
ក្រុមហ៊ុន Google បានហក់ចូលប្រឡូកក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ជាមួយការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួនដែលមានឈ្មោះថា Pixel Fold នៅក្នុងខែឧសភា ឆ្នាំ 2023។ ហើយនៅឆ្នាំ 2024 នេះ Google ត្រូវបានគេដឹងថា នឹងបង្ហាញចេញស្មាតហ្វូនអេក្រង់ជំនាន់ថ្មីបន្ទាប់មួយទៀតដែលមានឈ្មោះថា Google Pixel Fold 2។ ហើយនៅក្នុងពេលនេះមានការទម្លាយព័ត៌មានគុណសម្បត្តិអំពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google តាមរយះបណ្តាញ Android Authority។
បើតាមប្រភពព័ត៌មានចចាមអារាមបានទម្លាយថា Google បានធ្វើការតេស្តស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួន គឺ Pixel Fold 2 អស់រយះពេលប៉ុន្មានខែមកហើយ។ ដែលជាហេតុធ្វើឲ្យគេបានកត់សំគាល់ពីបន្ទះឈីបនៅលើស្មាតហ្វូនអេក្រង់បត់គំរូជំនាន់ថ្មីនេះជាមួយលេខកូដសំគាល់ឈីបថា “zumapro” ប៉ុន្តែមិនទាន់ច្បាស់ពីបន្ទះឈីបថ្មីដែលត្រូវប្រើនៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះនោះទេ ដោយឡែកបើនៅលើបន្ទះឈីប Tensor 3 ដែលប្រើនៅលើ Google Pixel 8 Series គឺមានលេខកូដសំគាល់ថា“zuma” ដូចនេះ សម្រាប់កូដ “zumapro” ត្រូវបានគេសង្ស័យថាជាបន្ទះឈីបជំនាន់ថ្មី Tensor 4 SoC របស់ Google។ ទោះជាយ៉ាងណាប្រភពមួយចំនួនបាននិយាយថា Pixel Fold 2 ទំនងជានឹងប្រើបន្ទះឈីប Tensor G2។

បន្ទះឈីបជំនាន់ថ្មី Tensor 4 SoC នឹងត្រូវផលិតដោយក្រុមហ៊ុន Samsung ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ អង្គ CPU ស៊េរី ARM Cortex-X4, រួមជាមួយ Cortex-A720, និង Cortex-A520-cores CPU។ សម្រាប់ Google Pixel Fold បច្ចុប្បន្ន គឺមានជម្រើសប្រើរ៉េមទំហំ 12GB LPDDR5 និងអង្គផ្ទុកទិន្នន័យទំហំ 256GB UFS3.1 ខណៈជំនាន់បន្ទាប់ គឺ Pixel Fold 2 អាចនឹងមានជម្រើសរ៉េមទំហំធំដល់ 16GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB UFS4.0 ហើយក៏នឹងមានភ្ជាប់មកជាមួយប្រព័ន្ធ Google Pixel AI Assistant ថែមទៀតផង។

បើតាមប្រភពចុងក្រោយបាននិយាយថា Google Pixel Fold 2 បាននឹងកំពុងស្ថិតក្នុងដំណកាល Engineering Validation Test (EVT) ដែលមានន័យថា នៅមានរយះពេលជាច្រើនខែទៀតទម្រាំដល់ដំណាក់កាលសដាក់បញ្ចូលទៅក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាធំ។ ជាមួយគ្នានេះ Google ត្រូវបានគេរាយការណ៍ថា នឹងមានការដាក់បង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី Google Pixel 9 និង Pixel 9 Pro នៅក្នុងខែតុលា ជាមួយការបំពាក់នូវបន្ទះឈីនជំនាន់ថ្មី Tensor 4 SoC ដូច្នោះ សម្រាប់ Google Pixel Fold 2 ក៏ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញវត្តមានក្នុងពេលដំណាលគ្នាជាមួយបងប្អូន Google Pixel 9 Series ផងដែរ៕

