ក្រុមហ៊ុន Honda មានគម្រោងនាំចេញឡានអគ្គិសនីសុទ្ធម៉ូដែល e:NS2 របស់ខ្លួនដែលផលិតនៅក្នុងរោងចក្រប្រទេសចិនទៅកាន់ប្រទេសជប៉ុន ដើម្បីពង្រីកផលិតផលឡានអគ្គិសនីក្នុងស្រុករបស់ខ្លួន។ ហើយគម្រោងក្នុងការនាំយក e:NS2 ចូលទៅកាន់ទីផ្សារប្រទេសជប៉ុននេះ ក៏មានគោលបំណងក្នុងការដំណើរការសង្វាក់ផលិតកម្មនៅរោងចក្ររបស់ខ្លួននៅចិនដែលបានផ្អាកដំណើរការឡើងវិញផង និងដើម្បីទប់ទល់នឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ឡានអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសចិនផង។ នៅប្រទេសចិនក្រុមហ៊ុន Honda បានចាប់ដៃគូសហការជាមួយ Dongfeng ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់ប្រទេសចិន ។

ហើយឡានអគ្គិសនីស៊េរីថ្មីម៉ូដែល e:NS2 ត្រូវបានផលិតនៅក្នុងរោងចក្រទីមួយ (No.1 Plant) របស់ Dongfeng Honda ត្រូវបានគេព្យាករណ៍ថា នឹងនាំចេញទៅលក់នៅក្នុងទីផ្សារប្រទេសជប៉ុននារដូវផ្ការីកក្នុងឆ្នាំ 2026 ខាងមុខនេះ។ សម្រាប់គម្រោងនៃការនាំយកឡានអគ្គិសនីសុទ្ធស៊េរីថ្មីចូលទៅកាន់ទីផ្សារជប៉ុននេះ គឺនឹងធ្វើឲ្យរថយន្តប្រភេទ Insight របស់ Honda ដែលបានបញ្ឈប់ការផលិតមានជីវិតរស់ឡើងវិញ ហើយការបញ្ជាទិញ e:NS2 ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី 19 ខែមីនា ឆ្នាំ 2026 នេះ។ ហើយនេះ គឺជាលើកដំបូងហើយដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ធំមួយមួយនេះ បានលក់ចេញលក់ផ្លូវការនូវរថយន្តដឹកអ្នកដំណើរប្រើប្រាស់អគ្គិសនីសុទ្ធ ដែលផលិតនៅក្នុងរោងចក្រប្រទេសចិននៅក្នុងទីផ្សារក្នុងស្រុកកំណើតរបស់ខ្លួន។

សម្រាប់ការនាំចេញ Dongfeng Honda e:NS2 ចូលទៅកាន់ទីផ្សារប្រទេសជប៉ុន ត្រូវបានគេរាយការណ៍អាចធ្វើឡើងក្នុងចំនួនមានកំនត់ គឺត្រឹម 3,000 គ្រឿងប៉ុណ្ណោះ។ Honda e:NS2 ប្រើប្រាស់កញ្ចប់ថ្មទំហំ 68.8-kWh ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ដែលការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 545km ហើយវាមានតម្លៃខ្ទង់ $23,190 នៅទីផ្សារប្រទេសចិន។ បច្ចុប្បន្ន Honda មានឡានអគ្គិសនីចំនួនពីរម៉ូដែលបានដាក់លក់នៅទីផ្សារក្នុងស្រុកក្នុងនោះរួមមានម៉ូដែល Honda N-ONE e: និង N-ONE e: ហើយក៏រងសំពាធទីផ្សារខ្លាំងពីដៃគូរប្រជែងក្រៅស្រុក និងក្នុងស្រុកដូចជា Tesla និង Toyota ផងដែរ ដែលធ្វើឲ្យការលក់បានការធ្លាក់ចុះ។

ចំនែកការលក់ឡានអគ្គិសនីនៅក្នុងប្រទេសចិនវិញ Honda ក៏ទទួលរងសំពាធទីផ្សារខ្លាំងពីក្រុមហ៊ុនក្នុងស្រុកដូចជា BYD និង Geely ជាដើម ដែលធ្វើឲ្យចំនែកទីផ្សាររបស់ Honda មានសំពាធឈានដល់ការលក់ធ្លាក់ចុះខ្លាំង។ ក្នុងឆ្នាំ 2025 ការលក់ឡានថ្មីនៅក្នុងទីផ្សារប្រទេសចិនបានធ្លាក់ចុះប្រមាណ 24% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ (YoY) ដោយលក់បានសរុបចំនួន 645,345 គ្រឿង ដែលជាឆ្នាំទីប្រាំនៃការលក់ធ្លាក់ចុះ 5 ឆ្នាំជាប់ៗគ្នា៕