ស្វែងរកពួកយើង:

Honor 200 Lite បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ TRDA អារ៉ាប់រួម អាចនឹងប្រកាសជាផ្លូវការឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

24 មីនា 2024 10:46 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូន Honor កំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនជាច្រើនម៉ូដែល។ នៅក្នុងចំណោមស្មាតហ្វូនជាច្រើននោះ មានស្មាតហ្វូនស៊េរីថ្មីមួយ មានឈ្មោះហៅថា Honor 200 Lite បានទទួលបាននូវវិញ្ញាបនបត្រចេញពីស្ថាប័ន TRDA (Telecommunications and Digital Regulatory Authority) នៅក្នុងប្រទេសអារ៉ាប់រួមហើយ ជាមួយនិងលេខកូដ LLY-NX1។
នៅក្នុងបញ្ជីនេះ គឺមានការទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Honor នេះគឺមានឈ្មោះហៅថា “Honor 200 Series” ហើយក៏មានពាក្យថា “Lite” ផងដែរសម្រាប់ស៊េរីនេះ។ សូមជំរាបថា ស្មាតហ្វូន Honor 100 series ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែវិច្ឆិកាឆ្នាំ 2023 កន្លងទៅនេះ គឺមានម៉ូដែល Standard និងប្រភេទ Pro។ សម្រាប់ស្មាតហ្វូន Honor 200 Lite នេះ គឺជាម៉ូដែលថ្មី និងដំបូងគេនៅក្នុងស៊េរីមួយនេះ។ ក្រៅពីឈ្មោះខាងលើនេះ នៅលើវិញ្ញាបនបត្រ TRDA គឺមិនមានការទម្លាយនូវលក្ខណៈសម្បត្តិអ្វីបន្ថែមទៀតរបស់ស្មាតហ្វូននេះទេ។
Article image
បើមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor 100 series ដែលមានម៉ូដែល Honor 100 និង 100 Pro នេះគឺមានអេក្រង់គែមកោង OLED ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺទៅលើការឌីស្សាញនៃកាមេរ៉ាខាងមុខរបស់វា។ សម្រាប់ស្មាតហ្វូន Honor 100 គឺមានការបំពាក់នូវកាមេរ៉ាខាងមុខ 1 គ្រាប់ ខណៈដែលស្មាតហ្វូន Pro មានកាមេរ៉ាភ្លោះ pill-shaped dual-lens ។ ស្មាតហ្វូន Honor 100 មានអេក្រង់ទំហំ 6.7-អ៊ីង និង Honor 100 Pro មានអេក្រង់ទំហំ  6.78-អ៊ីង OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ល្បឿន 120Hz refresh និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។
បន្ថែមពីនេះ ស្មាតហ្វូន Honor 100 នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 3 ខណៈពេលដែលស្មាតហ្វូន Honor 100 Pro គឺប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8 Gen 2។ ស្មាតហ្វូនទាំងពីរនេះមានបំពាក់នូវ  50MP គាំទ្រនូវ មុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12MP ultrawide lens។ ស្មាតហ្វូនម៉ូដែល  Pro នៅមានគ្រាប់ទីបីមួយគ្រាប់ទៀតមានកាមេរ៉ាទំហំ 32MP telephoto សម្រាប់ optical zoom ។
Article image
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនទាំងពីរនេះ ក៏នូវមានថាមពលថ្មទំហំ 5,000mAh ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W fast charging ខណៈពេលដែលស្មាតហ្វូនម៉ូឌែល Pro គឺទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 66W wireless charging ។សម្រាប់មុខងារជាច្រើនទៀតនៅលើស្មាតហ្វូននេះមានដូចជា Wi-Fi 6E, Bluetooth 5.3 និងជាច្រើនទៀត៕