ស្វែងរកពួកយើង:

Honda S7 បង្ហាញខ្លួននៅប្រទេសចិនជាមួយកម្លាំង 469 សេះរត់បាន 620km និងមានតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

08 មីនា 2025 03:56 រសៀល

អាន 3 នាទី

Article image
Honda S7 ដែលជាឡានអគ្គិសនីផលិតឡើងដោយក្រុមហ៊ុនចិន Dongfeng និង Honda បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនហើយ មានតម្លៃចាប់ពី 259,900 យ៉ន់ដែលប្រហែលជា 35,840 ដុល្លារឡើងទៅ ដោយម៉ូដែលធំជាងគេ គឺមានការកម្លាំងដល់ទៅ 469 សេះ អាចរត់បាន 620km ហើយនឹងមានអេក្រង់ខាងក្នុងទំហំធំដល់ទៅ 41.9-អ៊ីង។ Honda S7 ត្រូវបានក្រុមហ៊ុនបង្ហាញខ្លួននៅលើទីផ្សារចិនកាលពីឆ្នាំមុននេះ ជាមួយនិងម៉ាកយីហោ Ye។ តាមដំណឹងមុននេះ បញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានងាកចេញពីម៉ាក Ye ហើយ ដោយប្រើប្រាស់ឈ្មោះថា Honda S7។ ជាមួយនិងវត្តមានម៉ូដែលនេះ ក្រុមហ៊ុន Honda មានគោលដៅចង់ស្តារនូវកេរ្ត៍ឈ្មោះវិញក្រោយពេលស្ងាត់មួយរយៈនៅលើទីផ្សារចិន។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន Honda បានដាក់ចេញនូវយុទ្ធសាស្ត្រទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនក្រោមការប្រើប្រាស់ម៉ាកយីហោថា “Ye Series” ជាមួយគម្រោងក្នុងការប្រកាសចេញរថយន្តអគ្គិសនីម៉ាកនេះចំនួន 6 ម៉ូដែលត្រឹមឆ្នាំ 2027។ ក្នុងនោះគំរូរថយន្តចំនួន 3 ម៉ូដែលក្នុងចំណោម 6 ម៉ូដែល ម៉ូដែល Ye S7, Ye P7 និង Ye GT ត្រូវបានក្រុមហ៊ុនបង្ហាញចេញរួចហើយ។ សម្រាប់ម៉ូដែល Ye S7 ត្រូវបានគេដឹងថា មានការរួមសហការផលិតដោយក្រុមហ៊ុនផលិតរថយន្តប្រទេសចិន Dongfeng ខណៈម៉ូដែល Ye P7 នឹងត្រូវសហការផលិតដោយក្រុមហ៊ុន GAC។
Article image
Honda S7 ឬ Ye S7 ត្រូវបានគេដឹងថាជារថយន្តអគ្គិសនីប្រភេទ mid-side SUV ដែលមាន 5 កៅអី ដែលរចនារូបរាងឡើងដោយប្រើទម្រង់ W-Platform។  រថយន្តនេះមានប្រវែងបណ្តោយ 4,750mm/ ទទឹង 1,930mm/ កំពស់ 1,625mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,930mm ហើយនិងមានទំងន់សរុប 2,305kg។ សម្រាប់កញ្ចប់ថ្មវិញ Honda S7 នឹងមានថ្មទំហំ 89.8 kWh ជាប្រភេទ ternary NMC battery pack ផលិតដោយក្រុមហ៊ុន CATL ដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 620km តាមការបញ្ជាក់ស្តង់ដារ CATC។ នៅលើរថយន្តនេះ គឺមានការដាក់អោយដំណើរការនូវប្រព័ន្ធជំនួយការបើកបរ Honda Sensing 360+ driving assistance system ថែមទៀតផង។ វត្តមាន S7 ដែលជាម៉ូដែលចុងក្រោយរបស់ Honda ត្រូវបានគេនិយាយថា គឺមានគោលដៅប្រជែងជាមួយដៃគូនានានៅលើទីផ្សារប្រទេសចិន។
Article image
Honda S7 នឹងដំណើរការដោយប្រព័ន្ធ AWD ឬ All-Wheel-Drive ដោយប្រើនូវប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដោយម៉ូទ័រមុខមានកំលាំង 150kW និងម៉ូទ័រក្រោយកំលាំង 200kW ដែលសរុបកំលាំងបញ្ចូលគ្នាបានដល់ 350kW ឬ 469 សេះ អាចជាន់ល្បឿនលឿនបំផុត Top Speed ដល់ 180km/h។ Honda S7 ឬ Ye S7 ក៏នឹងមានជម្រើសម៉ូដែលដំណើរការដោយប្រព័ន្ធ RWD ប្រើម៉ូទ័រអគ្គិសនីមួយកំលាំង 200kW ផងដែរ។ ហើយបើតាមប្រភពរបាយការណ៍បាននិយាយថា Honda S7 ឬ Ye S7 ក៏នឹងគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ Qiankun ADS assisted driving tech របស់ក្រុមហ៊ុន Huawei ថែមទៀតផង។
Honda ក៏មាននូវប្រព័ន្ធជំនួយការបើកបររថយន្តផ្ទាល់ខ្លួនផងដែរគឺ advanced driver-assistance system ឬ ADAS និង Honda Sensing 360+ ហើយក្រុមហ៊ុនរថយន្តជប៉ុននេះ គ្រោងចេញលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសចិនទាំងជម្រើសដំណើរការដោយប្រព័ន្ធឬ ADAS និង Honda Sensing 360+ របស់ខ្លួន និង Qiankun ADS assisted driving tech របស់ក្រុមហ៊ុន Huawei។
Article image
បើតាមគំរូរចនារបស់ Honda S7 បង្ហាញថា រថយន្តនេះ គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាសងខាងជំនួសកញ្ចក់មើលក្រោយ ដោយនៅខាងក្នុងកាប៊ីនមានដំឡើងនូវអេក្រង់ចំនួន 4 ក្នុងនោះមានអេក្រង់ទំហំ 10-inch សងខាងសម្រាប់កាមេរ៉ាមើលក្រោយ អេក្រង់កម្សាន្តទំហំ 12.8-inch នៅកណ្តាល និងអេក្រង់បង្ហាញព័ត៌មាននៅខាងក្រោយដៃចង្កូត (មិនទាន់ដឹងពីទំហំ)។ សូមបញ្ជាក់ថា រថយន្ត Honda ក៏ជាម៉ាកយីហោរថយន្តដែលពេញនិយម និងលក់ដាច់បំផុតមួយក្នុងទីផ្សារប្រទេសចិនផងដែរ ដោយក្នុងឆ្នាំ 2024 កន្លងទៅ Honda លក់រថយន្តបានចំនួន 881,347 គ្រឿង៕
Honda S7 បង្ហាញខ្លួននៅប្រទេសចិនជាមួយកម្លាំង 469 សេះរត់បាន 620km និងមានតម្លៃជាង 3 ម៉ឺនដុល្លារ