ក្រុមហ៊ុន Great Wall Motor (GWM) បានធ្វើការបង្ហាញចេញរូបភាពផ្លូវការណ៍រថយន្ត off-roader PHEV ស៊េរីថ្មី Tank 300។ រថយន្ត mid-size off-road SUV ថ្មីនេះ ឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅលើដំបូលខាងមុខមួយគ្រាប់។ Tank 300 PHEV ម៉ូដែលថ្មីនេះ ក៏នឹងមានការបង្កើនទំហំថ្មធំជាងម៉ូដែលមុនជាមួយទំហំ 60kWh ដែលអាចឲ្យរថយន្តថ្មីនេះអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 200km។ Tank 300 PHEV ម៉ូដែលថ្មីនេះ អាចនឹងត្រូវប្រកាសចេញដាក់លក់មុននៅទីផ្សារប្រទេសចិននៅថ្ងៃទី 6 ក្នុងខែកក្ដដា សប្តាហ៍ក្រោយនេះ។
Tank 300 PHEV របស់ GWM ជាប្រភេទរថយន្ត mid-size off-road SUV ដែលមានការឌីស្សាញរូបរាងបែបប្រអប់ជ្រុង ឬ Boxy-Style ជាមួយប្រវែងតួរខ្លួន 4,886mm/ ទទឹង 1,984mm/ កំពស់ 1,927mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,010mm។ Tank 300 PHEV ថ្មីនេះ នឹងដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Hi4-Z system របស់ GWM ជាមួយកញ្ចប់ថ្មទំហំ 60kWh ដែលអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 200km តាមស្តង់ដារ WLTC។ ក្រុមហ៊ុន GWM មិនទាន់បានបង្ហាញព័ត៌មានលម្អិតរបស់ Tank 300 PHEV ថ្មីនៅឡើងទេក្នុងពេលនេះ។
ទោះជាយ៉ាងណា មានការរំពឹងថា Tank 300 ថ្មីនេះ អាចនឹងគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V ដូចនឹងម៉ូដែល Tank 400 ដែលមានភ្ជាប់ដោយថាមពលថ្ម NMC ទំហំ 59kW ជាមួយនឹងម៉ាស៊ីនសាំង 2.0T អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 200km និងមានអនុភាពកម្លាំងថាមពលសរុបដល់ 635kW ឬ 852hp។ សម្រាប់ម៉ូដែល Tank 300 បច្ចុប្បន្នដែលប្រើម៉ាស៊ីនចំហេះក្នុង (ICE) គឺមានជម្រើសម៉ាស៊ីនម៉ាស៊ូត 2.4T មានកម្លាំងរមួល 490N.m, ម៉ាស៊ីនសាំង 3.0T V6 កម្លាំង 355 សេះ និងម៉ាស៊ីនសាំង 2.0T Four-cylinder មានកម្លាំង 235 សេះ។
សម្រាប់ម៉ូដែល Tank 300 ដែលដាក់លក់នៅទីផ្សារប្រទេសចិនដំណើរការដោយម៉ាស៊ីន turbo ICE និងម៉ូដែលប្រើបច្ចេកវិទ្យា Hi4-T PHEV ខណៈនៅទីផ្សារសកលមានបន្ថែមម៉ូដែលប្រើម៉ាស៊ីន mild-hybrid និងម៉ូដែល HEV។ Tank 300 Series ដែលចេញលក់នៅទីផ្សារប្រទេសចិនបច្ចុប្បន្នមានតម្លៃចាប់ពីខ្ទង់ $29,400 ដល់ $36,800។ បើតាមទិន្នន័យលក់ចេញពីក្រុមហ៊ុន China EV DataTracker បានឲ្យដឹងថា រថយន្ត Tank 300 Series របស់ GWM លក់បានចំនួន 4,183 គ្រឿងកាលពីខែឧសភា ឆ្នាំ2026 ក្នុងនោះម៉ូដែល Hi4-T PHEV លក់បានចំនួន 588 គ្រឿង និងម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុង (ICE) លក់បានចំនួន 3,500 គ្រឿង៕





