
Honor ត្រៀមចេញ Flagship អេក្រង់តូច 6.36 អ៊ីង ជាមួយថាមពលថ្មទំហំ 8,000mAh
ក្រុមហ៊ុន Honor បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូន Flagship ជំនាន់ថ្មីមានរូបរាងតូចថ្មីមួយទៀត ដែលមានសមត្ថភាពមិនធម្មតានោះទេ។ យោងតាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានតេស្តទៅលើស្មាតហ្វូនដែលមានអេក្រង់ទំហំ 6.36 អ៊ីងជាមួយថាមពលថ្មធំក្នុងការប្រើប្រាស់ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.36 អ៊ីង ប៉ុន្តែមានថាមពលថ្មធំដល់ទៅ 8,000mAh។ ប្រសិនបើនេះគឺជាការពិតនោះ វាពិតជាការបោះជំហានដ៏ធំពីស្មាតហ្វូនជំនាន់មុនដែលបង្ហាញខ្លួនកាលពីឆ្នាំមុន។

បើមើលទៅលើស្មាតហ្វូនដែលបង្ហាញខ្លួននៅឆ្នាំ 2025 ដូចជាស្មាតហ្វូនជំនាន់ថ្មី vivo X300, Xiaomi 17 Pro និង OnePlus 13T មានថាមពលថ្មចន្លោះពី 6,000mAh និង 6,300mAh។ បើតាមពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 15T ដែលរំពឹងថា នឹងមានថាមពលថ្មទំហំ 7,500mAh ក៏នៅតែមានទំហំថាមពលថ្មតូចជាងស្មាតហ្វូននេះផងដែរ។ ការប្រើប្រាស់ថាមពលថ្មធំនេះ ក៏មានការពង្រឹងពីបច្ចេកវិទ្យាថ្មី Silicon-Carbon ដែលក្រុមហ៊ុនHonor សម្រេចបានកាលពីប៉ុន្មានឆ្នាំមុននេះផងដែរ។
សូមជំរាបថា ក្រុមហ៊ុន Honor ក៏ធ្លាប់បំពាក់នូវថាមពលថ្មទំហំដល់ទៅ 10,000mAh នៅលើស្មាតហ្វូន Honor Win ដែលមានអេក្រង់ទំហំ 6.83 អ៊ីង។ ស្មាតហ្វូននេះ ក៏ត្រូវបានតេស្តទៅលើ Wi-Fi web browsing រយៈពេលច្រើនជាង 32 ម៉ោងផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់នូវ Wireless Charging, Ultrasonic Fingerprint Sensor និងកាមេរ៉ា Periscope Telephoto សម្រាប់ពង្រឹងទៅលើសមត្ថភាពនៃការ Zoom កាន់តែអស្ចារ្យ។

គួរបញ្ជាក់ថា នៅក្នុងពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីបន្ទះឈីប កម្រិត refresh rate នៃអេក្រង់ ល្បឿននៃការសាកថ្ម ឬពេលវេលានៃការសម្ភោធន៍ស្មាតហ្វូននេះនៅឡើយទេ។ ក្រោយពេលដែលក្រុមហ៊ុននេះ បានបញ្ចេញស្មាតហ្វូន Honor Magic V6 នៅក្នុងប្រទេសចិនរួចរាល់ ក្រុមហ៊ុននេះ ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូន Flagship ជាច្រើនដែលមានទំហំតូច និងថាមពលថ្មប្រើប្រាស់បានយូរ៕

