ស្វែងរកពួកយើង:

Hongqi បញ្ចេញឡានអគ្គិសនីថ្មីសាកភ្លើងម្តងអាចបើកបានជាង 700 គីឡូម៉ែត្រមានតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

09 មករា 2025 02:00 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Hongqi របស់ប្រទេសចិន ទើបតែបានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល Hongqi EHS7 ឬហៅថា Tiangong 08 នៅក្នុងប្រទេសចិន។ រថយន្តស៊េរីថ្មីនេះមានចំនួន 5 ម៉ូដែលសម្រាប់ការជ្រើសរើសជាមួយតម្លៃចាប់ពីខ្ទង់ $32,750 ដល់ $46,400 នៅទីផ្សារប្រទេសចិន។
Hongqi EHS7 ជាប្រភេទរថយន្ត Crossover SUV ដែលមានបណ្តោយ 4,925mm/ទទឹង 1,950mm/ កំពស់ 1,680mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រមាណជា 3,000mm។ ផ្នែកខាងក្រៅរបស់ Hongqi EHS7 មានការរចនាឡើងយ៉ាងប្រណិតទាន់សម័យជាមួយចង្កៀងខាងមុខរចនាជារាងលេខ 7 និងផ្នែកចង្កៀងបំភ្លឺខាងក្រោយមានការឌីស្សាញប្រហាក់ប្រហែកគ្នានឹងចង្កៀងខាងមុខដែរ គ្រាន់តែមានការភ្ជាប់ដោយអំពូលរចនាជាបន្ទាត់កាត់ពីម្ខាងទៅម្ខាង។ EHS7 មានជម្រើស 6 ពណ៌ដូចជា ពណ៌ស្វាយ Distant Mountain Purple, ពណ៌ស Cloud Stream White, ពណ៌ខៀវ Quiet Sea Blue, ពណ៌ប្រផេះ Quarter Moon Gray, ពណ៌ទឹកប្រាក់ Galaxy Silver, និងពណ៌ខ្មៅ Polar Night Black។ រថយន្តនេះមានជម្រើសយ៉ាន់កង់ទំហំចាប់ពី 18-inch ដល់ 20-inch។
Article image
រថយន្តស៊េរីថ្មីនេះប្រើប្រាស់នូវប្រព័ន្ធជើងក្រោមជាប្រភេទ air suspension ដែលកង់ខាងក្រោយទាំងពីរអាចកាច់បត់តាមចង្កូតបានកម្រិត 8 ដឺក្រេ ដើម្បីជួយរក្សាលំនឹងនៅពេលជិះបត់ផ្លូវកោង។ EHS7 បំពាក់នូវមុខងារ OTA ដែលនឹងអនុញ្ញាតិឲ្យដំណើរការនូវមុខងារ  crab walking mode។ នៅផ្នែកខាងក្នុងត្រូវបានរចនាតុបតែងយ៉ាងប្រណិតទំនើបទាន់សម័យប្រកបដោយផាសុខភាព ដោយក្នុងនោះរួមមានការរចនាដៃចង្កូតស្បែករចនាជារាងអក្សរ D មានពីរកាំដែលមានបំពាក់នូវប៊ូតុងបញ្ជាមុខងារសំខាន់មួយចំនួន, អេក្រង់កម្សាន្តទំហំធំដល់ 15.5-inch និងអេក្រង់បង្ហាញព័ត៌មានទំហំ 6-inch ស្ថិតនៅក្រោយដៃចង្កូត។ Hongqi EHS7 គាំទ្រមុខងារបញ្ជាដោយសំឡេងឆ្លាតវៃ AI Voice Assistant ដែលគាំទ្រដោយ Smart TTS របស់ iFlytek។
Article image
សម្រាប់កៅអីជួរមុខ និងជួរក្រោយ គឺគាំទ្រនូវមុខងារក្តៅ និងត្រជាក់ ខណៈកៅអីអ្នកបើកគាំទ្របន្ថែមនូវមុខងារម៉ាស្សាថែមទៀតផង។ នៅផ្នែកខាងក្រោយរបស់ Hongqi EHS7 អាចផ្ទុកទំងន់បាន 643 លីត្រ និងដល់ 2050 លីត្រនៅពេលបត់កៅអីជួរទីពីរចុះ។ Hongqi EHS7 មានជម្រើសកញ្ចប់អាគុយអគ្គិសនីបីទំហំផ្សេងគ្នា គឺ 75kWh, 85kWh និង 111kWh។ សម្រាប់កញ្ចប់អាគុយទំហំ 75kWh និង 85kWh ជាប្រភេទ lithium iron phosphate batteries ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន FineDream ដែលជាបុត្រសម្ព័ន្ធរបស់ BYD។ ដែលការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 520គ.ម ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនសាកភ្លងចូលវិញចាយពេលត្រឹមតែ 25 នាទីប៉ុណ្ណោះ។
ចំនែកម៉ូដែលប្រើកញ្ចប់ថ្មទំហំ 85kWh ដែលផលិតដោយ CATL វិញអាចបើកបានចម្ងាយ 605គ.ម សម្រាប់ម៉ូដែលប្រើម៉ូទ័រមួយ និង 565 គ.ម សម្រាប់ម៉ូដែលប្រើម៉ូទ័រពីរ។ ហើយក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកមួយពេញម្តងប្រើពេលប្រមាណ 20 នាទីប៉ុណ្ណោះ។ ចំនែកម៉ូដែល Hongqi EHS7 បំពាក់កញ្ចប់អាគុយ 111kWh វិញអាចបើកបានចម្ងាយផ្លូវ 730គ.ម នៅពេលសាកភ្លើងពេញម្តងសម្រាប់ម៉ូដែលប្រើម៉ូទ័រមួយ និងបាន 680គ.ម សម្រាប់ម៉ូដែលប្រើម៉ូទ័រពីរ ហើយក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកមួយពេញម្តងចាយពេលប្រមាណ 20 នាទីដូចម៉ូដែលប្រើកញ្ចប់អាគុយ 85kWh។
Article image
Hongqi EHS7 ដែលប្រើម៉ូទ័រអេឡិចត្រូនិចមួយ ឬ Single-motor ទាំងអស់គឺមានកំលាំង 253kW និងកំលាំតរមូល 450Nm ដែលបំពាក់នូវផ្នែកលើភ្លៅខាងក្រោយ។ ចំនែកម៉ូដែលប្រើម៉ូទ័រពីរ ឬ Dual-motors បានបន្ថែមនូវម៉ូទ័រខាងមុខកំលាំង 202kW និងមានកំលាំងរមូល 306Nm។ សម្រាប់ Hongqi EHS7 បំពាក់ម៉ូទ័រអគ្គិសនីពីរអាចជាន់សន្ទុះពី 0 ទៅ 100km/h ប្រើពេលប្រមាណ 3.9 វិនាទី។ រីម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់ថ្មទំហំ 75kW អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 6.5 វិនាទី និងម៉ូដែលប្រើកញ្ចប់ថ្ម 85kW ជាន់ស្ទុះពី 0 ទៅ 100km/h ចាយពេលខ្ទង់ 6.3 វិនាទី។ Hongqi EHS7 ឬ Tiangong 08 នឹងហោះទៅបង្ហាញខ្លួននៅទីផ្សារអឺរ៉ុបនៅក្នុងព្រឹត្តិការណ៍ Paris Auto Show 2025 ឆាប់ៗខាងមុខនេះ៕