
នៅពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើននិយាយថា Pixel 10 Series ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Google នឹងប្រើប្រាស់នូវមុខងារថ្មីនៃបច្ចេកវិទ្យាសាកថ្មលឿន Qi2 wireless charging។ តាមរយៈនៃការបែកធ្លាយជាច្រើនមុននេះ មានការបញ្ជាក់ថា ស្មាតហ្វូន Pixel 10 series អាចនឹងក្លាយជាស្មាតហ្វូន Android ថ្មីមួយទៀតបន្ទាប់ពីស្មាតហ្វូន HMD Skyline ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន Qi2។
គួរបញ្ជាក់ផងដែរថា កាលពីខែមករាកន្លងនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ធ្លាប់បានបង្ហើបអំពីការប្រើប្រាស់នូវបច្ចេកវិទ្យា សាក Qi2 នេះ ហើយពេលនេះ ការបែកធ្លាយចេញពី Android Authority បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Pixel 10 និង Pixel 10 Pro នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Qi2.2 ដែលរួមមានការប្រើប្រាស់នូវ magnets ដែលអាចភ្ជាប់ជាមួយនឹង Accessories បានផដែរ។ ការបោះជំហានរបស់ក្រុមហ៊ុន Google គឺកាន់តែកៀកទៅនឹង MagSafe ecosystem របស់ក្រុមហ៊ុន Apple ដែលបានប្រើប្រាស់នូវ Magnetic Chargers និង Stands ចាប់តាំងពីវត្តមានរបស់ស្មាតហ្វូន iPhone 12។

ស្មាតហ្វូនជំនាន់ថ្មី Pixel 10 series នឹងប្រើប្រាស់នូវបន្ទះឈីប ConvenientPower CPS4041 ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 60W wireless charging ជាមួយនឹង Magnetic Power Profile (MPP) ថែមទៀតផង។ នៅក្រោមម៉ាកយីហោ “Pixelsnap” នេះ ក្រុមហ៊ុន Google ក៏បានត្រៀមនឹងបង្ហាញនូវ Accessories យ៉ាងហោចណាស់ចំនួន 3 រួមមានដូចជា Pixelsnap Charger, Pixelsnap Charger w Stand និង Pixelsnap Ring Stand ផងដែរ៕
