
ក្រុមហ៊ុន Honor ត្រូវគេរាយការណ៍ថា កំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មី Honor 400 series នៅក្នុងប្រទេសចិនហើយខណៈដែលរបាយការណ៍នាពេលថ្មីៗនេះក៏បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor 400 និង 400 Pro សម្រាប់ទីផ្សារសកលផងដែរ។ នៅមិនទាន់ទម្លាយថា សម្រាប់ម៉ូឌែលនៅក្នុងប្រទេសចិន និងទីផ្សារសកលនឹងមានលក្ខណៈសម្បត្តិដូចគ្នាឬយ៉ាងណានោះ។ នៅក្នុងរបាយការណ៍ថ្មីមួយក៏បានទម្លាយថា ស្មាតហ្វូន Honor 400 និង 400 Pro ក៏ទទួលបាននូវការអនុម័តចេញពី Radio Certification Platform របស់ចិនដែលបង្ហាញថា ស្មាតហ្វូនទាំងពីរនេះនឹងនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ។
ដូចអ្វីដែលបានឃើញនោះ ស្មាតហ្វូន Honor ទាំងពីរនេះគឺមានលេខកូដ DNN-AN00 និងDNP-AN00 ដែលទទួលបានវិញ្ញាបនបត្រ Radio Certification ពីអាជ្ញាធរ CMIIT នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះគឺជាម៉ូឌែល Honor 400 និង 400 Pro ។ អ្នកទម្លាយ Digital Chat Station បានទម្លាយកាលពីពេលមុននេះថា ស្មាតហ្វូន Honor 400 នឹងមានអេក្រង់ទំហំ 6.55-inch OLED panel ជាមួយនឹងកម្រិតភាពច្បាស់ 1.5K និងបន្ទះឈីប Snapdragon 7 Gen 4 (SM7550) ។ សម្រាប់ស្មាតហ្វូន Honor 400 Pro នេះនឹងមានអេក្រង់ទំហំ 6.69-inch OLED panel ដែលមានកម្រិតភាពច្បាស់ 1.5K និងបន្ទះឈីប Snapdragon 8 Gen 3 chipset ។ ស្មាតហ្វូន Honor 400 នេះនឹងមានម៉ូឌែល Honor 400 Ultra ផងដែរ។
យោងតាមរបាយការណ៍ជាច្រើន នាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូន 400 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 3 ហើយស្មាតហ្វូន Pro ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 សម្រាប់ទីផ្សារសកល។ ស្មាតហ្វូនម៉ូដែលស្តង់ដារ នឹងមានកាមេរ៉ាទំហំ 200-Megapixel គាំទ្រជាមួយនឹងមុខងារ OIS និងទីពីរមានទំហំ 12-Megapixel ultra-wide lens និងកាមេរ៉ាខាងមុខទំហំ 50-Megapixel។ ស្មាតហ្វូន 400 Pro នឹងមានកាមេរ៉ាដូចទៅនឹងស្មាតហ្វូន Standard ផងដែរ ដែលមានកាមេរ៉ា 50-Megapixel telephoto។

ស្មាតហ្វូន Honor 400 និង 400 Pro នឹងមានថាមពលថ្មទំហំ 5,300mAh ខណៈដែលស្មាតហ្វូនម៉ូដែលស្តង់ដារ នឹងមានបច្ចេកវិទ្យាសាកថ្មកម្លាំង 66W charging និងម៉ូដែល Pro មានបច្ចេកវិទ្យាសាកកម្លាំង 100W charging។ នៅក្នុងទីផ្សារអ៊ឺរ៉ុបស្មាតហ្វូន Honor 400 អាចនឹងមានតម្លៃប្រហែលជា 468 យូរ៉ូ៕
