ស្វែងរកពួកយើង:

GWM Haval H7 ដែលជារថយន្ត SUV PHEV ជំនាន់ថ្មី អាចនឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2024

ដោយ

Koun Jab Luffy

16 តុលា 2024 10:53 ព្រឹក

អាន 2 នាទី

Article image
Great Wall Motor បានធ្វើឱ្យឈ្មោះរថយន្ត H7 រស់ឡើងវិញសម្រាប់រថយន្តម៉ូដែល Haval ថ្មី។ ឈ្មោះ H7 ត្រូវបាន GWM ប្រើប្រាស់ចុងក្រោយកាលពីប៉ុន្មានឆ្នាំមុន ហើយឥឡូវនេះក្រុមហ៊ុនគ្រោងនាំយកឈ្មោះនេះត្រឡប់មកវិញសម្រាប់រថយន្តប្រភេទ SUV ដែលជា Mid-sized ដល់ Large-sized SUV ដែលបច្ចុប្បន្ន គឺមានតែសម្រាប់ម៉ូដែល PHEV ប៉ុណ្ណោះ។
បើតាមឯកសារបញ្ជាក់ពីស្ថាប័ន MIIT ឬ Ministry of Industry and Information Technology បានបង្ហាញថា រថយន្ត Haval H7 ម៉ូដែលថ្មី មានទំហំវិមាត្រ 4,780mm x 1,895mm x 1725 mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2810mm។ រថយន្តម៉ូដែលថ្មីមួយនេះមានទំងន់ 2075 គីឡូក្រាម និងបំពាក់យ៉ាន់កងទំហំ 19-inch ជាមួយនឹងការបំពាក់កៅអីចំនួន 5។
រថយន្ត SUV របស់ GWM មួយនេះ នឹងបំពាក់ម៉ាស៊ីនប្រភេទ GW4B15H engine ចំនុះ 1.5-liter ដែលអាចផលិតកំលាំងបាន 85 សេះ។ ប៉ុន្តែ គួរឲ្យស្តាយមិនមានព័ត៌មានលម្អិតទាក់ទងនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីដែលត្រូវបាននៅលើ GWM Haval H7 ជំនាន់ថ្មីនៅឡើយទេ។
សម្រាប់កញ្ចប់អាគុយវិញ Haval H7 ជំនាន់ថ្មីអាចនឹងប្រភេទ lithium iron phosphate ដែលផលិតដោយក្រុមហ៊ុន SVolt ដែលជាបុត្រសម្ព័ន្ធរបស់ Great Wall Motor ផ្ទាល់តែម្តង។ ជាមួយគ្នានេះ GWM ក៏បានប្រើនូវប្រព័ន្ធបច្ចេកវិទ្យា PHEV System ប្រភេទ Hi4 ដូចដែលបានបង្ហាញនៅលើផ្នែកខាងក្រោយរបស់រថយន្ត។
រថយន្តនេះមានមុំចេញ និងមុំចូលកម្រិត20 និង 23 ដឺក្រេ ជាមួយនឹងល្បឿន Top Speed ជាន់បាន 180km/h។ រថយន្ត SUV ស៊េរីថ្មីនេះមានជម្រើសដំបូលបើកបាន និងបិតជិត (opening ឬ non-opening panoramic roof និងជម្រើសយ៉ានកង់ចំនួនបួនផ្សេងគ្នា។  GWM Haval H7 អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅចុងឆ្នាំ 2024 នេះ ឬក៏ដើមឆ្នាំ 2025។
Article image
ជាមួយគ្នានេះមានការសង្ស័យថា Havel H7 គឺជាឈ្មោះថ្មីប្តូរពី Haval Xiaolong Max ឬក៏ជារថយន្តជំនាន់ថ្មីពីម៉ូដែល Xiaolong Max។ ប្រសិនបើដូចនេះមែន មានន័យថា រថយន្តស៊េរីថ្មីនេះ គឺមានជម្រើសម៉ូទ័រអេឡិចត្រិចពីរចំនួនពីរ គឺម៉ូទ័រកំលាំង 150kW ដែលមានកម្លាំងបង្វិល 350Nm បំពាក់នូវលើភ្លៅក្រោយ និងម៉ូទ័រកំលាំង 70kW ដែលមានកម្លាំងបង្វិល 100Nm បំពាក់នូវលើភ្លៅមុខ។ សរុបថាមពលបញ្ចូលគ្នារវាងម៉ាស៊ីន Hybrid និងប្រព័ន្ធម៉ូទ័រ គឺមានកំលាំង 205kW និងកម្លាំងបង្វិល 585Nm។ សម្រាប់ម៉ូដែល Haval Xiaolong Max បច្ចុប្បន្ន គឺបំពាក់កញ្ចប់អាគុយទំហំ 19.3kWh៕
GWM Haval H7 ដែលជារថយន្ត SUV PHEV ជំនាន់ថ្មី អាចនឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2024