
ក្រុមហ៊ុន Honor ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 និង Magic 8 Pro ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 នៅក្នុងខែតុលាខាងមុខនេះហើយ។ ដូចគ្នាទៅនឹងស្មាតហ្វូន Flagships ជាច្រើនទៀតអញ្ចឹងដែរ ដោយស្មាតហ្វូនជំនាន់ថ្មី Magic 8 នេះ នឹងមានសមត្ថភាពកាមេរ៉ាកាន់តែខ្លាំងក្លាជាងជំនាន់មុនៗ។ យោងតាមបញ្ជាក់ថ្មីមួយបានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងធ្វើការនៅលើស្មាតហ្វូន Flagship ម៉ូដែល Ultra ដែលបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP។
បើតាមការបញ្ជាក់របស់អ្នកទម្លាយ Fixed Focus Digital បានអោយដឹងថា ក្រុមហ៊ុន Honor បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនថ្មីដែលបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP នៅមុនគេនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ ខណៈពេលដែលស្មាតហ្វូន មិនទាន់បញ្ជាក់ឈ្មោះផ្លូវការនោះ មានការព្យាករណ៌ថា ស្មាតហ្វូន Honor Magic 8 Ultra ដែលនឹងចេញនៅឆ្នាំនេះ អាចនឹងប្រជែងគ្នាជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Flagship “Ultra” ជាច្រើនទៀតដូចជា Galaxy S26 Ultra, Xiaomi 16 Ultra, Vivo X300 Ultra និង OPPO Find X9 Ultra។

ផ្អែកទៅលើនិន្នាការឧស្សាហកម្មក្នុងពេលបច្ចុប្បន្ននេះ មានការបង្ហើបថា កាមេរ៉ាភ្លោះទំហំ 200MP របស់ក្រុមហ៊ុន Honor នេះនឹងមាននៅលើកាមេរ៉ាគោល និងនៅលើឡែន Periscope Telephoto។ សូមជំរាបថា ស្មាតហ្វូនលំដាប់ថ្នាក់ Flagships ជាច្រើនទៀតដូចជា Honor Magic7 RSR Porsche Edition, vivo X200 Ultra និង Xiaomi 15 Ultra គឺមានបំពាក់នូវកាមេរ៉ាមួយគ្រាប់ទំហំ 200MP Periscope Telephoto ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភាពនៅកន្លែងដែលមានពន្លឺទាប។

សូមជំរាបថាថ្មីៗនេះ លោក Luo Wei ដែលជាប្រធានផ្នែកវិស្វកម្មកាមេរ៉ារបស់ក្រុមហ៊ុន Honor ក៏បាននិយាយអំពីសេនស័រ 1-អ៊ីង ឬ Dual-lens-per-sensor ដែលក្រុមហ៊ុន Honor នឹងប្រើប្រាស់ផងដែរ។ ក្រុមហ៊ុន Honor បានពង្រឹងទៅលើផ្នែក Hardware ដោយផ្តោតទៅលើសមត្ថភាព AI ក្នុងការបង្កើនទៅលើសមត្ថភាពនៃកាមេរ៉ារបស់ស្មាតហ្វូននេះ។ លោក Luo បានជឿជាក់ថា នៅក្នុងពេល 3 ឆ្នាំនេះ គូប្រជែងនឹងមិនទាន់អាចដើរតាមទាន់ក្រុមហ៊ុន Honor នោះទេ៕
