
កាលពីសប្តាហ៍មុននេះ មានលេចលឺព័ត៌មានមកថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda និង Nissan បាននឹងកំពុងបើកកិច្ចពិភាក្សាគ្នាសម្រាប់គម្រោងក្នុងការដាក់ក្រុមហ៊ុនទាំងពីររួមបញ្ចូលគ្នា។ ដោយឡែកនៅថ្ងៃនេះ Honda និង Nissan ក៏បានបញ្ជាក់ផ្លូវការណ៍អំពីកិច្ចពិភាក្សានេះផងដែរ ដោយនៅក្នុងកិច្ចពិភាក្សាដែលឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់មួយ ដោយមានការរួមបញ្ចូលទាំងក្រុមហ៊ុន Mitsubishi ផងដែរ។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនទាំងពីរនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ឬហៅថា MoU កាលពីថ្ងៃចន្ទ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមហ៊ុន Honda លោក Toshihiro Mibe បាននិយាយថា “មានចំណុចដែលត្រូវសិក្សា និងពិភាក្សាបន្ថែមទៀត”។
កាលពីដើមឆ្នាំ 2024 នេះ ក្រុមហ៊ុន Honda និង Nissan ធ្លាប់បានចុះហត្ថាលេខាលើកិច្ចព្រមព្រាងរួមគ្នាមួយ ដែលផ្តោតទៅលើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនី និងប្រតិបត្តិការរថយន្ត (Software) សម្រាប់ប្រើនៅក្នុងឧស្សាហកម្មរថយន្តនាំពេលអនាគត។ ការដាក់ក្រុមហ៊ុនទាំងពីរបញ្ចូលគ្នា គឺផ្តល់នូវទិន្នផលល្អប្រសើរសម្រាប់ក្រុមហ៊ុន Nissan ដែលកំពុងជូបប្រទះនូវវិបត្តិហិរញ្ញវត្ថិ ស្របពេលនៃការលក់រថយន្តក៏មានការធ្លាក់ចុះខ្លាំង ខណៈ Honda នៅតែជាម៉ាកយីហោរថយន្តដែលមានភាពរឹងមាំជាងសម្រាប់ទីផ្សាររថយន្តដែលកំពុងមានឡើងកំដៅខ្លាំងក្នុងពេលបច្ចុប្បន្ន។
ក្រុមហ៊ុន Honda, Nissan និង Mitsubishi បានប្រកាសកាលពីខែសីហាអំពីផែនការសម្រាប់ការចែករំលែកសមាសភាគផ្នែកហិរញ្ញប្បទាន និងការស្រាវជ្រាវរួមគ្នាលើកម្មវិធីស្វយ័ត (Autonomous) សម្រាប់អនាគតរថយន្តអគ្គិសនី។ វិបត្តិហិរញ្ញវត្ថុរបស់ Nissan បានចាប់ផ្តើមនៅពេលដែលអតីតប្រធានក្រុមហ៊ុនលោក Carlos Ghosn ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ 2018 ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំ និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនខុស។ យ៉ាងណាមិញលោក Carlos Ghosn បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយបានលាលែងពីតួនាទីបន្ទាប់ពីបាននៅក្រៅឃុំ ដោយភៀសខ្លួនទៅរស់នៅប្រទេសលីបង់ដែលជាស្រុកកំណើតរបស់គាត់វិញ។
Nissan បានប្រកាសថា ក្នុងត្រីមាសដំបូងនៃឆ្នាំ 2024 គឺជាពេលវេលាដ៏អាក្រក់បំផុតសម្រាប់ក្រុមហ៊ុនខ្លួន ដោយបានបាត់ប្រាក់ចំណូលចំនួន 61 លានដុល្លារអាមេរិក ដែលធ្វើឲ្យ Nissan បង្ខំចិត្តបានប្រកាសកាត់បន្ថយបុគ្គលិកចំនួន 9,000 នាក់ នៅទូទាំងពិភពលោក និងកាត់បន្ថយសង្វាក់ផលិតកម្មចំនួន 20%។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិការក្រុមហ៊ុន Nissan លោក Makoto Uchida ត្រូវបានគេដឹងថា បានកាត់បន្ថយប្រាក់បៀវត្សរបស់ខ្លួនពាក់កណ្តាល (50%) ដើម្បីបង្ហាញពីភាពទទួលខុសត្រូវចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ។ បច្ចុប្បន្ន Nissan មានបទពិសោធន៍ខ្លាំងក្នុងផ្នែករថយន្តអគ្គិសនី ជាពិសេសការផលិតម៉ាស៊ីនកូនកាត់ប្រភេទ gas-electric hybrid powertrains ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ល្អសម្រាប់ក្រុមហ៊ុនហុងដា។
ជាងនេះទៅទៀត ក្រុមហ៊ុន Honda អាចអភិវឌ្ឍរថយន្តប្រភេទ SUV ដែលបំពាក់លើតួរប្រភេទ body-on-frame SUV ដែលពឹងលើម៉ូដែល Nissan Armada និង Infiniti QX80 ដែលកំពុងថយចុះខ្លាំងនៅទីផ្សារអាមេរិកខាងជើង។ នៅពេលដែលក្រុមហ៊ុន Honda, Nissan និង Mitsubishi បានចុះហត្ថាលេខាលើកិច្ចព្រមព្រៀងជាផ្លូវការណ៍រួចពេលណា នឹងធ្វើឲ្យក្រុមហ៊ុនរួមគ្នានេះក្លាយជាក្រុមហ៊ុនផលិត និងលក់រថយន្តធំជាងគេលំដាប់លេខ 3 របស់ពិភពលោក។
កន្លងមានបើតាមទិន្នន័យនៃការលក់រថយន្តក្រុមហ៊ុនទាំងបីនេះ បញ្ចូលគ្នា គឺមានចំនួនជាង 8 លានគ្រឿងក្នុងឆ្នាំ 2023 ក្នុងនោះ Honda លក់បានចំនួន 4 លានគ្រឿង, Nissan លក់បានចំនួន 3.4 លានគ្រឿង និង Mitsubishi លក់បានចំនួនត្រឹមតែ 1 លានគ្រឿងប៉ុណ្ណោះ។ Toyota ដែលជាក្រុមហ៊ុនរួមស្រុកជាមួយ Honda, Nissan និង Mitsubishi វិញ នៅតែជាក្រុមហ៊ុនរថយន្តដ៏ធំបំផុតរបស់ពិភពលោក ដោយបាននាំចេញរថយន្តចំនួន 11.5 លានគ្រឿងនៅក្នុងឆ្នាំ 2023 ខណៈសម្ព័ន្ធក្រុមហ៊ុន Volkswagen Group ឈរនៅលំដាប់ទីពីរ ពីក្រោយ Toyota៕
