
ក្រុមហ៊ុន Honor បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Honor 400 និង 400 Pro ជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុនដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង។ ដោយក្នុងនោះ Honor 400 ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់ទំហំ 6.55-inch ជាប្រភេទបន្ទះអេក្រង់ Flat-OLED Display ល្បឿន 120Hz ជាមួយកម្រិតពន្លឺ peak HDR brightness 5,000nits ហើយនិងប្រព័ន្ធការពារពន្លឺកម្រិត 3840Hz PWM dimming និងគាំទ្រកម្រិតបង្ហាញចេញបានដល់ 1264×2736px។ រីឯម៉ូដែល Honor 400 Pro វិញ បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់កោង Quad-Curved-OLED Display ទំហំ 6.7-inch ល្បឿន 120Hz គាំទ្រកម្រិតបង្ហាញ 2800×1280px និងមានកម្រិតពន្លឺ 5,000nits។
សម្រាប់កំលាំងម៉ាស៊ីនវិញ Honor 400 ត្រូវបានក្រុមហ៊ុនដាក់ឲ្យប្រតិបត្តិការនៅលើបន្ទះឈីប Qualcomm Snapdragon 7 Gen 3 ភ្ជាប់ដោយរ៉េមទំហំ 12GB ស្រាប់ និងមានម៉េមូរីធំបំផុតដល់ 512GB។ ហើយសម្រាប់ម៉ូដែល Honor 400 Pro វិញ ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ភ្ជាប់ជាមួយរ៉េមទំហំ 12GB និងមានម៉េមូរីធំបំផុតដល់ 512GB ដូចគ្នា។

ស្មាតហ្វូនប្អូន Honor ថ្មីទាំងពីរនេះ គាំទ្រដំណើរការមុខងារប្រើប្រាស់ទូទៅបានយ៉ាងរលូនដូចជា មុខងារសម្រាប់ការលេងហ្គេម ដំណើរការកម្មវិធីច្រើន Multitasking និងកម្មវិធី AI operations ជាដើម។ Honor 400 និង 400 Pro គាំទ្រការដំឡើងជាមួយ MagicOS9.0 គាំទ្រដោយ Android 15 ចេញពីប្រអប់ ហើយអាចធ្វើបច្ចុប្បន្នភាពប្រតិបត្តិការ និងប្រព័ន្ធសុវត្ថិភាពបានរហូតដល់ 6 ឆ្នាំ ឬ 6 ជំនាន់ថែមទៀតផង។

ជាមួយ MagicOS9.0 ត្រូវបានក្រុមហ៊ុនធ្វើការដាក់បញ្ចូលមកនូវមុខងារប្រើប្រាស់ឆ្លាតវៃ AI ដ៏សម្បូរបែប ដែលរួមមាន AI Summary, AI Subtitles, Magic Portal, Deepfake Detection និងមុខងារ AI ជាច្រើនផ្សេងទៀត។ បន្ថែមពីនេះ ក៏មានការគាំទ្រជាមួយមុខងារជំនួយការឆ្លាតវៃ Gemini ពីក្រុមហ៊ុន Google ផងដែរ។ ចំពោះផ្នែកប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូវិញ Honor 400 និង 400 Pro ត្រូវបានក្រុមហ៊ុនធ្វើការដំឡើងមកជាមួយសែនស័រកាមេរ៉ាកម្រិត Flagship តែម្តងជាមួយទំហំធំដល់ 200MP ខ្នាត 1/1.4-inch មាន aperture 1.9 ព្រមទាំងគាំទ្រមុខងារទប់លំនឹង OIS និង EIS ទៀតផង។ សម្រាប់សែនស័រកាមេរ៉ាទីពីរជាប្រភេទ Ultrawide ទំហំ 12MP អាចថតប្លង់ទូលាយបានកម្រិត 112 ដឺក្រេ ហើយក៏អាចប្រើជាកាមេរ៉ា macro សម្រាប់ថតរូបភាពល្អិតផងដែរ។
ដោយឡែកនៅលើម៉ូដែល Honor 400 Pro បានបន្ថែមនូវលែនកាមេរ៉ាមួយគ្រាប់ទៀតជាប្រភេទ telephoto ទំហំ 50MP ជា Sony IMX856 មានសមត្ថភាពអាច Optical-zoom បាន 3x។ រីឯកាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 50MP ដូចគ្នា និងអាចផលិតសាច់វីដេអូបានដល់ 4K។ ប្រព័ន្ធកាមេរ៉ាស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ ក៏មានភ្ជាប់មកជាមួយមុខងារ AI សម្រាប់ជំនួយក្នុងការប្រើប្រាស់ផងដែរមានដូចជា AI Eraser, AI Outpainting, AI Remove Reflection, និង image-to-video generation ដោយប្រើនូវប្រព័ន្ធ Cloud’s Veo model របស់ Google។

Honor 400 និង 400 Pro មានថ្មទំហំ 5,300mAh ជាប្រភេទថ្ម silicon-carbon ដូចគ្នា គ្រាន់តែម៉ូដែលប្អូន 400 គាំទ្រកម្លាំងសាកភ្លើងល្បឿនលឿន 66W ដែលសាកពី 0 ទៅ 44% ប្រើពេលខ្ទង់ 15 នាទី ខណៈដែលម៉ូដែលបង 400 Pro គាំទ្រល្បឿនសាកភ្លើងលឿនដល់ 100W និងអាចសាកភ្លើងតាមរយះ wireless charging ក្នុងកំលាំង 50W។
តាមការអះអាងពី Honor បានឲ្យដឹងថា ថ្មរបស់ 400 និង 400 Pro មានអាយុកាលនៃវដ្តសាកភ្លើង 1,200 ដង នៅរក្សាថាមពលថ្មប្រមាណ 80% សម្រាប់រយះពេលរហូតដល់ទៅ 4 ឆ្នាំទៀត។ Honor 400 មានកម្រាស់ស្តើងត្រឹម 7.3mm និងទំងន់ 184 ក្រាម ហើយនឹងមានប្រព័ន្ធការពារទឹក និងធូលីកម្រិត IP65។ ស្មាតហ្វូននេះ មានប្រព័ន្ធបំពងសំឡេង Stereo Speaker, មុខងារស្កែនម្រាមដៃលើអេក្រង់, NFC និង Bluetooth 5.3។ សម្រាប់ម៉ូដែល Honor 400 Pro វិញមានកម្រាស់ 8.1mm ជាមួយទំងន់ 205 ក្រាម និងមានប្រព័ន្ធការពារទឹក និងធូលីកម្រិត IP68/IP69 និងបច្ចេកវិទ្យា Wi-Fi7 ជាដើម។

ចំពោះតម្លៃវិញ Honor 400 មានតម្លៃចាប់ពីខ្ទង់ប្រហែល $538.87 សម្រាប់ម៉ូដែលរ៉េម 12GB+ ម៉េមូរី 256GB និង $604.89 សម្រាប់ម៉ូដែល 512GB។ ចំនែកម៉ូដែល Honor 400 Pro មានតម្លៃខ្ទង់ $943សម្រាប់ម៉ូដែលរ៉េម 12GB+ ម៉េមូរី 512GB
