នៅពេលនេះក្រុមហ៊ុន Geely បានបញ្ចេញរូបរាងផ្លូវការណ៍ឡានប្រភេទ off-road SUV ស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះជាភាសាចិនហៅថា Zhanjian 700 ប្រែជាភាសាអង់គ្លេសគឺ Battleship 700។ Battleship 700 នឹងក្លាយជាដៃគូប្រកូតប្រជែងទីផ្សារជាមួយនឹងឡាន off-road ស៊េរីថ្មីៗដូចជា Toyota Prado, GWM Tank 500, BYD Denza B5 SUVs, Land Rover Defender និង Ford Bronco ជាដើម។


Geely Battleship 700 នឹងនាំចេញទៅលក់នៅទីផ្សារផ្សេងក្រៅពីប្រទេសចិនក្រោមឈ្មោះថ្មីថា Galaxy Cruiser 700 នេះបើតាមការបញ្ជាក់ពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន។ Geely បានឲ្យដឹងថា Battleship 700 ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹងប្រភេទ ladder-frame chassis ដែល Toyota បានប្រើសម្រាប់ផលិតម៉ូដែល Toyota Prado។ ផ្អែកទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Geely Battleship 700 គឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងម៉ូដែល Land Rover Defender និង Ford Bronco ដែរ។ ដោយក្នុងនោះសម្រាប់ចង្កៀងខាងមុខ និងខាងក្រោយមានការឌីស្សាញដូចគ្នានឹង Land Rover Defender ខណៈទម្រង់នៃស៊ុមកញ្ចក់ទ្វារ និងផ្ទាំងប៉ាណាមុខមានភាពដូចគ្នានឹង Ford Bronco។

ប៉ុន្តែ ចំនុចដែលខុសគ្នាពី Land Rover Defender និង Ford Bronco គឺត្រង់ថា Geely Battleship 700 គឺជា off-road SUV ដែលដំណើរការដោយប្រើអគ្គិសនីសុទ្ធជាមួយការបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន 3 ដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ ឬ 4WD។ ទោះជាយ៉ាងណា Geely មិនបានបង្ហាញព័ត៌មានលម្អិតអំពី Battleship 700 នោះទេ។ យ៉ាងណាមិញ បើតាមការដាក់បង្ហាញគំរូដំបូងសម្រាប់ Galaxy Cruiser 700 នៅឆ្នាំ 2025 ក្នុងព្រឹត្តិការណ៍ Shanghai Auto Show ក្រុមហ៊ុនបានបញ្ជាក់ថា វាក៏នឹងមានម៉ូដែលប្រើបច្ចេកវិទ្យា Plug-in-hybrid ជាមួយបច្ចេកវិទ្យាគ្រប់គ្រងថាមពលឆ្លាតវៃ ឬ AI Power Management ផងដែរ។
នៅថ្ងៃនៃការបង្ហាញគំរូ Galaxy Cruiser concept ឆ្នាំ 2025 ក្នុងព្រឹត្តិការណ៍ Shanghai Auto Show ក្រុមហ៊ុន Geely បានរាយបញ្ជីលក្ខណៈបច្ចេកទេសមួយចំនួនរបស់ Galaxy Cruiser 700 ដែលមានដូចជាប្រព័ន្ធគ្រប់គ្រងកង់ទាំងបួនដោយឯករាជ្យ ឬ independently Controlled four-wheel steering, ការបើកបរដំណើរក្តាម “Crab-walk”, សមត្ថភាពបង្វិលខ្លួនបាន 360 ដឺក្រេនៅមួយកន្លែង, អាចបើកក្នុងទឹកបានជម្រៅ 800mm ក៏ដូចជាអាចបើករលើផ្ទៃទឹកបានក្នុងល្បឿន 8.5km/h និងសមត្ថភាពក្នុងការបណ្តែតខ្លួនលើទឹកបានរហូតដល់ពីរម៉ោងជាដើម។

បន្ថែមពីនេះ Galaxy Cruiser 700 ក៏មានប្រើប្រព័ន្ធប៊ូម height-adjustable suspension អាចដំឡើង ឬទម្លាក់កម្ពស់រថយន្តបាន,មុខងារកំណត់ល្បឿនបើកបរយឺត “low-range gearing mode”, ប្រព័ន្ធចាក់សោរកង់ក្រោយ “rear-wheel locking tight-turn” និងចាក់សោរប៉ុងក្រោយ “rear differential lock” ថែមទៀតផង៕
