ស្វែងរកពួកយើង:

Honda ចេញឡានស៊េរីថ្មី ដំណើរការដោយអគ្គិសនីសុទ្ធ និងមានតម្លៃក្រោម 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

12 កញ្ញា 2025 09:06 ព្រឹក

អាន 2 នាទី

Article image
បច្ចុប្បន្នទីផ្សាររថយន្តអគ្គិសនី កំពុងមានការរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុនផលិតរថយន្តធំៗនៅទូទាំងពិភពលោកបាននឹងកំពុងបង្វែរសង្វាក់ផលិតកម្មរបស់ខ្លួនពីការផលិតរថយន្តដែលប្រើម៉ាស៊ីន (ICE) មកប្រើថាមពលអគ្គិសនី (BEV) និង PHEV ជំនួសវិញ។ បច្ចុប្បន្នប្រទេសដែលមានការផលិត និងនាំចេញរថយន្តអគ្គិសនីច្រើនជាងគេក្នុងពិភពលោក គឺប្រទេសចិន ហើយក្រុមហ៊ុនដែលឈានមុខគេក្នុងការផលិត និងនាំចេញ គឺជាក្រុមហ៊ុន BYD។
ងាកមកក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda វិញ ក៏ចាប់ផ្តើមក្នុងការផលិតរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ ដើម្បីដើរឲ្យទាន់បរិបទទីផ្សារ និងតម្រូវការរបស់អ្នកប្រើប្រាស់។ តួរយ៉ាងដូចជាថ្មីៗនេះ Honda ទើបតែបានបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីជាប្រភេទ Kai Car ម៉ូដែល Honda N-ONE e។
Article image
រថយន្ត Kai Car ដំណើរការដោយអគ្គិសនីថ្មីរបស់ជប៉ុនមួយនេះមានតម្លៃចាប់ពី $18,291 នៅទីផ្សារប្រទេសជប៉ុន។ Honda N-ONE e គឺជាអ្នកស្នងដំណែងម៉ូដែល N-BOX ដែលជាលក់ដាច់បំផុតនៅទីផ្សារប្រទេសជប៉ុន។ Honda N-ONE e ត្រូវបានវិស្វករ Honda រចនាឡើងផ្ចិតផ្ចង់យ៉ាងពិសេសជាមួយភាពប្រណិតសមសួនមានទំហំតូចល្មមដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរនៅក្នុងទីក្រុង។
Honda N-ONE e បំពាក់មកជាមួយកញ្ចប់ថ្មទំហំ 29.6kWh ដូចគ្នានឹងម៉ូដែល N-VAN e ដែរ ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយដល់ 295km ឯណោះ នេះបើតាមការបញ្ជាក់ពី Honda។ N-ONE e គឺជាដៃគូប្រជែងទីផ្សាររថយន្ត Kai Car នៅក្នុងប្រទេសជប៉ុនជាមួយ Nissan Sakura ដែលជារថយន្តពេញនិយមមួយនៅក្នុងទីផ្សារជប៉ុនជាមួយនឹងសមត្ថភាពបើកបរបានចម្ងាយ 180km។
Article image
មិនតែប៉ុណ្ណោះ Honda N-ONE e ក៏នឹងក្លាយជាដៃគូប្រកូតប្រជែងជាមួយនឹងម៉ាករថយន្តអគ្គិសនី BYD និង Toyota ដែលត្រូវបានគេដឹងថាកំពុងគិតគួរក្នុងការផលិតរថយន្តអគ្គិសនីខ្នាតតូច ឬ mini-EV ដែលមានតម្លៃសមរម្យឆាប់ៗនេះផងដែរ។ Honda N-ONE e នឹងចេញលក់ផ្លូវការណ៍នៅទីផ្សារជប៉ុនក្នុងថ្ងៃទី 12 ខែកញ្ញា នេះហើយ ប៉ុន្តែសម្រាប់វត្តមានៅលើទីផ្សារផ្សេងទៀត ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ៕
Honda ចេញឡានស៊េរីថ្មី ដំណើរការដោយអគ្គិសនីសុទ្ធ និងមានតម្លៃក្រោម 2 ម៉ឺនដុល្លារ