
ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Google Pixel 10 Pro Fold នឹងបង្ហាញខ្លួនផ្លូវការណ៍ក្នុងខែសីហាឆ្នាំ 2025 នេះ ហើយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា អាចនឹងមានតម្លៃធូរថ្លៃជាងជំនាន់មុន គឺ Pixel 9 Pro Fold។ យោងទៅលើប្រភពព័ត៌មានចចាមអារាម បាននិយាយថា Pixel 10 Pro Fold នឹងមានតម្លៃចាប់ពីខ្ទង់ $1,600 ដែលធូរថ្លៃជាង $200 ធៀបនឹងតម្លៃរបស់ Google Pixel 9 Pro Fold។
ជាមួយគ្នានេះមានការព្យាករណ៍ថា នៅឆ្នាំ 2027 ត្រូវនឹងជំនាន់ Pixel 12 Pro Fold គឺនឹងមានតម្លៃ $1,500។ Google នឹងបន្តដាក់បង្ហាញ Pixel ថ្មីចំនួន 4 ស៊េរី រៀងរាល់ខែសីហាសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដោយបន្តនិន្នាការដែលក្រុមហ៊ុនបានចាប់ផ្តើមនៅឆ្នាំ 2024។ ឧបករណ៍ Pixel a series ក៏នឹងបន្តដាក់លក់នៅនិទាឃរដូវនីមួយៗផងដែរ។ សម្រាប់ស្មាតហ្វូន Google Pixel ស៊េរីថ្មីនឹងបន្តចាប់ផ្តើមនៅក្នុងតម្លៃខ្ទង់ $499 ចំពោះម៉ូដែល Pixel 12a ដែលនឹងមកដល់ក្នុងឆ្នាំ 2028។

ម្យ៉ាងវិញទៀត Pixel 10 និង Pixel 10 Pro XL ត្រូវបានគេសន្និដ្ឋានថា នឹងឡើងថ្លៃបន្តិចធៀបនឹងជំនាន់មុនរបស់ពួកវា ដែលអាចនឹងឡើងថ្លៃប្រហែល 100 ដុល្លារ។ Pixel 10 Pro ក៏អាចនឹងថ្លៃបន្តិចផងដែរ។ សម្រាប់ម៉ូដែល Pixel 10 អាចនឹងមានតម្លៃចាប់ផ្តើមពី $800 ខណៈម៉ូដែល 10 Pro XL អាចនឹងមានតម្លៃចាប់ពីខ្ទង់ $1,200 ឡើយទៅ។ Google Inc នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅក្នុងខែសីហាខាងមុខនេះ៕
