
កាលពីថ្ងៃទី 20 ខែកុម្ភៈ ម្សិលមិញនេះ លោក Zhao Yongpo អ្នកគ្រប់គ្រងទូទៅនៃម៉ាករថយន្ត Haval និង Ora របស់ក្រុមហ៊ុន Great Wall Motors ឬ GWM បានបង្ហាញចេញរូបរាងផ្លូវការណ៍របស់រថយន្ត Xiaolong Max ជំនាន់ទីពីរនៃម៉ាករថយន្ត Haval។ រថយន្តជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើឱ្យប្រសើរឡើងលើការរចនាទាំងរូបរាងក្រៅ ការតុបតែងខាងក្នុង និងកម្លាំងម៉ាស៊ីនជាដើម។ កាលពីដើមខែមករាលោក Zhao បានបញ្ចេញរូបភាពផ្លូវការនៃរថយន្តជំនាន់ថ្មីនេះ ប៉ុន្តែវាត្រូវបានគេដាក់ឈ្មោះឲ្យថា New Haval H7។
បច្ចុប្បន្នរថយន្ត Haval Xiaolong Max ត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពីខ្ទង់ $22,000 ដល $24,800។ ហើយកាលពីខែមករា កន្លងទៅនេះ Haval លក់ Xiaolong Max បានចំនួនត្រឹមតែ 22 គ្រឿងប៉ុណ្ណោះ។ Haval Xiaolong Max ជាប្រភេទរថយន្ត medium-side SUV ដែលមានប្រវែងបណ្តោយ 4,780mm/ ទទឹង 1,895mm/ កំពស់ 1,725mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,810mm។

រថយន្ត medium-size SUV នេះប្រើប្រាស់យ៉ាន់កង់ទំហំ 19-inch។ សម្រាប់ជំនាន់ទីពីរនៃ Xiaolong Max នឹងគាំទ្រនូវប្រព័ន្ធមុខងារ end-to-end assisted driving functions សម្រាប់ជំនួយការបើកបរនៅក្នុងក្រុង ដោយប្រើប្រាស់នូវប្រព័ន្ធ DJI Zhuoyu computing platform។
Haval Xiaolong Max ជំនាន់ទីពីរនឹងមានជម្រើសប្រើនូវប្រព័ន្ធម៉ាស៊ីន plug-in-hybrid ពីរផ្សេងគ្នា គឺម៉ាស៊ីន 1.5L Hi4 និង 1.5T Hi4 ដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុនមេ GWM។ សម្រាប់ម៉ាស៊ីន 1.5L Hi4 ផ្តល់នូវអនុភាពកំលាំង 85kW ឬ 114 សេះ ហើយផ្គួរផ្គង់ដោយកញ្ចប់ថ្មប្រភេទ lithium-iron phosphate battery pack ទំហំ 27.5kW ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 126km តាមស្តង់ដារតេស្តពី CLTC។ ចំនែកម៉ាស៊ីន 1.5T Hi4 អាចផលិតកំលាំងបាន 115kW ឬ 154 សេះ។

ទោះជាយ៉ាងណាសម្រាប់អនុភាពប្រព័ន្ធម៉ូទ័រអគ្គិសនី និងរយះចម្ងាយ range-extended របស់ Haval Xiaolong Max មិនទាន់ត្រូវបានគេទម្លាយចេញនៅឡើយទេក្នុងពេលនេះ៕
