ស្វែងរកពួកយើង:

GWM Ora 5 ឡានអគ្គិសនីសុទ្ធស៊េរីថ្មី ប្រកាសចេញលក់មុនជាមួយតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

14 វិច្ឆិកា 2025 07:59 ព្រឹក

អាន 3 នាទី

Article image
Ora គឺជាម៉ាករថយន្តអគ្គិសនីស្ថិតក្រោមដំបូលក្រុមហ៊ុន Great Wall Motor ហៅកាត់ថា GWM។ ហើយថ្មីៗនេះ Ora បានប្រកាសចេញលក់មុនរថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីរបស់ខ្លួនម៉ូដែល Ora 5 នៅទីផ្សារប្រទេសចិនជាមួយជម្រើស 5 ម៉ូដែលផ្សេងគ្នាដូចជា Ora 5 Air, Pro, Max និង LiDAR មានពីម៉ូដែល ហើយមានតម្លៃចាប់ពី $15,400/ $16,800/ $18,200/ $18,700 និង $20,100 ទៅតាមម៉ូដែលរៀងៗគ្នា។ ឡានអគ្គិសនីស៊េរីថ្មីនេះអាចជិះបានចម្ងាយ 480km និង 580km (ស្តង់ដារតេស្តពី CLTC) ទៅតាមជម្រើសម៉ូដែល។ Ora 5 Series មានជម្រើសពណ៌ដូចជា ប្រផេះ បៃតង ខៀវ ត្នោតស្រាល ក្រហម និងស។
ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ GWM Ora 5 គឺមានភាពស្រស់ស្អាតទាក់ទាញ។ ឡានអគ្គិសនីស៊េរីថ្មីនេះមានបណ្តោយតួរខ្លួនប្រវែង 4,471mm/ ទទឹង 1,833mm (1,844mm)/ កំពស់ 1,641mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,720mm ដែលធ្វើឲ្យ Ora 5 ស្ថិតក្នុងស្រឡាយរថយន្តប្រភេទ Compact-SUV។
Article image
នៅលើម៉ូដែលស៊េរីខ្ពស់ ឬ High-End trim របស់ Ora 5 គឺមានបំពាក់នូវប្រព័ន្ធសែនស័រកម្រិតខ្ពស់ LiDAR នៅលើដំបូលខាងមុខដែលធ្វើការរួមគ្នាជាមួយនឹងសែនស័រសរុបចំនួន 27 គ្រាប់ ដើម្បីភ្ជាប់ដំណើរការប្រព័ន្ធជំនួយការបើកបរ Coffee Pilot Ultra advanced driving assistance system ដែលអភិវឌ្ឍន៍ដោយ GWM ផ្ទាល់តែម្តង។ ប្រព័ន្ធនេះអាចឲ្យរថយន្តដំណើរការមុខងារបើកបរ ស្វ័យប្រវត្តិទាំងនៅលើលើផ្លូវល្បឿនលឿន និងផ្លូវក្នុងក្រុង highway NOA, urban NOA, រួមនឹងប្រព័ន្ធមុខងារចូលចំណោតស្វ័យប្រវត្តិ parking assist ជាដើម។
Article image
ចំពោះប្រព័ន្ធដំណើរការរបស់ Ora 5 វិញ គឺពឹងផ្អែកទៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលមានកម្លាំង 150kW (201hp) ដែលទទួលថាមពលពីកញ្ចប់អាគុយប្រភេទ  lithium iron phosphate battery ផលិតដោយក្រុមហ៊ុន Svolt ដែលមានជម្រើសពីរទំហំ គឺ 45.3kWh និង 58.3kWh។ ចូលមកផ្នែកខាងក្នុងឃើញថាមានការឌីស្សាញកាប៊ីនមានទំហំធំល្មមជាមួយការរៀបចំតុបតែងបែបទំនើបទាន់សម័យ ដោយក្នុងនោះរួមមានការបំពាក់នូវអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch Digital Instrument Cluster និងអេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 15.6-inch ប្រភេទ Floating Screen ព្រមជាមួយការឌីស្សាញដៃចង្កូតបែប two-spoke flat-bottom steering wheel។
Article image
សម្រាប់ប្រព័ន្ធដំណើរការនៅលើអេក្រង់ 15.6-inch គឺជា GWM Coffee OS ជំនាន់ទីបី ដែលមានភ្ជាប់មកជាមួយមុខងារ IA ឆ្លាតវៃរបស់ DeepSeek (large language AI model) និងគាំទ្រដោយបន្ទះឈីប 4nm Cockpit Chip របស់ MediaTek។ នៅខាងក្រោមរន្ធខ្យល់ម៉ាស៊ីនត្រជាក់មានការឌីស្សាញជាមួយនឹងប៊ូតុងបែប Physical Toggle សម្រាប់ផ្លាស់ប្តូរប្រើប្រាស់មុខងារទូទៅមួយចំនួន កន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែល្បឿនលឿន។ បន្ថែមពីនេះ ដំបូលរបស់ Ora 5 គឺជាដំបូលបើក Panoramic sunroof ដែលអាចបើកបានទំហំ 1.65 ម៉ែត្រផងដែរ៕
GWM Ora 5 ឡានអគ្គិសនីសុទ្ធស៊េរីថ្មី ប្រកាសចេញលក់មុនជាមួយតម្លៃជាង 1 ម៉ឺនដុល្លារ