
ក្រុមហ៊ុន Hongqi New Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hongqi បានធ្វើការប្រកាសពីការមកដលសម្រាប់រថយន្តអគ្គិសនីប្រភេទ Sedan ម៉ូដែល Hongqi EH7 EV ដែលនឹងត្រូវប្រកាសចេញនាថ្ងៃទី 20 ខែមិនា ខាងមុខនេះ។ Hongqi EH7 EV ដែលត្រូវបានគេដឹងថាមានលេខកូដសំគាល់ឈ្មោះថា E001 ដែលជាម៉ូដែលស្ថិតនៅក្រោមម៉ាកយីហោរង (Sub-brand) របស់ Hongqi។ ហើយក្រុមហ៊ុន Hongqi គឺជាក្រុមហ៊ុនរថយន្តម៉ាកយីហោប្រណីតដែលគ្រប់គ្រងដោយ FAW ដែលបានបង្កើតឡើងក្នុងឆ្នាំ 1959។
កាលពីឆ្នាំទៅមិញ Hongqi បានប្រកាសពីយុទ្ធនាការ "All in New Energy" របស់ខ្លួន ដើម្បីលើកកម្ពស់ការប្រើប្រាស់អគ្គិសនីនៃម៉ូដែលទាំងអស់របស់ខ្លួន។ ពិសេសជាងនេះទៅទៀត នៅរយៈពេល 3 ឆ្នាំខាងមុខ ទៀតរនេះ Hongqi New Energy គ្រោងនឹងបញ្ចេញរថយន្តដំណើរការដោយថាមពលសុទ្ធចំនួន 15 ម៉ូដែល ដើម្បីគ្របដណ្តប់លើផ្នែកទីផ្សារទាំងអស់ ដែលក្នុងនោះរួមមានម៉ាក A, B, C និង D-segments ក៏ដូចជារថយន្ត SUV និង MPV ផងដែរ។
Hongqi EH7 ត្រូវបានធ្វើការផលិតឡើងដោយផ្អែកលើទម្រង់ស្ថាបត្យកម្ម FMEs របស់ម៉ាកយីហោរថយន្ត Hongqi ដែលមានការឌីស្សាញជាប្រភេទ Fastback។ នៅ ផ្នែកខាងមុខត្រូវបានរចនាជាទម្រងបិទ ឬហៅថា Zero-frame Design ដែលមានរំលេចដោយចង្កៀងមុខរាងអក្សរ “L”។

នៅផ្នែកចំហៀងយើងឃើញមានការឌីស្សាញជាមួយដៃទ្វារលឹបចូល ជាមួយយ៉ាន់កង់កាំប្រាំរចនាបែបបញ្ឆិតមុខគ្នាអមដោយប្រព័ន្ធប្រអប់ហ្វ្រាំង Brembo ពណ៌ក្រហម និងដំបូលបើកបានពីមុខដល់ក្រោយរចនាឡើងបែប Panoramic sunroof។
បែរមកផ្នែកកន្ទុយក្រោយវិញត្រូវបានរចនាឡើងជាមួយអំពូល LED ពណ៌ក្រហមចំនួន 285 គ្រាប់តំរៀបកាត់ទទឹងពេញនៃគូទខាងក្រោយ ដែលអាចបំភ្លឺបានច្បាស់ជាមួយកម្រិតបង្ហាញចំនួន 3 ស្ទាយ (three-dimensional effect) ដែលផ្តល់នូវសុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរនៅពីខាងក្រោយ។ Hongqi EH7 EV អាចចាត់ចូលជាប្រភេទរថយន្ត medium-to-large sedan ដែលមានប្រវែងបណ្តោយ 4,980mm, ទទឹង 1,915mm, កម្ពស់ 1,490mm, ជាមួយគម្លាតចន្លោះកង់មុខ និងកង់ក្រោយ 3,000 mm។

ហើយអ្វីដែលពិសេស Hongqi EH7 EV មានជម្រើសចំនួន 6 ពណ៌ដូចជា បៃតង, ស្វាយ, ទឹកប្រាក់, ប្រផេះ, ស និងខ្មៅ។ នៅផ្នែកក្នុងមានការឌីស្សាញជាមួយពណ៌ស និងខ្មៅ ជាមួយអេក្រង់កោងភ្លោះទំហំ 6-inch និង15.5-inch ដែលដំណើរដោយបន្ទះឈីប Qualcomm Snapdragon 8155។ បន្ថែមពីនេះ ក៏មានប្រព័ន្ធបាញ់លើកញ្ចក់ខាងមុខ AR HUD (Head Up Display)ព្រមទាំងមានប្រព័ន្ធ autonomous driving ថែមទៀតផង។ Hongqi EH7 EV មានទាំងជម្រើសដំណើរការដោយប្រព័ន្ធ RWD និង AWD ជាមួយការបំពាក់កញ្ចប់អាគុយប្រភេទ Lithium ដែលផ្គត់ផ្គង់ដោយ CATL។ បើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយចិន d1ev បានបញ្ជាក់ថា រថយន្តស៊េរីថ្មីនេះអាចបើកបរបានចំងាយផ្លូវ 760km និង 820km។

Hongqi EH7 EV ម៉ូដែល RWD បំពាក់នូវប្រព័ន្ធម៉ូទ័រមួយកំលាំង 253kW ចំនែកម៉ូដែល AWD បានបំពាក់នូវប្រព័ន្ធម៉ូទ័រពីរដោយម៉ូទ័រខាងមុខអាចផលិតកំលាំងបាន 202kW ខណៈម៉ូទ័រខាងក្រោយអាចផលិតថាមពលបាន 252kW។ សម្រាប់ម៉ូដែល RWD អាចជាន់ល្បឿន Top Speed ដល់ 190km/h និងជាន់ស្ទុះពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.9 វិនាទី។ យ៉ាងណាមិញសម្រាប់តម្លៃបច្ចុប្បន្នក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ ដូច្នេះ សូមរងចាំការបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 20 ខែមិនា ខាងមុខនេះ៕
