
ថ្មីៗនេះយោងតាមការបែកធ្លាយថ្មីមួយដែលមានប្រភពចេញពី AndroidHeadlines គឺធ្លាប់បានទម្លាយអំពីលក្ខណៈសម្បត្តិពេញលេញរបស់ស្មាតហ្វូនស៊េរីថ្មី Google Pixel 10 ហើយនៅថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការណ៌ ប្រភពដដែលនេះ ក៏បានបន្តទម្លាយអំពីលក្ខណៈសម្បត្តិពេញលេញរបស់ស្មាតហ្វូនជំនាន់ថ្មី Google Pixel 10 Pro និង Pixel 10 Pro XL ថែមទៀតហើយ។ ស្មាតហ្វូនទាំងពីរនេះ គឺមានលក្ខណៈសម្បត្តិ Hardware ប្រហាក់ប្រហែលគ្នា ដោយខុសគ្នាតែទៅលើទំហំនៃអេក្រង់ ទំហំ Storage ទំហំថ្ម និងបច្ចេកវិទ្យាសាកថ្មប៉ុណ្ណោះ។
តាមរបាយការណ៍នេះ បងា្ហញថា ស្មាតហ្វូនជំនាន់ថ្មី Pixel 10 Pro នេះ នឹងមានអេក្រង់ទំហំ 6.3-អ៊ីង OLED LTPO display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2856x1280 pixels មានអង្គចងចាំទំហំ 128GB សម្រាប់ស្តង់ដារម៉ូដែល ហើយនិងមានថាមពលថ្មទំហំ 4,870mAh ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកថ្មកម្លាំង 29W wired charging។ ចំពោះ ស្មាតហ្វូនម៉ូដែល Pixel 10 Pro XL វិញ គឺមានអេក្រង់ទំហំ 6.8-អ៊ីងបង្ហាញចេញបានជាមួយទំហំ 2992x1344 pixels មានអង្គចងចាំទំហំ 256GB និងថាមពលថ្មទំហំ 5,200mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 39W wired charging។

ស្មាតហ្វូនទាំងពីរនេះ នឹងមានអេក្រង់កម្រិត LTPO OLED panels អាចទ្រទ្រង់នូវល្បឿនចាប់ពី 1Hz ទៅ 120Hz adaptive refresh rate និងមានកម្រិតពន្លឺខ្ពស់ដល់ទៅ 3000nits។ សម្រាប់ស្មាតហ្វូនម៉ូដែល Pro គឺមានកាមេរ៉ាខាងមុខទំហំ 42-Megapixel ខណៈដែលកាមេរ៉ាខាងក្រោយមាន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel និងទីពីរមានទំហំ 48-Megapixel ultra-wide lens ហើយនិងទីបីមានទំហំ 48-Megapixel periscope telephoto ជាមួយនឹង 5x optical zoom។

ស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់នូវបន្ទះឈីប Tensor G5 របស់ក្រុមហ៊ុន Google និងមានរ៉េមទំហំ 16GB។ សម្រាប់ Storage របស់ស្មាតហ្វូននេះ អាចនឹងមានទំហំចាប់ពី 256GB, 512GB និង 1TB។ ស្មាតហ្វូនទាំងពីរនេះ ក៏នឹងទ្រទ្រង់នូវ 15W wireless charging ដែលផ្អែកទៅលើស្តង់ដារ Qi2 ផងដែរ។ ការបែកធ្លាយនេះអះអាងថា ថាមពលថ្មរបស់ស្មាតហ្វូន Pixel 10 Pro នេះ គឺមានទំហំតូចជាងស្មាតហ្វូន Pixel 10 ដោយសារតែប្រើប្រាស់នូវ vapor chamber។ ស្មាតហ្វូន Pixel 10 series នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែសីហានេះ ហើយនឹងលក់នៅថ្ងៃទី 28 ខែសីហាខាងមុខនេះ៕
