
DxOMark គឺជាស្ថាប័នឈានមុខគេនៅលើពិភពលោកដែលមានជំនាញក្នុងការធ្វើតេស្តគុណភាពកាមេរ៉ារបស់ស្មាតហ្វូន។ ហើយនៅពេលនេះស្ថាប័នមួយនេះបានធ្វើការផ្តល់នូវពានរង្វាន់ដល់ស្មាតហ្វូនជំនាន់ថ្មីរបស់ Honor គឺ Magic 6 Pro ជាស្មាតហ្វូនដែលមានកាមេរ៉ាល្អដាច់គេក្នុងលោកនាពេលបច្ចុប្បន្ន។ ដោយកំពូលស្មាតហ្វូនជំនាន់ថ្មីនេះទទួលបានពិន្ទុកាមេរ៉ាសរុបដល់ទៅ 158 ដែលមានយកឈ្នះកាមេរ៉ារបស់ Samsung Galaxy S24 Ultra, Huawei Mate 60 Pro+, iPhone 15 Pro Max និងស្មាតហ្វូនកំពូលៗដទៃទៀត លើកលែងតែកំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra ដែលមិនទាន់បានធ្វើតេស្តនៅឡើយ។
DxOMark បានបង្ហាញថា ប្រព័ន្ធកាមេរ៉ារបស់ Honor Magic 6 Pro មានសមត្ថភាពខ្ពស់ក្នុងផលិតកម្រិតទឹកពណ៌ vivid និង Natural Color ទាំងការថតរូប និងវីដេអូ។ បន្ថែមពីនេះទៅលើសមត្ថភាពក្នុងការប្រើប្រាស់មុខងារ Zoom lens កាមេរ៉ារបស់ Magic 6 Pro ក៏ធ្វើបានល្អខ្លាំងផងដែរ ដោយរក្សាគុណភាពនៃភាពម៉ដ្ឋរបស់រូបភាពបានយ៉ាងល្អបំផុតដោយមិនឲ្យបាត់គុណភាពរូបភាពឡើយ។ ហើយចំពោះមុខងារ Autofocus ទៀតសោទ គឺធ្វើការបានលឿនរហ័ស និងចាប់បានត្រឹមត្រូវជាក់លាក់បំផុត។ ហើយការផលិតនូវកម្រិត Wide Dynamic range ក៏ធ្វើការបានយ៉ាងល្អជាមួយនឹងការរក្សាកម្រិតតុល្យភាពពន្លឺបានយ៉ាងច្បាស់ល្អស្រទន់ ទោះបីជាស្ថិតនៅក្នុងទីតាំងដែលមានពន្លឺខ្លាំងក៏ដោយ។

ស្ថាប័ន DxOMark បានធ្វើការផ្តល់ពិន្ទុដល់ប្រព័ន្ធកាមេរ៉ា Honor Magic 6 Pro តាមលំដាប់លំដោយដូចជា ទៅលើសមត្ថភាពក្នុងផលិតរូបភាព និងគុណភាព Zoom ទទួលបាន 160 ពិន្ទុដូចគ្នា ហើយសម្រាប់គុណភាពក្នុងការផលិតវីដេអូទទួលបាន 150 ពិន្ទុ។ គុណភាពនៃកម្រិត Exposure ទទួលបាន 119 ពិន្ទុ, កម្រិតនៃការផលិតទឹកពណ៌ទទួលបាន 124 ពិន្ទុ, ល្បឿន Autofocus ទទួលបាន 121 ពិន្ទុ និងសមត្ថភាពផលិតរូបភាពព្រាលផ្ទៃខាងក្រោយទទួលបាន 85 ពិន្ទុ និងពិន្ទុទៅលើមុខងារផ្សេងៗមួយចំនួនទៀត ហើយពិន្ទុសរុបរបស់ប្រព័ន្ធកាមេរ៉ា Honor Magic 6 Pro គឺ 158 ពិន្ទុ។ សរុបមក Honor Magic 6 Pro គឺទទួលបានតំណែកជាកំពូលស្មាតហ្វូនល្អដាច់គេក្នុងលោកសម្រាប់ពេលបច្ចុប្បន្ន (The World’s Best Camera Smartphone)។

សូមបញ្ជាក់ថា Honor Magic 6 Pro គឺជាកំពូលស្មាតហ្វូនជំនាន់ថ្មីដែលបានបំពាក់នូវប្រព័ន្ធកាមេរ៉ាបីគ្រាប់ដោយក្នុងនោះកាមេរ៉ាគោលមានទំហំ 50MP ប្រើប្រាស់ប្រព័ន្ធ Variable Aperture (f/1.4-2.0) ជាមួយប្រព័ន្ធ Laser AF, PDAF និង OIS។ ចំនែកាមេរ៉ា Periscope telephoto វិញប្រើសែនស័រទំហំ 180MP (f/2.6) គាំទ្រមុខងារ OIS មានសមត្ថភាពអាចធ្វើការ Optical-zoom បាន 2.5x និងមានមុខងារ OIS ផងដែរ។ រីគ្រាប់ចុងក្រោយជា Ultrawide 122 ដឺក្រេទំហំ 50MP (f/2.0)។ ហើយប្រព័ន្ធកាមេរ៉ារបស់ Magic 6 Pro មានសមត្ថភាពអាចផលិតសាច់វីដេអូបានដល់កម្រិត 4K@60fps ជាមួយកម្រិតទឹកពណ៌ 10-bit។ ស្មាតហ្វូនកំពូលនេះ មានកាមេរ៉ាសែលហ្វីទំហំ 50MP (f/2.0) អមដោយសែនស័រ TOF 3D៕
