
រថយន្តអគ្គិសនីស៊េរីថ្មីប្រភេទរថយន្ត Sedan ម៉ូដែល Honda Ye S7 គឺជាម៉ូដែលមួយក្នុងចំនោមម៉ូដែលផ្សេងទៀតដូចជា Ye P7 និង Ye GT ដែលជាសមត្ថិផលរថយន្តកកើតឡើងពីការសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda ជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសចិនដូចជា Dongfeng និង GAC ជាដើម។
ក្នុងពេលនេះរថយន្តស៊េរីថ្មីមួយរបស់ Honda គឺម៉ូដេល Ye S7 ត្រូវបានបង្ហាញវត្តមានផ្លូវការណ៍នៅលើបញ្ចីរបស់ស្ថាប័នមួយរបស់ប្រទេសចិន គឺ Ministry of Industry and Information Technology ដោយបានបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗមួយចំនួនដែលមាននៅលើរថយន្តអគ្គិសនីស៊េរីថ្មីរបស់ Honda។ សូមបញ្ជាក់ថា រថយន្តអគ្គិសនីម៉ាក Ye គឺផលិតឡើងសម្រាប់តែទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។

បើតាមការបង្ហាញពីស្ថាប័ន CLTC បានឲ្យឃើញថា Honda Ye S7 គឺអាចបើកបរបានចម្ងាយផ្លូវ 620km នៅពេលសាកថាមពលអាគុយពេញម្តង។ រថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីនេះ បានប្រើប្រាស់កញ្ចប់អាគុយ ternary lithium ទំហំ 89.8kWh ដែលផលិតដោយក្រុមហ៊ុន CATL។

រថយន្តអគ្គិសនីស៊េរីថ្មីនេះប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ (dual-motor) ដំណើរការដោយប្រព័ន្ធ 4-wheel-drive ជាមួយម៉ូទ័រខាងមុខអាចផលិតកំលាំងបាន 150kW និងម៉ូទ័រខាងក្រោយអាចផលិតកំលាំងបាន 200kW ហើយអាចជាន់ល្បឿនលឿនកប់ (Top speed) បានដល់ 180km/h។

Honda Ye S7 មានប្រវែងបណ្តោយ 4,75០mm/ ទទឹង 1,930mm/ កម្ពស់ 1,625mm និងគម្លាតចន្លោះកង់មុខក្រោយ 2,930mm។ រថយន្តនេះមានទំងន់សរុប 2,305km និងប្រើទំហំយ៉ាន់កង់ 21-inch។ រថយន្តអគ្គិសនី Sedan ស៊េរីថ្មីនេះផលិតឡើងដោយប្រើប្រព័ន្ធស្ថាបត្យកម្មផលិតថ្មី W-Architecture។
