
ស្មាតហ្វូនអេក្រង់បត់ជំនាន់ទីពីររបស់ Google គឺ Pixel Fold 2 នឹងមកដល់ផ្លូវការណ៍នៅមុនដំណាច់ឆ្នាំនេះ។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ទំនងជានឹងបង្ហាញវត្តមាននៅក្នុងខែឧសភាក្នុងព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំរបស់ក្រុមហ៊ុន ឬក៏នៅក្នុងខែតុលា ជាថ្ងៃនៃការបង្ហាញវត្តមានស្មាតហ្វូន Pixel ជំនាន់ថ្មី។ ហើយបើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Google Pixel Fold 2 នឹងបំពាក់នូវអេក្រង់មានទំហំធំជាងជំនាន់មុន។
បើតាមការលើកឡើងពីអ្នកវិភាគនៅក្នុងឧស្សាហកម្មកញ្ចក់អេក្រង់លោក Ross Young មកពីស្ថាប័ន Display Supply Chain Consultant (DSCC) បានឲ្យដឹងថា Google Pixel Fold 2 នឹងមានអេក្រង់ខាងក្នុងទំហំ 8.02-inch ខណៈអេក្រង់ខាងក្រៅនឹងមានទំហំ 6.29-អ៊ីង បើធៀបនឹងជំនាន់ដំបូងដែលមានអេក្រង់ខាងក្នុងទំហំ 7.6-អ៊ីងនិងអេក្រង់ខាងក្រៅទំហំ 5.8-inch។ លោក Young បានបញ្ជាក់បន្ថែមថា សង្វាក់ផលិតអេក្រង់របស់ Google Pixel Fold 2 នឹងចាប់ផ្តើមនៅក្នុងខែមេសា ដូចនេះ ការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះអាចនឹងត្រូវធ្វើឡើងនារដូវក្តៅឆ្នាំនេះ។

បើតាមរូបភាពគំរូរបស់ Google Pixel Fold 2 បានបង្ហាញថា ការឌីស្សាញប្រព័ន្ធកាមេរ៉ាក្រោយរបស់ Pixel Fold 2 គឺមានភាពស្រដៀងគ្នានឹងកញ្ចប់លែនកាមេរ៉ារបស់ស្មាតហ្វូន Pixel ជំនាន់ថ្មីៗចុងក្រោយផងដែរ។ Google Pixel Fold 2 នឹងបំពាក់នូវបច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មី Tensor G4 ដែលនឹងមានភ្ជាប់មកជាមួយរ៉េមទំហំធំដល់ 16GB និងប្រើម៉េមូរីផ្ទុកទិន្នន័យប្រភេទ UFS4.0។ តាមការរំពឹងទុក Google Pixel Fold 2 ទំនងជានឹងបង្ហាញវត្តមាននៅក្នុងខែតុលាឆ្នាំ 2024 ដំណាលគ្នាជាមួយនឹងបងប្អូន Google Pixel 9 និង Pixel 9 Pro៕
