
ស្មាតហ្វូនស៊េរីថ្មី Honor 500 Pro ត្រូវបានគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅចុងខែនេះ ជាមួយនឹងការបំពាក់នូវថាមពលថ្មដែលមានដល់ទៅ 8000mAh។ ខណៈដែលលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូនថ្មីនេះ ដែលមានដូចជាការឌីស្សាញ អេក្រង់ កាមេរ៉ា និងបន្ទះឈីប មានការបែកធ្លាយនៅលើអ៊ីនធឺណិតរួចហើយ។ បើតាមអ្នកទម្លាយ DigitalChatStation ថ្មីៗនេះ ក៏ទើបតែចែករំលែកនូវលក្ខណៈសម្បត្តិរបស់ Honor 500 Pro ផងដែរ ដោយពេលនេះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបង្កើនទៅលើទំហំថាមពលថ្មធំជាងមុន។
អ្នកទម្លាយរូបនេះបានបញ្ជាក់ទៀតថា ស្មាតហ្វូនជំនាន់ថ្មី Honor 500 Pro នេះ គឺនឹងមានអេក្រង់ទំហំ 6.5 អ៊ីង ភ្ជាប់ជាមួយនឹងគែមធ្វើពីលោហ ដែលធ្វើអោយស្មាតហ្វូននេះ មានរូបរាងស្លីម មានកម្រ៉ាស់ស្តើងជាងមុនផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះក៏នឹងមានការបំពាក់នូវសិនស័រស្កែនម្រាមដៃ ultrasonic fingerprint sensor សម្រាប់ការពារសុវត្ថិភាពបន្ថែមទៅលើស្មាតហ្វូននេះផងដែរ។ ទាក់ទងនឹងកម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដែលមានសមត្ថភាពខ្លាំងក្លាបំផុត។

ស្មាតហ្វូនជំនាន់ថ្មី Honor 500 Pro ថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP អមដំណើរជាមួយនឹងឡែន ultrawide-angle ហើយនិងឡែន periscope។ ស្មាតហ្វូន Honor 500 Pro ថ្មីនេះ ត្រូវបានគេនិយាយថា អាចនឹងមានថាមពលថ្មទំហំធំដល់ទៅ 8000mAh ខណៈពេលដែលការបែកធ្លាយមុននេះ មានការទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មត្រឹមតែ 7000mAh ប៉ុណ្ណោះ។
បើមើលទៅលើស្មាតហ្វូន Honor 400 Pro គឺមានថាមពលថ្មទំហំត្រឹមតែ 6000mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 100W wired និង 50W wireless charging។ សម្រាប់ការសាកថ្ម 15 នាទីនៅលើស្មាតហ្វូនថ្មីនេះ គឺបានដល់ទៅ 51% និងសាកថ្មពេញត្រឹមតែ 39 នាទី។ ស្មាតហ្វូន Honor 500 Pro នឹងមានការទម្លាយព័ត៌មានបន្ថែមទៀតនាពេលខាងមុខឆាប់ៗនេះ៕
