
Honor កំពុងតែផ្តោតលើស្មាតហ្វូនបត់បានថ្មី Wide Foldable ខណៈ Apple និង Samsung ធ្វើដំណើរទៅមុនហើយ
វត្តមានរបស់ Huawei Pura X Max ត្រូវបានគេមើលឃើញថា គឺជាម៉ូដែលថ្មី ដែលបានផ្តើមទៅលើនិន្នាការថ្មីនៅក្នុងឧស្សាហកម្មស្មាតហ្វូនបត់បានប្រភេទ Wide Foldable ហើយបន្ទាប់មកក្រុមហ៊ុន Apple និង Samsung ក៏ចាប់ផ្តើមមានការចាប់អារម្មណ៍ខ្លាំងទៅលើស្មាតហ្វូនប្រភេទនេះផងដែរ។ នៅពេលនេះ យោងតាមការបញ្ជាក់ជាថ្មីចេញឧស្សាហកម្មនេះ បានបង្ហើបថា ក្រុមហ៊ុន Honor ក៏បានចាប់ផ្តើមផ្តោតការចាប់អារម្មណ៍របស់ខ្លួនទៅលើស្មាតហ្វូននេះផងដែរ។ ឆាប់ៗនេះ ក្រុមហ៊ុន Honor អាចនឹងចូលរួមប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនបត់បាននេះ។
សូមជំរាបថា ស្មាតហ្វូនបត់បានទម្រង់ Wide-Screen Foldable នេះ ត្រូវបានប្រើប្រាស់កាលពីឆ្នាំមុននេះ នៅលើស្មាត ហ្វូនHuawei Pura X។ ស្មាតហ្វូនថ្មីនេះ មានការឌីស្សាញរូបរាងប្រណិត ហើយនៅពេលដែលបើកអេក្រង់ស្មាតហ្វូននេះ មានទម្រង់ដូចទៅនឹងថេប្លេតដ៏ល្អឥតខ្ចោះ។ គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីស្មាតហ្វូន iPhone Fold របស់ក្រុមហ៊ុន Apple ហើយមានការបែកធ្លាយរូបភាពមួយចំនួននៅលើអ៊ីនធឺណិតផងដែរ។
ពាក្យចចាមអារ៉ាមថ្មីនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានទម្រង់អេក្រង់ wide-screen ដូចទៅនឹងស្មាតហ្វូន Pura X អញ្ចឹង។ តាមការគ្រោងទុក ក្រុមហ៊ុន Huawei អាចនឹងបង្ហាញស្មាតហ្វូន Pura X Max ថ្មីមួយទៀតនៅក្នុងឆ្នាំ 2026 នេះ។ ដូច្នេះ ដើម្បីប្រជែងនៅលើទីផ្សារ ក្រុមហ៊ុន Honor នៅពេលនេះ ក៏ធ្វើតេស្តទៅលើស្មាតហ្វូនដែលបំពាក់នូវបន្ទះឈីប 2nm Snapdragon 8 Elite Gen 6 series ផងដែរ។

ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Honor ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំក្រោយនេះ។ ក្រុមហ៊ុន Honor អាចនឹងប្រើប្រាស់នូវអេក្រង់ខាងក្នុងទំហំ 7.6-អ៊ីង និងអេក្រង់ខាងក្រៅទំហំ 5.5 អ៊ីង Cover Display។ ស្មាតហ្វូននេះមានទម្ងន់ 200g និងកាមេរ៉ាក្រោយទំហំ 200MP៕
