ស្វែងរកពួកយើង:

GWM ប្រកាសចេញឡាន Luxury off-Road កម្លាំង 864 សេះ នឹងដាក់លក់ផ្លូវការណ៍ជាមួយតម្លៃជាង 6 ម៉ឺន

ដោយ

ជុំ ប៉េងលីន

22 មេសា 2026 07:57 ព្រឹក

អាន 3 នាទី

Article image

ក្រុមហ៊ុន Great Wall Motor ឬ GWM បានធ្វើការប្រកាសចេញឡាន Luxury off-road ស៊េរីថ្មីម៉ូដែល Tank 700 ជាផ្លូវការណ៍។ Tank 700 ម៉ូដែលដំបូងត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារក្នុងស្រុកក្នុងឆ្នាំ 2024 ដោយប្រើប្រាស់ម៉ាស៊ីនសាំង 3-liter V6 based Hi4-T Plug-in-hybrid system។ តាមទិន្នន័យរបស់ Chinese EV DataTracker បានឲ្យដឹងថា ការលក់សរុបរបស់ Tank 700 មកទល់នឹងពេលនេះ គឺមានចំនួន 19,343 គ្រឿង។ សម្រាប់ទីផ្សារក្រៅប្រទេសវិញ GWM បានចេញលក់ Tank 700 ដំណើរការដោយម៉ាស៊ីនសាំងសុទ្ធ ដោយប្រើម៉ាស៊ីន 3-liter V6 ដែលមានប្រព័ន្ធដុំភ្លើងបញ្ចេះម៉ាស៊ីនកម្លាំង 48V Belt Starter Generator។
Article image
Tank 700 ស៊េរីថ្មីប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងប្រភេទ body-on-frame off-roader ជាមួយការឌីស្សាញតួរខ្លួនបែបស្ទាយ boxy ដែលមានប្រវែងតួរខ្លួន 5,105mm/ ទទឹង 2,061mm/ កំពស់ 1,985mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,000mm។ ចង្កៀងខាងមុខរបស់ Tank 700 ប្រើប្រាស់អំពូល LED សរុប 260 គ្រាប់។ Tank 700 ប្រើប្រាស់យ៉ាន់កង់ខ្នាត 22-inch ជាមួយកំពស់ពីផ្ទៃដីមកបាតក្រោមរថយន្តចន្លោះពី 200-249mm ព្រមទាំងបំពាក់នូវប្រព័ន្ធប៊ូមខ្យល់ ឬ Air Suspension ដែលសេរេដំឡើង ឬទម្លាក់កំពស់រថយន្តបានតម្រូវតាមស្ថានភាពផ្លូវបើកបរថែមទៀតផង។

Article image
ចូលមកផ្នែកខាងក្នុង គឺមានកៅអីចំនួន 5, អេក្រង់កម្សាន្តទំហំ 15.6-inch, អេក្រង់បង្ហាញព័ត៌មាន Full-LCD ទំហំ 12.3-inch, មានមុខងារ Head-up-display រួមនឹងអេក្រងជាប់នៅលើពិដានដំបូលមានទំហំ 17.3-inch សម្រាប់អ្នកអង្គុយកៅអីជួរក្រោយប្រើប្រាស់ទស្សនាផងដែរ។ ជាងនេះទៅទៀត Tank 700 នៅមានអេក្រង់ថាច់ស្រ្គីនទំហំ 7-inch នៅជាប់កំណល់កល់ដៃ (armrest), កៅអីមានមុខងារខ្យល់ត្រជាក់-ក្តៅ និងម៉ាស្សា 10 ចំនុច, មានទូរទឹកកកចំនុះ 5.4-liter និង Speaker ចំនួន 21 គ្រាប់។ នៅលើដំបូលមានភ្ជាប់នូវសែនស័រ LiDAR គាំទ្រដល់ប្រព័ន្ធសុវត្ថិភាពបើកបរ (NAO) ទាំងផ្លូវល្បឿនលឿន និងផ្លូវក្នុងក្រុង ក៏ដូចជាមុខងារចូលចតស្វ័យប្រវត្តិ Autonomous parking ជាដើម។

Article image
Tank 700 ស៊េរីថ្មីមានជម្រើសប្រើប្រាស់ប្រព័ន្ធ Hi4-T និង Hi4-Z។ ដោយម៉ូដែល Tank 700 Hi4-Z ដំណើរការដោយម៉ាស៊ីន 2-liter Turbocharged កម្លាំង 248 សេះ ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង 288 សេះ ភ្ជាប់ដំណើរការដោយប្រអប់លេខអេឡិចត្រូនិច 3DT។ មួយម៉ូដែលទៀតមានបំពាក់ម៉ូទ័រអគ្គិសនីមួយលើភ្លៅក្រោយកម្លាំង 322 សេះ ផលិតកម្លាំងសរុបបាន 864 សេះ។ ម៉ូដែលនេះប្រើប្រាស់កញ្ចប់ថ្មប្រភេទ ternary NMC ទំហំ 59.05kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 190km ក្រោមស្តង់ដារ WLTC។ Tank 700 Hi4-Z អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 5.6 វិនាទី និងមានកម្រិតស៊ីសាំងប្រមាណ 1.16L/100km នៅពេលបើកបរដោយប្រើ hybrid mode។

Article image
ចំនែកម៉ូដែល Tank 700 Hi4-T វិញ ប្រើប្រាស់ម៉ាស៊ីនសាំង 3-liter V6 កម្លាំង 355 សេះ ភ្ជាប់ដំណើរការដោយប្រអប់លេខអូតូ 9 វគ្គ រួមជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង 174 សេះ និងមានកញ្ចប់ថ្មប្រភេទ ternary NMC ទំហំ 37.1kWh សម្រាប់ផ្តល់ថាមពលទៅកាន់ e-Motor។ ម៉ូដែលនេះអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 90km នៅពេលសាកភ្លើងពេញម្តង។ ចំនែកកម្រិតស៊ីសាំងវិញ គឺប្រមាណ 2.97L/100km នៅពេលប្រើមុខងារ PHEV mode និងដល់ 10.9L/100km នៅពេលប្រើប្រាស់ម៉ាស៊ីនសុទ្ធ ។ Tank 700 Hi4-T អាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 5.6 វិនាទីដូច Tank 700 Hi4-Z ដែរ។ Tank 700 Hi4-T ដំណើរការដោយប៉ុងពីរ ឬ 4WD ព្រមទាំងមានប្រព័ន្ធមុខងារចាក់ប៉ុង multi-disc clutch and three differential locks ថែមទៀតផង។

Article image
សម្រាប់តម្លៃវិញ ម៉ូដែល Tank 700 Hi4-Z មានជម្រើសពីរម៉ូដែល គឺ Ultimate មានតម្លៃខ្ទង់ $62,780 និង Extreme មានតម្លៃខ្ទង់ $68,545 ខណៈម៉ូដែល Tank 700 Hi4-T គឺមានជម្រើសតែមួយម៉ូដែលប៉ុណ្ណោះ និងមានតម្លៃខ្ទង់ $74,520៕