxy Z TriFold នេះ ត្រូវបានបង្ហាញចេញនៅមុនព្រឹត្តិការណ៍ APEC 2025 ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗនេះ។
សូមជំរាបថា នៅមុនព្រឹត្តិការណ៍ APEC 2025 នេះ ក្រុមហ៊ុន Samsung ក៏បានទម្លាយរូបរាងរបស់ស្មាតហ្វូនបត់បាន 3 តង់ Galaxy Z TriFold ជាលើកដំបូងបំផុតផងដែរ ដោយស្មាតហ្វូនថ្មីនេះ គឺត្រូវបានដាក់បង្ហាញនៅក្នុងប្រអប់កញ្ចក់ ដែលមិនទាន់មានអ្នកណាម្នាក់អាចប៉ះស្មាតហ្វូននេះបានទេ។ ស្មាតហ្វូនអេក្រងបត់ 3 តង់នេះ ត្រូវបានក្រុមហ៊ុនដាក់បង្ហាញជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ K-Tech Showcase ដែលជាព្រឹត្តិការណ៍មួយផ្នែកនៃ APEC នៅក្នុង Gyeongju Expo Park Air Dome នៅវេលាម៉ោង 9 ព្រឹកនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
Article image
យោងតាមរូបភាពថ្មីមួយដែលបានទម្លាយចេញពី @UniverseIce ដែលសារព័ត៌មាន Chosun Media ថតបាននៅក្នុងព្រឹត្តិការណ៍នោះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy Z TriFold អាចប្រែក្លាយស្មាតហ្វូនដែលមានអេក្រង់ទំហំ 6.5 អ៊ីងទៅកាន់ថេប្លេតដែលមានអេក្រង់ទំហំ 10 អ៊ីងបាន។ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ គឺមានបំពាក់នូវគន្លឹះចំនួន 2 ដែលអាចបិទ និងបើកបានប្រកបដោយភាពរឹងមាំបំផុត។
Article image
នៅក្នុងសេចក្តីប្រកាសផ្លូវការចេញពី SamMobile នោះ ក្រុមហ៊ុន Samsung បាននិយាយថា ក្រុមហ៊ុន Samsung នឹងបន្តក្នុងការផ្តោតទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យា AI ដែលនឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ តាមការអភិវឌ្ឍទៅលើ R&D នេះ យើងមានគម្រោងក្នុងការបញ្ចេញនូវឧបករណ៍ជំនាន់ថ្មីដ៏អស្ចារ្យបន្ថែមទៀតទៅកាន់អ្នកប្រើប្រាស់នៅឆ្នាំនេះ។ ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅសប្តាហ៍នេះ ហើយអាចនឹងលក់នៅខែក្រោយនេះ នៅក្នុងទីផ្សារមួយចំនួនដូចជា ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ៕