ស្វែងរកពួកយើង:

Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

ដោយ

Koun Jab Luffy

03 មករា 2026 09:44 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពី BYD បានប្រកាសពីតួរលេខនៃការលក់រថយន្តប្រចាំឆ្នាំ 2025 របស់ខ្លួន ដែលមានចំនួនដល់ទៅជាង 4.6 លានគ្រឿង ស្រាប់តែក្រុមហ៊ុនរួមស្រុក Geely Auto ក៏បានប្រកាសពីភាពជោគជ័យនៃការលក់រថយន្តប្រចាំឆ្នា 2025 របស់ខ្លួនផងដែរ ដោយលក់បានសរុបចំនួន 3.0246 លានគ្រឿង ដែលធ្វើឲ្យការលក់ប្រចាំឆ្នាំមានកំណើនប្រមាណ 39% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងទិន្នន័យនេះ ក៏បានបង្ហាញផងដែរថា ការលក់រថយន្តដំណើរការដោយថាមពលថ្មី ឬ New Energy Vehicles (NEVs) របស់ Geely ក៏មានការកើនឡើង 90% ពីមួយឆ្នាំទៅមួយឆ្នាំផងដែរដោយលក់បានសរុបចំនួន 1.6878 លានគ្រឿង។ ដោយក្នុងនោះសម្រាប់ម៉ាករថយន្ត Geely ផ្ទាល់បានរួមចំនែកក្នុងការលក់សរុបបានចំនួនដល់ 2.4499 លានគ្រឿង ហើយក្នុងនោះមានម៉ាក Geely China Star បានសម្រេចការលក់ប្រចាំឆ្នាំចំនួន 1.2141 លានគ្រឿង ដែលបង្ហាញពីការកើនឡើង 3% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនិងលក់បានលើសពីគោលដៅ "Million China Star" របស់ខ្លួនដោយជោគជ័យ។ ម៉ាក Geely Galaxy លក់បានចំនួន 1.2358 លានគ្រឿង កើនឡើង 150% ពីមួយឆ្នាំទៅមួយឆ្នាំ។
Article image
ដោយឡែកម៉ាកយីហោរថយន្តរងរបស់ Geely Auto ដូចជា Lynk & Co លក់បានចំនួន 350,500 គ្រឿង កើនឡើង 23% ធៀបនឹងឆ្នាំ 2024 ហើយ ក្នុងនោះម៉ាក Lynk & Co ប្រភេទ NEV លក់បានចំនួន  227,800 គ្រឿង កើនឡើង 36% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយសម្រាប់ម៉ាករថយន្តអគ្គិសនីប្រណិត Zeekr វិញ លក់បានចំនួន 224,100 គ្រឿង ក្នុងឆ្នាំ 2025។ Zeekr ទទួលបានភាពជោគជ័យខ្លាំងក្នុងខែធ្នូ ឆ្នាំ 2025 ដោយបាននាំចេញរថយន្តចំនួន 30,300 គ្រឿង។ ក្នុងឆ្នាំ 2025 ដដែល Geely Auto បានធ្វើការនាំចេញ និងចេញលក់រថយន្តនៅលើទីផ្សារក្រៅស្រុកបានចំនួន 420,100 គ្រឿងផងដែរ។
Article image
ទន្ទឹងនឹងភាពជោគជ័យនៃការលក់ក្នុងឆ្នាំ 2025 កន្លងទៅ Geely Auto ក៏បានដាក់គោលដៅក្នុងការលក់រថយន្តរបស់ខ្លួនបានយ៉ាងហោចណាស់ក៏ 3.45 លានគ្រឿង ក្នុងឆ្នាំ 2026 នេះ ដែលតួរលេខនេះ គឺមានកំណើនប្រមាណ 14% ធៀបនឹងការលក់ក្នុងឆ្នាំ 2025។ នៅក្នុងគម្រោងនៃការលក់ក្នុងឆ្នាំ 2026 នេះ Geely Auto បានធ្វើបែងចែកចំនួនកំណត់នៃការលក់ម៉ាកយីហោផ្សេងគ្នាក្នុងនោះ ម៉ាករថយន្ត Geely ផ្ទាល់មានប្រមាណ 2.75 លានគ្រឿង, ម៉ាកយីហោរង Lynk & Co ចំនួន 400,000 គ្រឿង និង Zeekr ចំនួន 300,000 គ្រឿង។ ជាមួយគ្នានេះ Geely ក៏រំពឹងថា ការលក់រថយន្តប្រភេទ NEV ឆ្នាំ 2026 អាចនឹងមានចំនួន 2.22 លានគ្រឿង កើនឡើង 32% ធៀបនឹងការលក់ NEV ក្នុងឆ្នាំ 2025៕
Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%