
នេះគឺជាឡាន Honda Prelude ស៊េរីឆ្នាំ 2026 ដែលទើបតែបានចេញលក់ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី $42,000 ឡើងទៅ។ ឡាន Honda Prelude ឆ្នាំ 2026 ថ្មីនេះ បានបំពាក់គ្រោងឆ្អឹង និងផ្តល់ជម្រើសម៉ាស៊ីន Hybrid ដូចទៅនឹង Honda Civic Hybrid ដែរ គឺចំណុះ 2.0L ទំហំ 4 ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនី 1 ដែលអាចបង្កើតកម្លាំងបានសរុប 200 HP និង កម្លាំងរមួល 315 NM ហើយប្រើប៉ុង 1 (FWD) និង ប្រអប់លេខអូតូ ហៅថា Linear Shift Control System។
រឹតតែពិសេសនោះគឺ Prelude ឆ្នាំ 2026 មានបំពាក់ Drive Mode ថ្មីហៅថា S+ Shift Mode ទៀតផង។ មិនតែប៉ុណ្ណោះ Honda Prelude ថ្មី ក៏បានបំពាក់ប្រព័ន្ធបូមមុខ ប្រភេទ Dual-axis Strut Front Suspension និង ព្រទាលធំដូចទៅនឹង Civic Type R បច្ចុប្បន្ន ព្រមទាំងមានប្រព័ន្ធ Adaptive Dampers ផងដែរ។ ចំណែកឯប្រព័ន្ធហ្វ្រាំងវិញ ក៏យកចេញពី Honda Civic Type R ដែរ ដូចជា រ៉ូទ័រទំហំ 13.8 អ៊ីញ មាន 4 ពីស្តុងនៅខាងមុខ និង ខាងក្រោយទំហំ 12 អ៊ីញ ខណៈចំណុចខុសគ្នានោះគឺ សំបកកង់ 235/40R19 ពោលគឺស្តើងជាង Honda Civic Type R។

យ៉ាងណាក៏ដោយ Honda Prelude 2026 ក៏បានបំពាក់ប្រព័ន្ធដ៏ពិសេសថ្មីមួយ ហៅថា Honda Agile Handling Assist ដែលជួយគ្រប់គ្រងលើដំណើរការម៉ាស៊ីន និងប្រព័ន្ធហ្វ្រាំង ដើម្បីធ្វើឲ្យការបើកបរកាន់តែប្រសើរ និងមានទំនុកចិត្ត។ សូមបញ្ជាក់ថា Honda Prelude ឆ្នាំ 2026 មានប្រវែងតួខ្លួន 4.53m ទទឹង 1.88m កម្ពស់ 1.35m និង គម្លាងពីកង់មុខទៅកង់ក្រោយ 2.60m។

ចំណែកឯ Option វិញ វាក៏បានបំពាក់មកច្រើនដែរ ដោយក្នុងនោះរួមមានទាំង ដៃចង្កូតរចនារាងជាអក្សរ D, កុងទ័រឌីជីថល ទំហំ 10.2 អ៊ីញ, អេក្រង់កម្សាន្ត ទំហំ 9 អ៊ីញ អាចប្រើមុខងារ Apple CarPlay & Android Auto ឥតខ្សែ, ប្រព័ន្ធសំឡេង Bose ក៏ដូចជា ប្រព័ន្ធជំនួយការបើកបរ Honda Sensing ទៀតផង៕

