ស្វែងរកពួកយើង:

Geely Farizon SV Supervan រថយន្តពាណិជ្ជកម្មថ្មីត្រៀមចេញលក់នៅចក្រភពអង់គ្លេស

ដោយ

Koun Jab Luffy

16 ធ្នូ 2024 03:09 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តប្រភេទពាណិជ្ជកម្ម ឬ Commercial Vehicle ដែលជាបុត្រសម្ព័ន្ធរបស់ Geely ដែលមានឈ្មោះថា Farizon បាននឹងកំពុងត្រៀមខ្លួនក្នុងការចេញលក់រថយន្តអាជីពកម្មស៊េរីថ្មីដំណើរការដោយថាមពលអគ្គិសនី ឬ electric van ឈ្មោះថា Farizon SV នៅទីផ្សារចក្រភពអង់គ្លេស ដែលជាទីផ្សារដ៏មានប្រជាប្រិយភាពបំផុតរបស់ Ford E-Transit  Custom និង Vauxhall Vivaro Electric។
Farizon SV Van នឹងផ្តល់ជូននឹងជម្រើសនៃការលេងតួរខ្លួនចំនួនបីប្រភេទផ្សេងគ្នា និងជម្រើសកញ្ចប់ថ្មពីរទំហំផ្សេងគ្នាជាមួយសមត្ថភាពអាចបើកបានចម្ងាយផ្លូវ 362 គីឡូម៉ែត្រ។ រថយន្តពាណិជ្ជកម្ម ឬ Commercial Vehicle ថ្មីនេះ ត្រូវបានផលិតឡើងដោយឈរនៅលើប្រព័ន្ធរថយន្តដំណើរការដោយថាមពលអគ្គិសនី ឬ electric vehicle platform ដែលមានការភ្ជាប់កញ្ចប់ថ្មស្ថិតនៅផ្នែកខាងក្រោមនៃកន្លែងផ្ទុកទំនិញ។ Farizon SV មានដំបូលត្រូវបានរចនាឡើងបែបរាបស្មើរ ជាមួយនឹងកាប៊ីនអង្គុយ និងកន្លែងដាក់អីវ៉ាន់ខាងក្រោយធំទូលាយ។
រថយន្ត Van ស៊េរីថ្មីនេះមានជម្រើស Small-sized ដែលមានបណ្តោយខ្លួន 4.99m និងកម្ពស់ 1.98m, Medium-sized មានបណ្តោយ 5.48m និងកម្ពស់ 2.18mm ហើយនិងម៉ូដែល large-sized មានបណ្តោយ 5.95m និងកម្ពស់ 2.5m។ បើធៀបនឹងរថយន្ត Van របស់ Ford គឺ E-Transit Custom ដែលមានកម្ពស់ 1.97m ជាមួយជម្រើស 5.05m និង 5.45m។ Farizon SV មានទំងន់ចាប់ពី 1,100kg ដល់ 1,300kg តាមជម្រើសម៉ូដែលរៀងគ្នា។
សម្រាប់សមត្ថភាពក្នុងការផ្ទុក និងដឹកទំនិញវិញ គឺអាចធ្វើបានចន្លោះពី 6,900 លីត្រទៅដល់ 13,000 លីត្រ។ ដែលនេះអាចធ្វើឲ្យ Farizon SV ក្លាយជាជម្រើសរថយន្ត Van សម្រាប់ការប្រើប្រាស់នៅក្នុងផ្នែកអាជីវកម្មជាច្រើន រាប់ចាប់ពីក្រុមហ៊ុនដឹកជញ្ចូន និងក្រុមហ៊ុនពាណិជ្ជករ។
Farizon SV Van របស់ Geely មានជម្រើសកញ្ចប់ថ្មចំនួនពីរទំហំ គឺ 67kWh និង 83kWh ដែលត្រូវបានគេដឹងថា សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 362 គីឡូម៉ែត្រ។ លើសពីនេះទៅទៀត Geely-Farizon ត្រូវបានគេដឹងថា ក៏នឹងមានបន្ថែមជម្រើសម៉ូដែលមានកញ្ចប់ថ្មទំហំធំដល់ 106kWh មួយផ្សេងទៀតផង។ នៅផ្នែកកាប៊ីនរបស់ Farizon SV មានកៅអីដែលអាចអង្គុយបានមនុស្សបីនាក់ទាំងអ្នកបើកបរ មានអេក្រង់កម្សាន្តទំហំធំនៅកណ្តាល និងអេក្រង់បង្ហាញព័ត៌មានសំខាន់ៗរបស់រថយន្ត។  នៅទីផ្សារប្រទេសចិន Farizon ក៏មានចេញលក់រថយន្តក្រុងប្រភេទ minibus ដែលមានជម្រើស 7-កៅអី និង 9-កៅ ព្រមជាមួយរថយន្តប្រភេទ Camper Van ផងដែរ។ ទោះជាយ៉ាងណា គេមិនទាន់ដឹងថា ម៉ូដែល minibus និង Camper Van នឹងមានចេញលក់សម្រាប់ទីផ្សារចក្រភពអង់គ្លេសនោះទេ។
Article image
ចំពោះតម្លៃរបស់ Farizon SV Van មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ គ្រាន់តែមានការសន្និដ្ឋានថា អាចមានតម្លៃធូរថ្លៃជាង Ford E-Transit Custom ដែលមានតម្លៃ €53,377 (តម្លៃមិនរាប់បញ្ចូលអាករ) និង Vauxhall Vivaro Electric ដែលមាម €61,480 (តម្លៃបូកបញ្ចូលពន្ធអាកររួច)។ រថយន្ត Commercial ស៊េរីថ្មី Farizon SV នឹងត្រូវបានលក់ដោយក្រុមហ៊ុន Jameel Motors ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយនឹងផ្តើមធ្វើការចែកចាយនៅពាក់កណ្តាលឆ្នាំ 2025៕
Geely Farizon SV Supervan រថយន្តពាណិជ្ជកម្មថ្មីត្រៀមចេញលក់នៅចក្រភពអង់គ្លេស