
ថ្មីៗនេះ Google បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីដែលមានដូចជា Google Pixel 9, Pixel 9 Pro, Pixel 9 Pro XL និងស្មាតហ្វូនអេក្រង់បត់បាន Pixel 9 Pro Fold ជាដើម។ សម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីជំនាន់ថ្មីរបស់ Pixel Fold ដែលចេញលក់កាលពីឆ្នាំមុននេះ ត្រូវបានក្រុមហ៊ុននេះធ្វើការកែប្រែទៅលើការឌីស្សាញថ្មីជាច្រើនទាំងគន្លឹះបត់ ទាំងអេក្រង់ ក៏ដូចជា ប្រព័ន្ធកាមេរ៉ា ហើយនិងកម្លាំងម៉ាស៊ីន ដែលធ្វើឲ្យស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ កាន់តែមានការចាប់អារម្មណ៌ខ្លាំងជាងមុន។
ជាមួយនិងវត្តមាននៅលើទីផ្សារនាឆ្នាំថ្មី ស្មាតហ្វូនអេក្រង់បត់បាន Google Pixel 9 Pro Fold គឺមានការផ្តល់ជូននូវជម្រើសពីរពណ៌ ដែលមានដូចជា ពណ៌សហៅថា Porcelain និងពណ៌ខ្មៅហៅថា Obsidian-Black ហើយសម្រាប់ការលក់វិញ Pixel 9 Pro Fold ម៉ូដែលមានម៉េមូរីទំហំ 256GB គឺមានតម្លៃប្រហែលជា $1,799 ខណៈម៉ូដែលទំហំ 512GB គឺមានតម្លៃប្រហែល $1,919។
ជាមួយនិងការតម្លៃរបស់ Google Pixel 9 Pro Fold នៅពេលនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងកា្លយជាគូរប្រជែងថ្មីជាមួយស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy Z Fold 6 ជាក់ជាមិនខាន។ ការលើកឡើងនេះ គឺដោយសារតែ Google Pixel 9 Pro Fold មានរូបរាងខុសពី Galaxy Z Fold 6 ទាំងទំហំអេក្រង់ និងកម្រ៉ាស់ ក៏ដូចជាតម្លៃ ហើយជាពិសេស នៅលើស្មាតហ្វូនអេក្រង់បត់បាន Google Pixel 9 Pro Fold នេះ ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា AI ដូចគ្នាជាមួយនិង Galaxy Z Fold 6 អញ្ចឹងដែរ។

សម្រាប់ការឌីស្សាញរូបរាងរបស់ Google Pixel 9 Pro Fold ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញថ្មីដោយមានទំហំអេក្រង់ធំជាង កម្ពស់ខ្ពស់ជាង ធៀបនឹងជំនាន់ Pixel Fold ព្រមទាំងបំពាក់នូវបច្ចេកវិទ្យាត្រចៀកបត់ថ្មី (New Hinges)។ Pixel 9 Pro Fold មានកម្រាស់ 10.5mm នៅពេលបត់ និង 5.1mm នៅពេលមិនបត់ ក៏ដូចជាបន្ថយទំងន់មកនៅត្រឹម 257ក្រាម ដែលស្តើង និងស្រាលជាងជំនានដំបូង។ ជាមួយត្រចៀកបត់ថ្មីដែប្រើនៅលើ Pixel 9 Pro Fold គឺធ្វើឲ្យការបត់មានប្រសិទ្ធិភាពខ្ពស់ជាងមុន បិតជិតល្អជាងមុន និងពន្លាចេញបានស្មើរជាងជំនាន់ Pixel Fold។ បន្ថែមពីនេះ Pixel 9 Pro Fold ក៏គាំទ្រនូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IPX8 ផងដែរ។
សម្រាប់អេក្រង់ក្រៅក្នុងដែលបំពាកើនូវលើ Pixel 9 Pro Fold គឺមានទំហំធំជាង និងវិមាត្រទូលាយជាង Pixel Fold ដោយក្នុងនោះ សម្រាប់អេក្រង់ខាងក្រៅមានទំហំ 6.1-inch ខណៈអេក្រង់បត់ខាងក្នុងមានទំហំធំឡើងដល់ 8-inch។ អេក្រង់ក្នុងក្រៅរបស់ Pixel 9 Pro Fold ជាបច្ចេកវិទ្យាអេក្រង់ OLED Display គាំទ្រកម្រិតបង្ហញ Full-HD+ ជាមួយល្បឿន refresh rate 120Hz ដូចគ្នា។ ហើយអេក្រង់ OLED នេះ គាំទ្រកម្រិតពន្លឺខ្ពស់ដល់ 2,700nits peak brightness។ ជាមួយគ្នានេះនៅលើអេក្រង់ខាងក្រៅ និងខាងក្នុងមានរំលេចជាមួយលែនទំលុះអេក្រង់មួយគ្រាប់ភ្ជាប់នូវសែនស័រកាមេរ៉ាទំហំ 10MP ដូចគ្នា។

សម្រាប់ការឌីស្សាញផ្នែកកញ្ចប់លែនកាមេរ៉ាក្រោយនៅលើ Pixel 9 Pro Fold ក៏បានផ្លាស់ប្តូររចនាបថថ្មីខុសពីជំនាន់ Pixel Fold ដោយប្តូរពីការរចនាបែបស្តាយ Pilled-shaped ផ្តេកទទឹងតួរ មកជាស្ទាយបែបចតុកោណកែងវិញជាមួយការបង្កប់នូវកញ្ចប់លែនចំនួនបីគ្រាប់ចែកជាពីរតំបន់ផ្សេងគ្នាជាមួយអំពូល LED Flash មួយគ្រាប់។ ចំពោះសែនស័រកាមេរ៉ាក្រោយដែលបានបំពាក់នៅលើ Pixel 9 Pro Fold គឺសែនស័រកាមេរ៉ាគោលទំហំ 48MP, Telephoto កម្រិត 5x ទំហំ 10.5MP និង Ultrawide ទំហំ 12MP។
ដូចគ្នានឹងបងប្អូន Pixel 9 Series ដែរសម្រាប់ការប្រើបន្ទះឈីប ដោយ Pixel 9 Pro Fold គឺបំពាក់នូវឈីបជំនាន់ថ្មីរបស់ Google គឺ Tensor G4 ដែលផលិតដោយ Samsung ប្រើប្រាស់នូវដំណើរការផលិត 4nm process ដោយប្រើនូវអង្គគណនា 1x Cortex-X4 Prime core ល្បឿន 3.1GHz + 3x Cortex-A720 ល្បឿន 2.6GHz + 4x Cortex-A520 ល្បឿន 1.95GHz។ Google Pixel 9 Pro Fold មានជម្រើសប្រើរ៉េមទំហំធំបំផុត 16GB និងម៉េមូរីធំបំផុតដល់ 512GB។

ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ គាំទ្រការដំឡើងមកជាមួយ Android 14 ចេញពីប្រអប់ ដែលមានភ្ជាប់នូវបច្ចេកវិទ្យា Google AI ដែលរួមបញ្ចូលនូវមុខងារ on-device Gemini Nano, Pixel Screenshots, បង្កើនប្រសិទ្ធិភាពមុខងារ Magic Editor និង Add Me ដើម្បីដាក់បន្ថែមមនុស្សចូលទៅក្នុងរូបថតដែលបានថត។
ជាមួយគ្នានេះ Google បានផ្តល់ឲ្យការធ្វើបច្ចុប្បន្នកម្មវិធី (Software) នៅលើ Pixel 9 Pro Fold រហូតដល់ទៅ 7 ឆ្នាំ ឬ 7 ជំនាន់ឯណោះ។ Google Pixel 9 Pro Fold មានថ្មទំហំ 4,650mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 21W Wired Fast Charging។ បើតាមការអះអាងពី Google ថាមពលថ្មរបស់ Pixel 9 Pro Fold សាកភ្លើងមួយពេញម្តងអាចកាន់ប្រើប្រាស់ធម្មតាទូទៅបានដល់ 24 ម៉ោង។

ជាមួយគ្នានេះ Google ក៏មានផ្តល់នូវការ Upgrade ម៉េមូរី ដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលបានបញ្ជាទិញ Pixel 9 Pro Fold ចាប់ពីថ្ងៃប្រកាសចេញរហូតដល់ថ្ងៃទី 5 ក្នុងខែកញ្ញា ហើយការនាំចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី 4 ក្នុងខែកញ្ញាខាងមុខនេះ៕
