
ក្រុមហ៊ុន HMD បានត្រៀមពង្រីកស្រឡាយផលិតផលរបស់ខ្លួនបន្ថែមទៀតបន្ទាប់ពីទូរស័ព្ទស្មាតហ្វូន ជាមួយឧបករណ៍បំពងសំឡេង ឬ Bluetooth Speaker ដែលមានតម្លៃសមរម្យ។ បើតាមប្រភពព័ត៌មានបែកធ្លាយថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាហ្វាំងឡង់មួយនេះ បាននឹងកំពុងធ្វើការលើខ្សែសង្វាក់ផលិត Speaker ដែលមានមានឈ្មោះថា HMD Boom E1។ យោងទៅលើប្រភពដែលបានទម្លាយព័ត៌មានបង្ហាញនិយាយថា HMD Boom E1 Speaker នឹងប្រើប្រាស់នូវប្រព័ន្ធ 4-ohm horn ជាមួយនឹង Sound Driver ខ្នាត 52mm ដែលមានសមត្ថភាពអាចបញ្ចេញសំឡេងបានក្នុងកម្រិត 5W។
បន្ថែមពីនេះ Boom E1 ក៏នឹងមានប្រព័ន្ធការពារទឹកកម្រិត IPX7 waterproof ដែលអាចឲ្យ Speaker អាចគាំទ្របានជាមួយទឹកកំពប់លើ ភ្លៀង និងការដាក់ជ្រមុជក្នុងទឹកក្នុងរយះពេលខ្លីជាដើម ដែលស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់នៅក្រៅ មិនថានៅមាត់ឆ្នេរ ជិតអាងហែលទឹក ឬអំឡុងពេលដំណើរកម្សាន្តឡើងភ្នំរយៈពេលខ្លីនោះទេ។
សម្រាប់ការតភ្ជាប់ជាមួយឧបករណ៍ចាក់តន្ត្រីវិញ HMD Boom E1 Speaker អាចធ្វើការភ្ជាប់តាមរយះបច្ចេកវិទ្យា Bluetooth 5.0 និងតាមរយះរន្ធដោតប្រភេទ AUX Line-in។ បន្ថែមពីនេះវាក៏នឹងមានរន្ធម៉ិចស័រសំឡេងផងដែរ។ សម្រាប់ទំហំថ្មវិញ Boom E1 Speaker ត្រូវបានប្រភពបញ្ជាក់ថា នឹងមានទំហំ 800mAh ជាមួយនឹងការសាកភ្លើងចូលតាមរយះរន្ធ USB-C។

បើតាមរូបភាពដែលបែកធ្លាយបង្ហាញឲ្យឃើញថា HMD Boom E1 Speaker មានការឌីស្សាញរាងមូលជាមួយពណ៌ខៀវ ដែលផ្ទៃខាងមុខត្រូវបានស្រោបដោយសំណាញ់ក្រណាត់ “Fabric Mesh” មាននិមិត្តសញ្ញា HMD នៅខាងលើ និងខាងក្រោមមានប៊ូតុងកម្រិតសំឡេងឡើងចុះ ប៊ូតុងចាក់ចម្រៀង និងប៊ូតុងបិទបើក (Power)។ ទោះជាយ៉ាងណា មិនមានព័ត៌មានបញ្ជាក់ពីតម្លៃ និងកាលបរិច្ឆេទនៃការប្រកាសចេញ ឬចេញលក់សម្រាប់ឧបករណ៍បំពងសំឡេងដំបូងរបស់ HMD នៅឡើយទេក្នុងពេលនេះ៕
