GWM ទើបតែបានប្រកាសចេញលក់ឡាន SUV ប្រភេទ Plug-in-hybrid (PHEV) ថ្មីម៉ូដែល Haval Dargo Plus ឬ Big Dog Plus នៅទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ $24,300។ ឡាន off-road SUV PHEV ថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការបង្កើនសមត្ថភាពកញ្ចប់ថ្មអគ្គិសនីប្រសើរជាងមុនដែលអាចបើកបានចម្ងាយដល់ 200km នៅពេលសាកភ្លើងពេញម្តង ខណៈម៉ូដែលចេញលក់ពីមុនអាចបើកបានចម្ងាយត្រឹម 105km ប៉ុណ្ណោះ។ ហើយនៅពេលបើកបរដោយប្រើអគ្គិសនីលាយម៉ាស៊ីនសាំងពេញម្តងអាចជិះបានចម្ងាយដល់ទៅជាង 1,000km ក្រោមស្តងដារ WLTC។
Haval Dargo Plus PHEV ម៉ូដែលថ្មីនេះបំពាក់កញ្ចប់ថ្មទំហំ 33.7 kWh ប្រភេទ lithium iron phosphate battery pack, ដំណើរការដោយម៉ាស៊ីន 1.5T plug-in hybrid system ភ្ជាប់ជាមួយម៉ូដែលអគ្គិសនីមុខមួយ និងក្រោយមួយ និងភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ DHT 2-វគ្គ។ ម៉ាស៊ីន Hybrid របស់ Haval Dargo Plus អាចផលិតកម្លាំងបាន 115kW និងកម្លាំងរមួល 243Nm ខណៈកម្លាំងផលិតសរុបបញ្ចូលគ្នាជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីទាំងពីរអាចធ្វើបានដល់ 320kW ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 5.8 វិនាទី បើតាមការបញ្ជាក់ពី GWM។ បន្ថែមពីនេះ Haval Dargo Plus PHEV ថ្មីនេះមានភ្ជាប់មកជាមួយមុខងារ sentinel mode, built-in dashcam និងប្រព័ន្ធចែកចាយភ្លើង V2L កម្លាំង 6kW ផងដែរ។
ឡាន off-road SUV PHEV ម៉ូដែលថ្មីនេះ មានប្រវែងតួរខ្លួន 4,705 mm/ទទឹង 1,908mm/កំពស់ 1,780mm/ គម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,810mm និងកំពស់ពីបាទក្រោមរថយន្តធៀបនឹងផ្ទៃដីប្រវែង 200mm។ នៅកាប៊ីនខាងក្នុងរបស់ Haval Dargo Plus PHEV ថ្មី មានបំពាក់មកជាមួយអេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch និងអេក្រង់កម្សាន្តទំហំ 14.6-inch មានចង្កោមប៊ូតុងចុចប្រភេទ Physical Shortcut button នៅខាងក្រោមអេក្រង់កម្សាន្ត ខណៈកន្លែងដាក់លេខនៅកណ្តាលត្រូវបានជំនួសដោយចង្កឹះលេខរចនាបែប column shifter។
សូមបញ្ជាក់ថា GWM បានពង្រីកស្រឡាយរថយន្ត SUV ម៉ាក Haval ជាមួយនឹងការបង្ហាញចេញម៉ូដែលថ្មីៗមួយមួយចំនួននៅក្នុងប្រទេសចិន ក្នុងនោះមានម៉ូដែល Haval H9 2026 ដែលប្រើម៉ាស៊ីនម៉ាស៊ូតមានសមត្ថភាពអាចបើកបរក្នុងទឹកបានជម្រៅ 800mm។ ហើយថ្មីៗនេះក្រុមហ៊ុនក៏បានបញ្ចេញ Haval H10 PHEV ដែលជា Flagship SUV មានសមត្ថភាពអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 180km។ ចំពោះម៉ូដែល Haval Dargo ឬ Big Dog បច្ចុប្បន្ន គឺជាកំនែប្រែថ្មីពីម៉ូដែលឆ្នាំ 2025 ដែលបានធ្វើបច្ចុប្បន្នភាពមកប្រើប្រព័ន្ធបើកបរប៉ុងពីរ ឬ All-wheel-drive រួមនឹងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាមុខងារប្រើប្រាស់ទំនើបៗមួយចំនួនទៀត៕





