
នៅថ្ងៃទី 27 ខែឧសភាខាងមុខនេះ ក្រុមហ៊ុន Honor បានប្រកាសថា ខ្លួននឹងមានការបង្ហាញចេញនូវស្មាតហ្វូន Honor 200 Series នៅក្នុងប្រទេសចិនហើយ។ បើតាមការទម្លាយកន្លងមក បានអោយដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ នឹងមានប្រកាសចេញនូវស្មាតហ្វូនចំនួន 2 ម៉ូដែល រួមមានដូចជា ម៉ូដែល Honor 200 និងម៉ូដែល Honor 200 Pro។ យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបន្តថា ក្រុមហ៊ុន Honor នឹងមានប្រកាសអំពីកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន Honor 200 series នេះ នៅលើទីផ្សារសកលផងដែរ។
នៅក្នុងការប្រកាសមួយដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ VivaTech នៅអ៊ឺរ៉ុបនោះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ មានគម្រោងក្នុងការរៀបចំនូវព្រឹត្តិការណ៍សម្ពោធមួយនៅថ្ងៃទី 12 ខែមិថុនានេះ ដោយក្នុងនោះ ក៏មានការប្រកាសចេញនូវវត្តមានស្មាតហ្វូន Honor 200 ផងដែរ។ ក្រុមហ៊ុននេះ បានបញ្ជាក់បន្ថែមថា ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវស្ថាបត្យកម្ម 4-layer AIរបស់ក្រុមហ៊ុន Honor ដែលអភិវឌ្ឍជាមួយនឹង Google Cloud ។

ស្មាតហ្វូនHonor 200 ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 3 ខណៈពេលដែលស្មាតហ្វូន Honor 200 Pro នេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3។ សម្រាប់ស្មាតហ្វូនម៉ូដែល Pro គឺមានអេក្រង់កម្រិត 1.5K display កាមេរ៉ាគោលទំហំ 50MP ហើយនិងមួយគ្រាប់ទៀតមានកាមេរ៉ាទំហំ 32MP telephoto lens គាំទ្រជាមួយនឹង ការហ៊្សូមបាន 2.5x optical ហើយនិងមុខងារហ៊្សូម 50x digital zoom ថែមទៀតផង។

នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការបំពាក់នូវថាមពលថ្មទំហំ 5,200mAh ដែលមានការគាំទ្រនូវបច្ចេកវិទ្យាសាកថ្មលឿន កម្លាំងសាក 100W fast charging។ ស្មាតហ្វូនទាំងពីរនេះ នឹងមានច្រើនពណ៌ក្នុងការជ្រើសរើស។ សម្រាប់ម៉ូដែល Pro គឺមានពណ៌បៃតង ស ផ្កាឈូក និងខ្មៅ ខណៈដែលម៉ូដែលម៉ូដែលស្តង់ដារ មានពណ៌ខៀវ ស ផ្កាឈូក និងខ្មៅ៕

