
កាលពីខែមុននេះ ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Honor 300 series នៅលើទីផ្សារប្រទេសចិន ខណៈដែលនៅលើបញ្ជី 3C នៅក្នុងប្រទេសនេះ ក៏មានការបង្ហាញពីព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះដូចគ្នា។ នៅថ្ងៃនេះ បើតាមការបញ្ជាក់ពីស្ថាប័ន MIIT គឺមានការបញ្ចេញនូវព័ត៌មានថ្មីពីស្មាតហ្វូននេះថែមទៀតហើយ។ នៅលើបញ្ជីនេះ មានការបង្ហាញថា ក្នុងចំណោមស្មាតហ្វូនទាំងនេះ នឹងមានមួយម៉ូដែល នឹងមានការបំពាក់នូវប្រព័ន្ធផ្កាយរណប Satellite Connectivity។ ព័ត៌មានស្មាតហ្វូន Honor 300ថ្មីនេះ ក៏មានការទម្លាយចេញពី Digital Chat Station ផងដែរ។
ដូចអ្វីដែលគ្រប់គ្នាបានឃើញអញ្ចឹង! ស្មាតហ្វូន Honor 300 series នឹងមានលេខម៉ូដែលច្រើន ក្នុងនោះមានដូចជា AMP-AN00, AMP-AN10, AMG-AN00 និង AMM-AN10 នេះបើតាមការបង្ហាញនៅលើ CMIIT។ ក្នុងចំណោមលេខម៉ូដែលខាងលើនេះ គឺមានលេខម៉ូដែល AMM-AN10 ត្រូវបានគេបញ្ជាក់ថា នឹងមានភ្ជាប់ជាមួយនិងប្រព័ន្ធផ្ញើរសារ messaging តាមរយៈសេវាកម្ម Beiduo satellite connectivity ដែលជាមុខងារថ្មីមួយ ជួយអោយអ្នកប្រើប្រាស់អាចធ្វើការផ្ញើរបានបើទោះបីជាគ្មានសេវាទូរស័ព្ទក៏ដោយ។ មានការព្យាករណ៌ថា ស្មាតហ្វូននេះ គឺជា Honor 300 Pro+ ដែលជាម៉ូដែលមានសមត្ថភាពខ្ពស់ជាងគេនៅក្នុងចំណោមស្មាតហ្វូនទាំងនេះ។

ជាមួយគ្នានេះបើតាមការបង្ហោះថ្មីមួយនៅលើ Weibo ដោយអ្នកទម្លាយ Digital Chat Station បាមបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Honor 300 series នឹងមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ ultrasonic under-display fingerprint sensor ថែមទៀតផង។ អ្វីដែលគួរអោយស្តាយនោះ គឺអ្នកទម្លាយរូបនេះ មិនមានការបង្ហាញពីព័ត៌មានជាច្រើនទៀរបស់ស្មាតហ្វូននេះនៅឡើយ។

សូមជំរាបថា របាយការណ៌មុននេះ គឺធ្លាប់បានបង្ហាញថា ស្មាតហ្វូន Honor 300 នឹងមានការបំពាក់នូវអេក្រង់រាបស្មើរប្រភទកញ្ចក់ OLED panel ខណៈដែលម៉ូដែល 300 Pro និង 300 Pro+ ប្រហែលជាប្រើប្រាស់នូវអេក្រង់ប្រភេទ OLED panel ដែលមានការគាំទ្រនូវគែមទាំង 4 កោង។ អេក្រង់ស្មាតហ្វូនទាំងនេះ នឹងមានការបំពាក់នូវនូវកម្រិតនៃការបង្ហាញចេញបាន 1.5K និងមានល្បឿន 120Hz refresh rate ដូចៗគ្នា។ ជាមួយគ្នានេះ ក៏មានបង្ហាញថា ស្មាតហ្វូនទាំង 3 នេះ នឹងការទ្រទ្រង់នូវកម្លាំងសាក 100W wired charging ខណៈដែលម៉ូដែល Pro នឹងមានបន្ថែមនូវមុខងារសាក wireless charging support។
