ស្វែងរកពួកយើង:

Geely Galaxy V900 បានបំបែកកំណត់ត្រា Guinness World Record ដែលជិះបានមនុស្សដល់ទៅ 42 នាក់

ដោយ

Koun Jab Luffy

28 វិច្ឆិកា 2025 08:06 ព្រឹក

អាន 3 នាទី

Article image
Taxi Bus អែបគៀនសិន កុំនៅត្រេនត្រំកុំអោយខ្មាស់ Geely Galaxy V900 ធ្វើអ្វី ត្បិតអី ឡានប្រភេទ minivan ស៊េរីថ្មីមួយនេះ មានសមត្ថភាពខ្ពស់មិនចាញ់ Taxi bus ឡើយ ដោយអាចជិះបានមនុស្សរហូតដល់ទៅ 42 នាក់ឯណោះ។ ជាការពិតណាស់ថ្មីៗនេះ ក្រុមហ៊ុន Geely ទើបតាមបានធ្វើការបង្ហាញចេញវីដេអូស្តីពីឡាន Galaxy V900 minivan ថ្មីរបស់ខ្លួនដែលបានបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាឡាន minivan ដែលអាចជិះបានមនុស្សចំនួនដល់ទៅ 42 នាក់ឯណោះ។
បើ Geely បានបញ្ជាក់ថា Galaxy V900 គឺជាឡាន minivan ដែលមានទំហំផ្ទៃខាងក្នុងធំទូលាយជាងឡាន minivan ណាណាទាំងអស់ ដោយផ្ទៃខាងក្នុងរបស់ V900 គឺមានផ្ទៃក្រឡាដល់ទៅ 8.41m2 ដែលផ្តល់នូវភាពទូលាយល្អបំផុតប្រមាណជា 91.8% ធៀបនឹងតួរឡានទាំងមូល។ ហើយបើតាមការបញ្ជាក់ពី Geely Galaxy បានឲ្យដឹងទៀតថា សម្រាប់ចំនួនមនុស្សទាំង 42 នាក់ដែលបានចូលក្នុង V900 គឺមានកម្ពស់ជាមធ្យម 170cm ហើយសុទ្ធសឹងតែជានារីអ្នករាំ។
Geely Galaxy V900 ជារថយន្តប្រភេទ EREV-Minivan ម៉ូដែលថ្មីបន្ទាប់ពីម៉ូដែលអគ្គិសនីសុទ្ធ LEVC L380 ដែលជាប្រភេទឡាន MPV។ Galaxy V900 ត្រូវបានក្រុមហ៊ុនស្នើរសុំអាជ្ញាប័ណ្ណលក់ក្នុងប្រទេចិនកាលពីថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2025 និងបានបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show កាលពីថ្ងៃទី 21  ខែវិច្ឆិកា ឆ្នាំ 2025 ថ្មីៗនេះ។
Article image
Galaxy V900 បានបែកកំណត់ត្រា Guinness World Record របស់ Toyota RAV4 ដែលអាចផ្ទុកមនុស្សបាន 41 នាក់កាលពីឆ្នាំ 2015 ខណៈ Volkswagen Campervan អាចផ្ទុកមនុស្សបានចំនួន 50 នាក់នៅក្នុងតែមួយជាមួយ RAV4 ដែរ។ Galaxy V900 មានបណ្តោយតួរខ្លួន 5,360mm/ ទទឹង 1,998mm/ កំពស់ 1,940 mm និងមានគម្លាតកង់មុខទៅកង់ក្រោយ 3,200mm។
ឡាន minivan ថ្មីនេះមានជម្រើសកៅអី 3 ស្មើរនឹង 6 កៅអី និងកៅអី 4 ជួរ ស្មើរនឹង 8 កៅអី។ ដោយម៉ូដែល 6-កៅអី មាននៅសល់ឃ្លប់គូទក្រោយប្រវែង 919mm ខណៈម៉ូដែល 8-កៅអី នៅសល់ប្រវែង 347mm ហើយកៅអីជួរទី 4 អាចកាត់បត់ចុះបានផងដែរ ដើម្បីទទួលបានកន្លែងដាក់អីវ៉ាន់ធំទូលាយ។ Galaxy V900 មានជម្រើសម៉ូដែលប្រើយ៉ានទំហំ 18-inch និង 20-inch ជាមួយឈ្នាន់ជាន់ចំហៀងដំណើរការចេញចូលស្វ័យប្រវត្តិផងដែរ។
Article image
Geely Galaxy V900 បំពាក់មកជាមួយម៉ាស៊ីនសាំង 1.5-Liter turbocharged ដើរតួរជាម៉ាស៊ីនសាកភ្លើង ឬ Generator ដែលមានកម្លាំង 120kW ឬ 161 សេះ។ ឡាន minivan ថ្មីនេះ មានជម្រើសកញ្ចប់អាគុយប្រភេទ ternary NMC ទំហំ 43.3kWh និង 50kW ដែលការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 165km និង 202km ទៅតាមលក្ខខណ្ឌបើកបរ និងស្ថានភាពផ្លូវ។ ទៅលើកម្រិតស៊ីសាំងរបស់ម៉ាស៊ីនវាវិញ គឺប្រហែល 7L ទៅ 7.2L ក្នុង 100km។ ប៉ុន្តែ គួរឲ្យស្តាយដោយ Geely Galaxy មិនទាន់បានបង្ហើបពីអនុភាពកម្លាំងម៉ូទ័រអគ្គិសនី រយះចម្ងាយបើកបរសរុប តម្លៃ និងកាលបរិច្ឆេទចេញលក់ផ្លូវការណ៍របស់ V900 នៅឡើយទេ៕
Geely Galaxy V900 បានបំបែកកំណត់ត្រា Guinness World Record ដែលជិះបានមនុស្សដល់ទៅ 42 នាក់