ស្វែងរកពួកយើង:

Haval H6 Hi4 រថយន្ត Plug-in-hybrid SUV ស៊េរីថ្មី ត្រៀមបង្ហាញវត្តមានផ្លូវការណ៍ក្នុងខែកញ្ញានេះហើយ

ដោយ

Koun Jab Luffy

15 កក្កដា 2024 08:55 ព្រឹក

អាន 2 នាទី

Article image
រថយន្តប្រភេទ Plug-in-hybrid Compact SUV ស៊េរីថ្មីម៉ូដែល Haval H6 Hi4 បានបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថាប័ន MIIT របស់ប្រទេសចិន។ ការបង្ហាញវត្តមានរបស់ Haval H6 Hi4 ថ្មីនេះ គឺទើបតែបានមួយខែបន្ទាប់ពីការចេញលក់ម៉ូដែលថ្មី Haval H6 ប្រើម៉ាស៊ីនសាំង ឬហៅថា Haval H6 gasoline-powered version ដែលមានតម្លៃនៅលើទីផ្សារខ្ទង់ប្រមាណ $16,200 ដល់ $19,800។ ចំនែក Haval H6 Hi4 ថ្មីនេះត្រូវបានគេធ្វើការព្យាករណ៍ថា អាចនឹងបង្ហាញវត្តមាននៅក្នុងខែកញ្ញាឆ្នាំនេះ។
តាមការចុះបញ្ចីរបស់ MIIT បានបង្ហាញថា Haval H6 Hi4 មានប្រវែងបណ្តោយខ្លួន 4,703mm/ ទទឹង 1,886mm/ កម្ពស់ 1,730 mm និងគម្លាតកង់មុខទៅកង់ក្រោយប្រមាណ 2,738mm ដែលវារក្សាទំហំខ្លួនដូចគ្នានឹងម៉ូដែល Haval H6 gasoline ដែរ។ រថយន្ត Compact SUV មួយនេះមានទំងន់ខ្លួនសរុបប្រមាណ 2,385 គីឡូក្រាម។ បើតាមឈ្មោះម៉ូដែលថ្មី Haval H6 Hi4 គឺច្បាស់ណាស់វានឹងប្រើប្រាស់នូវប្រព័ន្ធម៉ាស៊ីន Hybrid ជំនាន់ Hi4 plug-in-hybrid system របស់ក្រុមហ៊ុនមេ Great Wall Motor (GWM)។
Article image
នៅលើបញ្ចីរបស់ MIIT បានបង្ហាញថា H6 Hi4 គឺប្រើប្រាស់នូវម៉ាស៊ីន 1.5L ស៊េរី GW4B15H ដែលអាចផលិតកំលាំងបាន 85kW ឬ 114 សេះ និងបំពាក់កញ្ចប់អាគុយប្រភេទ lithium iron phosphate battery pack ដែលផលិតដោយក្រុមហ៊ុន SVOLT។ ទោះជាយ៉ាងណាសម្រាប់ទំហំអាគុយ ចម្ងាយផ្លូវដែលអាចបើកបរបាន និងប្រព័ន្ធម៉ូទ័រអគ្គិសនីមិនត្រូវបានគេបង្ហាញចេញនៅឡើយទេ។ ប៉ុន្តែ រថយន្តស៊េរីថ្មី Haval H6 Hi4 Plug-in-Hybrid SUV គឺនឹងអាចជាន់ល្បឿនលឿនបំផុតដល់ 180km/h។ រថយន្តស៊េរីថ្មីនេះ គឺប្រើសម្បកកង់ខ្នាត 235/55 R19 ជាមួយដំបូលបើក panoramic roof។
Article image
សូមបញ្ជាក់ថារថយន្តម៉ាក Haval H6 ត្រូវបានបង្ហាញវត្តមានជាលើកដំបូងលើទីផ្សារនៅថ្ងៃទី 25 ខែសីហា ឆ្នាំ 2011 នៅក្នុងរោងចក្រផលិតរបស់ក្រុមហ៊ុន Great Wall Motor ស្ថិតនៅក្នុងខេត្ត Tianjin ប្រទេសចិន ដែលវាត្រូវបានឧទ្ទេសនាមឲ្យថាជារថយន្ត “Urban Smart SUV”។ កាលពីអំឡុងខែមិថុនាកន្លងទៅ Haval H6 លក់បានចំនួន 5,686 គ្រឿង និងខែឧសភាលក់បានចំនួន 14,006 គ្រឿង។ ហើយការលក់សរុបចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ 2024 គឺលក់បានចំនួន 93,522 គ្រឿង៕
Article image