ស្វែងរកពួកយើង:

Geely ចេញឡាន Plug-in Hybrid ថ្មី ទាំងចាក់សាំង និងសាកភ្លើងមួយពេញ ជិះបាន 1,420 KM

ដោយ

Koun Jab Luffy

17 ធ្នូ 2024 09:09 ព្រឹក

អាន 2 នាទី

Article image
Geely Galaxy Starship 7 PHEV គឺជាប្រភេទប្រើម៉ាស៊ីន Plug-in Hybrid ជំនាន់ថ្មីមួយ ដែលទើបតែនឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិន។ រថយន្តនេះ គឺមានដាក់លក់ជាមួយតម្លៃចាប់ពីខ្ទង់ $13,700 ប៉ុណ្ណោះ។ ឡាន Geely របស់ចិនមួយនេះបំពាក់ប្រព័ន្ធ Hybrid របស់ Geely ដែលមានឈ្មោះថា NordThor EM-I Super Hybrid System ដោយគួបផ្សំរវាងម៉ាស៊ីនសាំង ចំណុះ 1.5L កម្លាំង 110 HP ជាមួយម៉ូទ័រអគ្គិសនី 1 កម្លាំង 215 HP និងជម្រើសកញ្ចប់អាគុយ ទំហំ 8.05 kWh ឬ 19.09 kWh។
នៅពេលចាក់សាំងមួយពេញធុង និងសាកភ្លើងមួយពេញដែរ ឡាន SUV នេះ អាចបើកបរបានចម្ងាយ រហូតដល់ទៅ 1,420 KM ឯណោះ ឬ 55 KM និង 120 KM អាស្រ័យលើទំហំអាគុយ បើប្រើថាមពលអាគុយសុទ្ធ។ Geely Galaxy Starship 7 PHEV ប្រើគ្រោងឆ្អឹងថ្មី ហៅថា AI New Energy Architecture ហើយមានប្រវែងតួខ្លួន 4.74m ទទឹង 1.90m និង កម្ពស់ 1.68m ឬបើប្រៀបធៀបទៅ វាមានទំហំប្រហាក់ប្រហែលនឹង ឡាន Honda CR-V។
Article image
បើនិយាយពីរូបរាងវិញ ឡាន SUV មួយនេះ មានការឌីហ្សាញបែបទំនើប និងទាន់សម័យ តែម្តង ជាមួយនឹងការប្រើអំពូលបំភ្លឺពេលថ្ងៃ LED រាងស្លីមមួយឈ្នូត លាតពេញផ្នែកខាងមុខ អមដោយសំណុំចង្កៀងមុខ LED ដែលមើលទៅពិតជាស្រស់ស្អាត ហើយមិនមានប៉ាណាមុខ ដូចឡានទូទៅធម្មតាឡើយ ពោលគឺស្រដៀងនឹងឡានអគ្គិសនីសុទ្ធវិញ។ រីឯផ្នែកខាងក្រោយវិញ វាក៏បានបំពាក់ស្តុប LED រចនាលាតពេញផ្នែកខាងក្រោយ ហើយមានបំពាក់កាងក្រោយ Spoiler នៅជាប់ដំបូល ទៀតផង។
Article image
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វារៀបចំ និងឌីហ្សាញបានយ៉ាងទំនើប តែម្តង ដោយក្នុងនោះមានបំពាក់ Option ពិសេសៗជាច្រើន ដូចជា កុងទ័រឌីជីថល ទំហំ 10.2 អ៊ីញ, កុងទ័របាញ់លើកញ្ចក់ ទំហំ 13.8 អ៊ីញ និង អេក្រង់កម្សាន្ត Touchscreen ទំហំ 14.6 អ៊ីញ, កៅអីស្បែកចុចសារ៉េអូតូ មានមុខងារក្តៅត្រជាក់ និងម៉ាស្សា, Speaker ម៉ាក Flyme ចំនួន 16 គ្រាប់, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ កម្លាំង 50W, ប្រព័ន្ធភ្លើមឌីម Ambient Lighting និង ដំបូលកញ្ចក់ធំ Panoramic Sunroof ជាដើម។
Article image
សូមបញ្ជាក់ថា ចំពោះទីផ្សារប្រទេសចិន ឡាន Geely Galaxy Starship 7 PHEV ចែកចេញជា 5 ម៉ូដែល គឺ៖
•ទី 1 ប្រភេទ Sailing Edition តម្លៃចាប់ពី $13,700
•ទី 2 ប្រភេទ Exploration Edition តម្លៃ $15,100
•ទី 3 ប្រភេទ Sailing+ Edition តម្លៃ $15,500
•ទី 4 ប្រភេទ Exploration+ Edition តម្លៃ $16,900
•និង ទី 5 ប្រភេទ Pilot Edition តម្លៃ $18,300
Geely ចេញឡាន Plug-in Hybrid ថ្មី ទាំងចាក់សាំង និងសាកភ្លើងមួយពេញ ជិះបាន 1,420 KM