
កាលពីថ្ងៃទី 19 ម្សិលមិញនេះ រថយន្ត Plug-in-hybrid Sedan ស៊េរីថ្មីម៉ូដែល Galaxy Starshine 8 EM-P របស់ក្រុមហ៊ុន Geely ត្រូវបានបង្ហាញវត្តមានផ្លូវការណ៍នៅលើបញ្ចីលក់របស់ស្ថាប័ន MIIT ដោយមានជម្រើសចំនួនពីរម៉ូដែល។ រថយន្តស៊េរីថ្មីនេះ គឺម៉ូដែល Plug-in-hybrid ចេញពីម៉ូដែល Geely Galaxy E8 ហើយក៏ជាផលិតផលដំបូងក្នុងគ្រួសារ Galaxy របស់ Geely ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា NordThor EM-P system។
Galaxy Starshine 8 ត្រូវបានគេដឹងថា ជារថយន្ត Plug-in-hybrid ឬ PHEV ដែលជាដៃគូប្រជែងទីផ្សារជាមួយនឹងម៉ូដែល BYD Han L។ ថ្មីនេះ រូបភាពរបស់ Galaxy Starshine 8 EM-P ត្រូវបានគេទម្លាយចេញជាលើកដំបូង។ រថយន្ត PHEV ស៊េរីថ្មីរបស់ Geely នេះ គឺមានបណ្តោយ 5,018mm/ ទទឹង 1,918mm/ កំពស់ 1,480mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,928mm ជាមួយទំងន់សរុប 1908 kg និង 1950 kg ទៅតាមជម្រើសម៉ូដែលនីមួយៗ។ Galaxy Starshine 8 EM-P ប្រើប្រាស់សម្បកកង់ខ្នាត 235/50R18 ឬ 245/45R19 ដែលមានកម្រិតមុំខាងមុខ 13 ដឺក្រេ និងមុំខាងក្រោយ 15 ដឺក្រេ។
ការរចនាខាងក្រៅរបស់ Galaxy Starshine 8 EM-P មានភាពប្រណិតទាន់សម័យ ដោយនៅលើដំបូលខាងលើមានបំពាក់សែនស័រ LiDAR ដែលដំណើរការជាមួយប្រព័ន្ធសែនស័រកាមេរ៉ាជុំវិញរថយន្ត ដើម្បីគាំទ្រជាមួយមុខងារជំនួយការបើកបរឆ្លាតវៃ (Intelligent driving)។ ផ្នែកចំហៀងបានបំពាក់នូវទ្វារដែលមានដៃលឹមចូល hidden-door-handles ដែលជារចនាបទរថយន្តសម័យថ្មី។ រីនៅផ្នែកខាងក្នុង Galaxy Starshine 8 EM-P ត្រូវបាន គេរំពឹងថា ប្រើប្រាស់នូវប្រព័ន្ធដំណើរការ Flyme Auto smart cockpit system។
ទាក់ទងនឹងថាមពលកំលាំងវិញ Geely Galaxy Starshine 8 EM-P ត្រូវបានដំណើរការដោយប្រព័ន្ធ Hybrid កម្រិតខ្ពស់ NordThor EM-P system របស់ Geely ផ្ទាល់ ដែលភ្ជាប់ដំណើរការនៅលើម៉ាស៊ីន BHE15-BFZ ទំហំ 1.5L Engine មានកំលាំង 120kW ឬ 161 សេះ និងរួមដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកំលាំង 160kW ឬ 215 សេះ។

រថយន្តស៊េរីថ្មីនេះ បំពាក់នូវកញ្ចប់ថ្ម lithium iron phosphate batteries ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ដែលនឹងមានជម្រើសទំហំ 18.4 kWh និង27.69 kWh។ បើតាមការបញ្ជាក់ពីស្តង់ដាររបស់ស្ថាប័ន CLTC ការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 104km និង 161km ដោយប្រើថាមពលថ្មសុទ្ធ។ Galaxy Starshine 8 EM-P អាចជាន់ល្បឿនលឿនបំផុតបានដល់ 200km/h។ ទោះជាយ៉ាងណា Geely មិនទាន់បង្ហើបពីតម្លៃ និងកាលបរិច្ឆេទចេញលក់ Galaxy Starshine 8 EM-P របស់ខ្លួននៅឡើយទេ៕
