
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Google បានសម្រេចចូលប្រឡូកទៅក្នុងទីផ្សារស្មាតហ្វូនបត់បានតាមរយៈការបង្ហាញខ្លួនរបស់ ស្មាតហ្វូន Pixel Fold។ ហើយនៅឆ្នាំនេះ មានរបាយការណ៍ជាច្រើន បាននិយាយថា ក្រុមហ៊ុននេះ ក៏បានធ្វើការនៅលើស្មាតហ្វូនបត់បានទី 2 របស់ខ្លួនផងដែរ។ យោងតាមពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ម៉ូដែលនេះ គឺជាស្មាតហ្វូន Pixel Fold 2។ យ៉ាងណាមិញ របាយការណ៍ថ្មីមួយចេញពី AndroidAuthority ក៏បាននិយាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានឈ្មោះហៅថា Google Pixel 9 Pro Fold ។
យោងតាមការបញ្ជាក់ចេញស្ថាប័នខាងលើនេះ បានបន្តថា ស្មាតហ្វូននេះ អាចនឹងក្លាយម៉ូដែលថ្មី និងជាសមាជិកទី 4 នៃត្រកូលស្មាតហ្វូន Pixel 9 series ហើយស្មាតហ្វូននេះ អាចនឹងក្លាយជាម៉ូដែលដែលអាចបត់បាន។ របាយការណ៍ដដែលនេះអះអាងថា ស្មាតហ្វូន Pixel 9 និង Pixel 9 Pro គឺមានកូដឈ្មោះហៅថា “tokay” និង “caiman”។ សម្រាប់កូដឈ្មោះ “Komodo” និង “comet” អាចជាស្មាតហ្វូន Pixel 9 Pro XL និង Pixel 9 Pro Fold ។ សម្រាប់ software នៅលើស្មាតហ្វូន Pixel នៅក្នុងឆ្នាំនេះ ក៏មានការនិយាយអំពីឈ្មោះរបស់ស្មាតហ្វូននេះផងដែរ។
យោងតាមរបាយការណ៍ខាងលើនេះ ក៏បានទម្លាយទៀតថា ស្មាតហ្វូន Pixel បត់បានជំនាន់ទី 2 នេះ អាចនឹងក្លាយជាម៉ូដែល Pixel 9 Pro Fold ដែលនឹងមានបន្ទះឈីប Tensor G4។ រូបភាព Render របស់ស្មាតហ្វូននេះក៏បានទម្លាយអំពីការឌីស្សាញដែលស៊ីគ្នាទៅនឹងស្មាតហ្វូន Pixel 9 series ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ជាច្រើនមុននេះ បាននិយាយថា ស្មាតហ្វូន Pixel 9 Pro Fold នេះនឹងមានអេក្រង់ទំហំ 8.02-អ៊ីង foldable និងអេក្រង់ខាងក្រៅទំហំ 6.29-អ៊ីង cover។ បើតាមរបាយការណ៍ជាច្រើននោះ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 16GB LPDDR5 RAM, 256 GB UFS 4.0 storage និងជំនួយការឆ្លាតវៃ Pixie AI ថែមទៀតផង។ ពេលនេះ ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុននេះគឺជាផ្នែកមួយនៃស្មាតហ្វូន Pixel 9 series ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំនេះ៕
