ស្វែងរកពួកយើង:

GWM គ្រោងបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសប្រេស៊ីលនាពាក់កណ្តាលឆ្នាំ 2025

ដោយ

Koun Jab Luffy

29 វិច្ឆិកា 2024 01:08 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor ដែលគេស្គាល់ថា GWM បានប្រកាសថា ខ្លួនគ្រោងនឹងសាងសងរោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ដែលស្ថិតនៅក្នុងក្រុង  Iracemápolis ក្នុងរដ្ឋសៅប៉ូឡូនៅពាក់កណ្តាលឆ្នាំ 2025។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ជំនូបរវាងលោក Shi Qingke ប្រធានក្រុមហ៊ុន GWM International President និងប្រធានាធិបតីប្រទេសប្រេស៊ីលលោក Luiz Inácio Lula da Silva កាលពីថ្ងៃទី 26 ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ លោកប្រធានាធិបតី Luiz បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះវត្តមានក្រុមហ៊ុន GWM ក្នុងការជម្រុញវិស័យរថយន្តរបស់ប្រទេសប្រេស៊ីល។
រោងចក្រថ្មីរបស់ GWM នៅក្នុងក្រុង Iracemápolis នឹងក្លាយជារោងចក្រដំបូងរបស់ប្រទេសប្រេស៊ីលដែលផលិតយានជំនិះថាមពលថ្មី ឬរថយន្តអគ្គិសនី (NEVs) ដែលជាសញ្ញាដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូររបស់ប្រទេសឆ្ពោះទៅកាន់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ GWM មានគោលបំណងបំពេញតម្រូវការក្នុងស្រុកសម្រាប់រថយន្តអគ្គិសនី និងរថយន្តឆ្លាតវៃ ខណៈពេលដែលដាក់មូលដ្ឋានទីតាំងរោងចក្រផលិតកម្មសកលទីបួនរបស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីបម្រើទីផ្សាររថយន្ត NEV ដែលកំពុងរីកចម្រើននៅទូទាំងអាមេរិកឡាទីន។
Article image
កាលពីដំបូងឡើយ រោងចក្រថ្មីនេះ មានគ្រោងបង្កើតឡើងដើម្បីសង្វាក់ផលិតរថយន្ត Plug-in-hybrid SUV ម៉ូដែល Haval H6 ដែលជាម៉ូដែលលក់ដាច់បំផុតរបស់ GWM នៅទូទាំងពិភពលោក។ រោងចក្រនេះត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់សមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន 50,000 គ្រឿង ដោយចាប់ផ្តើមជាមួយនឹងទិន្នផលដំបូងចំនួន 20,000 គ្រឿង។ ការពង្រីកបរិមាណផលិតជាដំណាក់កាលនេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ GWM ចំពោះប្រតិបត្តិការធ្វើមាត្រដ្ឋាន នៅពេលដែលតម្រូវមានការកើនឡើង។
Article image
នៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខទៀតនេះ GWM គ្រោងនឹងវិនិយោគទឹកប្រាក់ច្រើនជាង 1.7 ពាន់លានដុល្លារនៅក្នុងប្រទេសប្រេស៊ីល។ ការវិនិយោគដ៏ច្រើននេះ នឹងគាំទ្រដល់ប្រតិបត្តិការ ការបង្កើនសមត្ថភាពផលិតកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ហើយនៅពេលដែលសង្វាក់ផលិតកម្មដំណើរការពេញលេញ រោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថានឹងបង្កើតការងារដល់ប្រជាជនក្នុងតំបន់ច្រើនជាង 4,500 នាក់ ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ក្រុង Iracemápolis និងតំបន់ជុំវិញមានភាពកាន់តែល្អប្រសើរឡើងវិញ។
Article image
រោងចក្រថ្មីនឹងលេចរូបរាងឡើងនៅក្នុងក្រុង Iracemápolis គឺបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់ GWM ក្នុងការពង្រីកវត្តមានម៉ាកយីហោរថយន្តរបស់ខ្លួនជាសកល និងគាំទ្រដល់កំណើននៃអាជីវកម្មរថយន្តអគ្គិសនីថ្មី (NEVs) នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ ដោយផ្តោតលើផលិតកម្មក្នុងស្រុក និងការវិនិយោគសំខាន់ៗ រោងចក្រនេះ មានគោលបំណងរួមចំណែកដល់វិស័យរថយន្តដែលកំពុងធ្វើការបដិវត្តរបស់ប្រទេសប្រេស៊ីល៕
GWM គ្រោងបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសប្រេស៊ីលនាពាក់កណ្តាលឆ្នាំ 2025