
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Geely បានប្រកាសថា រថយន្តទី 10 ម៉ឺនគ្រឿងនៃម៉ូដែល Geome Xingyuan EV ត្រូវបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ហើយ។ រថយន្តអគ្គិសនីមួយនេះ ក៏បានជាប់ជារថយន្តអគ្គិសនីដែលលក់ដាច់ខ្លាំងបំផុតមួយផងដែរនៅទីផ្សារប្រទេសចិននាអំឡុងខែមករា កន្លងទៅ។ ដោយការលក់ Geely Geome Xingyuan EV បានវ៉ាដាច់ការលក់នៃម៉ូដែល Wuling Bingo ដែលលក់បានចំនួន 11,746 គ្រឿង និង BYD Dolphine ដែលលក់បានចំនួន 10,157 គ្រឿងកាលពីខែមករា ឆ្នាំ 2025 នេះ។
បច្ចុប្បន្នរថយន្ត Geely Geome Xingyuan EV កំពុងដាក់លក់នៅលើទីផ្សារដោយមានជម្រើសចំនួន 5 Trim level ជាមួយនឹងការបញ្ចុះតម្លៃក្នុងចំនួនកំនត់ដោយមានតម្លៃខ្ទង់ចាប់ពី $9,600 ដល់ $13,600។ រថយន្ត Compact SUV EV មួយនេះបានផលិតឡើងដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹងប្រភេទ GEA platform របស់ Geely ដែលធ្វើឲ្យរថយន្តនេះមានប្រវែងបណ្តោយ 4,135mm/ ទទឹង 1,805mm/ កំពស់ 1,570mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,650mm។ នៅផ្នែកក្បាលខាងមុខរបស់រថយន្តអាចផ្ទុកទំងន់បានចំនុះ 70 លីត្រខណៈគូទឃ្លប់ក្រោយអាចផ្ទុកទំងន់បាន 375 លីត្រ និងដល់ 1,320 លីត្រនៅពេលបត់កៅអីជួរទីពីរចុះ។ Geome Xingyuan EV មានជម្រើសចំនួន 7 ពណ៌ ដែលរួមបញ្ចូលនូវ vanilla rice, basil green, berry pink, និង milky white ជាដើម។

Geely Geome Xingyuan EV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយដែលមានកំលាំងពីរជម្រើសផ្សេងគ្នា គឺកំលាំង 58kW ឬ 78 សេះ និង 85kW ឬ 114 សេះ ហើយនិងភ្ជាប់ជាមួយកញ្ចប់ថ្ម lithium iron phosphate របស់ CATL ដែលមានទំហំ 30.12kWh និង 40.16kW ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 310km និង 410km។ Geome Xingyuan EV អាចជាន់ល្បឿន Top Speed បាន 135km/h និងជាន់ស្ទុះពីកុងទ័រ 0 ដល់ 50km/h ចាយពេលខ្ទង់ 3.9 វិនាទី។
រថយន្តនេះបំពាក់នូវប្រព័ន្ធហ្វ្រាំងដែលមានសមត្ថភាពអាចជាន់បញ្ឈប់ល្បឿនពី 100km/h មកនៅត្រឹម 36.9m/h។ ទៅលើបច្ចេកវិទ្យាសាកភ្លើងវិញ Geely Geome Xingyuan EV គាំទ្រនូវប្រព័ន្ធសាកកម្រិត 1.66C Fast Charging ដែលសាកភ្លើងចូលពី 30% ទៅ 80% ប្រើពេលប្រមាណ 20 នាំាទី និងសាក 10 នាទីអាចជិះបានចម្ងាយផ្លូវ 120km។

នៅផ្នែកកាប៊ីនរបស់ Geome Xingyuan EV ត្រូវបានដំណើរការដោយប្រតិបត្តិការ Flyme Auto Smart cockpit system ជាមួយការបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 14.6-inch និងអេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 8.8-inch។ បន្ថែមពីនេះ រថយន្តអគ្គិសនី Compact SUV នៅមានមុខងារទំនើបដូចជា voice recognition, navigation, mobile phone connection, air conditioning, និង seat heating ជាដើម។ ហើយសម្រាប់ម៉ូដែល Top-trim level របស់ Geome Xingyuan EV មានគាំទ្រនូវប្រព័ន្ធសុវត្ថិភាពបើកបរកម្រិត level 2 advanced driving assistance ដែលរួមបញ្ចូលនូវមុខងារ adaptive cruise control និង traffic light recognition ថែមទៀតផង៕
