ក្រុមហ៊ុនផលិតរថយន្ត Geely និងWeRide បានបញ្ជាក់ថា នឹងធ្វើការនាំចេញរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិប្រភេទ GXR Robotaxi ដែលប្រើរថយន្ត Farizon SV minivan ចំនួន 2,000 គ្រឿងនៅក្នុងឆ្នាំ 2026 នេះ។ រថយន្តតាក់ស៊ីដំណើរការបើកបរដោយស័្វយប្រវត្តិនេះមាន បំពាក់ដោយប្រព័ន្ធសែនស័ចំនួន 20 គ្រាប់ ដែលគាំទ្រដំណើរការដោយបច្ចេកវិទ្យាបន្ទះឈីបឆ្លាតវៃកម្រិតខ្ពស់ 2,000TOPS។

WeRide គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តោតលើការអភិវឌ្ឍន៍នូវប្រព័ន្ធបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិ Autonomous Driving Technology ដែលបង្កើតឡើងក្នុងឆ្នាំ 2017 ដែលមានស្ថាបនិកជាអតិតបុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យា Biadu Autonomous Technology លោក Tony Han។ បច្ចុប្បន្ន WeRide មានដៃគូសហការជាក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Yutong Group និង Geely Group ជាដើម។

ចំពោះបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិ Autonomous Vehicle របស់ WeRide ត្រូវបានធ្វើតេស្តនៅក្នុងប្រទេសចំនួន 11 រួចហើយ។ ហើយក៏ទទួលបានអាជ្ញាប័ណ្ណបើកដំណើរការផ្លូវការណ៍ពីប្រទេសចិន អេមីរ៉ាតអារ៉ាប់រួម សិង្ហបុរី បារាំង ស្វីស អារ៉ាប៊ីសាអូឌីត បែលហ្ស៊ិក និងសហរដ្ឋអាមេរិកផងដែរ។

ចំនែករថយន្ត Robotaxi GXR បានក្លាយជាផលិតផល WeRide ចុងក្រោយបំផុតមួយ ដែលត្រូវបានបង្កើតឡើងដោយមានការចូលរួមជាមួយក្រុមហ៊ុន Farizon ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតរថយន្តពាណិជ្ជកម្មរបស់ Geely។ ក្រុមហ៊ុននេះត្រូវបានដាក់ឱ្យដំណើរការនៅចុងឆ្នាំ 2024 ជាមួយ robotaxi នៃម៉ូដែល Farizon SV (Super Van)។ Farizon បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងប្រទេសចិន អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ គិតត្រឹមខែមករា ឆ្នាំ 2026 រថយន្តប្រភេទ Robotaxi របស់ WeRide បានឈានដល់ចំនួន 1,023 គ្រឿង។ ហើយនៅថ្ងៃទី 8 ខែមីនា ថ្មីៗនេះ WeRide បានចូលរួមក្នុងការកែប្រែថ្មីសម្រាប់រថយន្ត Robotaxi GXR។

រថយន្តតាក់ស៊ីស្វ័យប្រវត្តិ Robotaxi GXR ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិឆ្លាតវៃជំនាន់ចុងក្រោយ Gen 8 Autonomous Driving System របស់ WeRide។ ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយនេះ ត្រូវបានភ្ជាប់ដំណើរការជាមួយនឹងប្រព័ន្ធសែនស័រ 1000-line LiDAR ដែលបានបង្កើតនូវប្រព័ន្ធដំណោះស្រាយសុវត្ថិភាពបើកបរបានល្អប្រសើរជាងមុនរហូតដល់ទៅ 17 ដង។

ប្រព័ន្ធថ្មីនេះ មានសមត្ថិភាពខ្ពស់ដែលអាចធ្វើការចាប់បាននូវសញ្ញាគ្រោះថ្នាក់ផ្សេងៗជាមុនរហូតដល់ទៅចម្ងាយ 600m ឯណោះ។ បើតាមការអះអាងពី WeRide បច្ចេកវិទ្យាជំនាន់ចុងក្រោយនេះ ត្រូវបានក្រុមហ៊ុនធ្វើការកែប្រែថ្មី 2 ទៅ 3 ដងសម្រាប់ដំណោះស្រាយក្នុងការកំណត់រយះចម្ងាយនៃឧបសគ្គ ដែលវាធ្វើការបានសុក្រិតជាងមុនដល់ទៅ 70% ដែលអាចធ្វើឲ្យ Robotaxi GRX អាចធ្វើការវិភាគចាប់សញ្ញាឧបសគ្គតូចៗបានច្បាស់។

Robotaxi GRX មានប្រវែង 5,018mm, ក្នុងកាប៊ីនមានទំហំ 1,018mm, គម្លាតកង់មុខទៅកង់ក្រោយ 3,100mm និងមិនមានកៅអីសម្រាប់អ្នកដំណើរកាប៊ីនមុខនោះទេ ដោយមានតែកៅអីជួរទីពីរជាប្រភេទ Captain Chair ជាមួយទម្រជើងវែងជាង 0.5m និងកៅអីជួរទីបីមានទម្រជើងវែងជាង 0.4m។ សម្រាប់កំពស់ពីផ្ទៃរថយន្តទៅដំបូលមានប្រវែង 1,285mm និងប្រើទ្វារ Sliding-door បើកបានប្រវែង 1,831mm។

នៅថ្ងៃទី 8 ខែមីនា ឆ្នាំ 2026, WeRide និង Farizon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រដែលបានពង្រីកសេវាដឹកជញ្ជូនរថយន្ត Robotaxi ចំនួន 2,000 គ្រឿងនៅឆ្នាំ 2026។ WeRide រំពឹងថា Robotaxi ដែលដំណើរការទូទាំងពិភពលោករបស់ខ្លួននឹងលើសពី 2,600 គ្រឿងនៅឆ្នាំនេះ។ គោលដៅរយៈពេលវែង គឺពង្រីកសេវាកម្មរថយន្តដឹកអ្នកដំណើរ robotaxi ឲ្យបានដល់រាប់ម៉ឺនគ្រឿងនៅឆ្នាំ 2030៕