
ក្រុមហ៊ុន Google មានគម្រោងក្នុងការនាំចេញនូវស្មាតហ្វូន Pixel Series របស់ខ្លួនដែលបានផលិតនៅប្រទេសឥណ្ឌាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអ៊ឹរ៉ុប។ ក្រុមហ៊ុននេះនឹងបង្កើតនូវតំបន់នេះ ជាមជ្ឈមណ្ឌលនៃការនាំចេញតាមរយៈផលិកម្មពាណិជ្ជកម្មរបស់ខ្លួន ដែលគ្រោងនឹងដំណើរការនៅក្នុងពេលឆាប់ៗនេះ ហើយតាមរយៈនៃការចាប់ដៃគូផលិតដែលជាប់កិច្ចសន្យាចំនួន 2 របស់ខ្លួននោះ។
យោងតាមរបាយការណ៍មួចេញពី MoneyControl និងប្រភពជាច្រើនទៀត បាននិយាយថា ការផលិតនេះ គឺពឹងផ្អែកទៅលើក្រុម៊ុន Foxconn និង Dixon ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Padget Electronics។ ការផលិតសាកល្បងបានចាប់ផ្តើមហើយនៅក្នុងតំបន់ Tamil Nadu (South Indian State) ដោយក្រុមហ៊ុន Foxconn ដែលនេះគឺជាក្រុមហ៊ុនផលិតទៅលើផលិតផល Apple ជាច្រើនផងដែរ។ ប្រភពដែលស្និទ្ធិទៅលើរឿងនេះ បានបន្ថែមថា ក្រុមហ៊ុន Dixon នឹងបន្ថែមក្រុមហ៊ុន Google នៅក្នុងបញ្ជីនៃអតិថិជនរបស់ខ្លួនសម្រាប់ឆមាសទី 2 ឆ្នាំនេះ តាមរយៈភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Compal ដែលនឹងមានចែករំលែកនូវផលិតកម្មជាមួយនឹងក្រុមហ៊ុនFoxconn ផងដែរ។
ស្មាតហ្វូន Pixel ប្រភេទ base នឹងធ្វើការផលិតដោយក្រុមហ៊ុន Dixon Technologies ខណៈពេលដែលក្រុមហ៊ុន Foxconn នឹងទទួលខុសត្រូវទៅលើការផលិតស្មាតហ្វូន high-end PRO។ ក្រុមហ៊ុន Google នៅមិនទាន់ប្រកាសជាផ្លូវការទៅលើរឿងនេះទេ ប៉ុន្តែវាអាចនឹងប្រកាសជាផ្លូវការនៅក្នុងឆមាសទី 2 នៅក្នុងឆ្នាំនេះ។ របាយការណ៍ខាងលើនេះ បានបន្ថែមទៀតថា ក្រុមហ៊ុននេះ នឹងមានគម្រោងក្នុងការនាំចេញស្មាតហ្វូន Pixel ដែលផលិតនៅក្នុងប្រទេសឥណ្ឌានេះ ទៅកាន់ទីផ្សាររបស់អ៊ឹរ៉ុប និងបន្តទៅកាន់ទីផ្សារអាមេរិកតាមក្រោយ។

ប្រទេសឥណ្ឌា គឺជាមជ្ឈមណ្ឌលនាំចេញមួយដែលជួយធ្វើពិពិធកម្មទៅលើផលិតកម្មរបស់ខ្លួន ហើយតំបន់នៃក៏មានតម្លៃទៅលើពលកម្មទាបរួមជាមួយនឹងការលើកទឹកចិត្តពីប្រទេសថែមទៀត។ ព័ត៌មាននេះ ក៏ត្រូវបានទម្លាយបន្ទាប់ពីក្រុមហ៊ុននេះបាន បង្ហាញនូវស្មាតហ្វូន Pixel 9 series។ ស្មាតហ្វូន flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google នឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែសីហាឆ្នាំ 2024 នេះ។ រូបភាពជាច្រើនរបស់ស្មាតហ្វូន Pixel 9 ក៏បែកធ្លាយនាពេលថ្មីៗនេះ ដែលមានការបង្ហាញជាមួយនឹងពណ៌ផ្កាឈូកថែមទៀតផង៕
